
ក្តីសង្ឃឹមនៃជីវិតដែលបានរស់ឡើងវិញ
ដោយAlistair Begg
September 10, 2026
«ឯមនុស្សដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដី ក៏យ៉ាងនោះដែរ ហើយព្រះអម្ចាស់ ដែលយាងមកពីស្ថានសួគ៌ ជាយ៉ាងណា ពួកស្ថានសួគ៌ក៏យ៉ាងនោះដែរ ។ យើងក៏នឹងមានរូបរាងរបស់ព្រះអម្ចាស់ពីស្ថានសួគ៌ ដូចជាយើងមានរូបរាងរបស់មនុស្ស ដែលធ្វើពីធូលីដីមកដែរ» ។ ១កូរិនថូស ១៥:៤៨-៤៩
ទោះយើងខំប្រើអំណាចនៃការស្រមៃរបស់យើង ឲ្យអស់ពីសមត្ថភាព ក៏យើងនៅតែមិនអាចយល់អំពីធាតុពិតនៃលោកិយក្នុងពេលបច្ចុប្បន្ន ក៏ដូចជានៅពេលអនាគត ។ តើអ្នកអាចស្រមៃអំពីពិភពលោកដែលមិនមានការបំផ្លិចបំផ្លាញ ដោយសារការរញ្ជួយដី ខ្យល់ព្យុះ និងខ្យល់កួចយក្សថូនេដូឬទេ? ឬអំពីពិភពលោកដែលមនុស្សខ្លាចពាក្យ ជំងឺមហារីក? ឬក៏អំពីរូបកាយដែលមិនមានភាពកម្សោយ មិនមានជំងឺឆ្លង មិនមានទុក្ខព្រួយ មិនមានសេចក្តីស្លាប់?
តាមពិត គ្មាននរណាអាចស្រមៃអំពីពិភពលោកនោះបានទេ ។ ប៉ុន្តែ យើងអាចស្រមៃអំពីទិដ្ឋភាពនៃជីវិតដែលរស់ឡើងវិញក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលយើងសង្ឃឹមថា នឹងកើតមាន ។ ក្នុងការមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រះយេស៊ូវបានក្លាយជាផលដំបូងនៃអស់អ្នកដែលជឿព្រះអង្គ ។ អ្វីដែលយើងឃើញមានក្នុងព្រះអង្គ គឺជាអ្វីដែលយើងនឹងក្លាយទៅជា នៅថ្ងៃណាមួយ ។
តាមសាច់ឈាមរបស់យើង យើងរាល់គ្នា «នៅក្នុងលោក អ័ដាម» ហើយបានតម្រូវឲ្យស្លាប់ តែអស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ ព្រះទ្រង់សន្យាថា នឹងមានក្តីសង្ឃឹមជាថ្មី (១កូរិនថូស ១៥:២២)។ ក្នុងការឈ្នះសេចក្តីស្លាប់ ព្រះគ្រីស្ទ «ជាលោក អ័ដាមចុងក្រោយ» (ខ.៤៥)បានរៀបចំផ្លូវឲ្យយើងធ្វើដំណើរឆ្ពោះទៅរកជីវិតដ៏ស្ថិតស្ថេរ ក្នុងនគរស្ថានសួគ៌ ។ យើងធ្លាប់ដើរតាមផ្លូវរបស់ «មនុស្សដែលកើតពីធូលីដី» ប៉ុន្តែ សព្វថ្ងៃ អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ «នឹងមានរូបរាងរបស់ព្រះអម្ចាស់ពីស្ថានសួគ៌» ។
តើជីវិតយើងនឹងទៅជាយ៉ាងណា នៅពេលដែលបុរសនៃស្ថានសួគ៌នោះ យាងមកផែនដីវិញ ហើយនាំស្ថានសួគ៌ចុះមកផែនដីជាមួយអង្គទ្រង់? ព្រះគម្ពីរប៊ីបមិនបានចែងអំពីរឿងនេះជាលម្អិតទេ ។ ប៉ុន្តែ យើងដឹងច្បាស់ថា រូបកាយយើងនឹងមិនចេះវិនាសឡើយ ។ សព្វថ្ងៃ ជីវិតយើងនៅផែនដីមានកំណត់ តែយើងមានព្រះបន្ទូលសន្យា និងក្តីសង្ឃឹមថា នឹងមានជីវិតអស់កល្ប ដែលមិនចេះហួសសុពលភាព ។ យើងនឹងបានរស់នៅជារៀងរហូត (១កូរិនថូស ១៥:៤២)ហើយថ្ងៃមួយ យើងនឹងមានជីវិតដ៏រុងរឿង ដ្បិតមិនមានអ្វីដែលវិនាស ផ្អូម ឬរលាយ ក្នុងរូបកាយឧត្តមឡើយ (១ពេត្រុស ១:៤)។ យើងក៏ដឹងផងដែរថា ព្រះទ្រង់នឹងកែប្រែយើង ពីសណ្ឋានដែលមិនគោរពប្រតិបត្តិព្រះ និងកម្សោយ ទៅជាសណ្ឋានថ្មី ដែលមានព្រះចេស្តា និងសិរីល្អ (១កូរិនថូស ១៥:៤៣)។
យើងមិនមានសមត្ថភាពយល់ច្បាស់ អំពីជីវិតដែលនឹងរស់ឡើងវិញនោះទេ ។ ទោះអ្នកស្រមៃថា ជីវិតនោះនឹងមានលក្ខណៈយ៉ាងណាក៏ដោយ ក៏ធាតុពិតនៃជីវិតនោះនឹងល្អប្រសើរជាងនោះទៀត! ប៉ុន្តែ អ្នកអាចដឹងច្បាស់ថា ជីវិតនោះពិតជាកំពុងរង់ចាំអ្នក ដ្បិតព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះជន្មរស់ឡើងវិញ បានជាន់ឈ្លីសេចក្តីស្លាប់ក្រោមព្រះបាទទ្រង់ មួយដងជាសម្រេចហើយ ។
សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ (១កូរិនថូស ១៥:៥៤)។ នៅថ្ងៃនេះ អ្នកនឹងឃើញអំណាចនៃសេចក្តីស្លាប់កំពុងមានសកម្មភាពនៅជុំវិញអ្នក ថែមទាំងនៅក្នុងអ្នកផងដែរ ។ អ្នកប្រហែលជាបានដឹងអំពីរឿងនេះ តាមរបៀបណាមួយ ពេលដែលអ្នកអាចយល់ពាក្យពេចន៍ទាំងនេះ ។ ប៉ុន្តែ ចូរទុកចិត្តថា នគរនៃពន្លឺបានឈ្នះនគរនៃសេចក្តីងងឹតហើយ ។ តាមពិត អ្នកមានសញ្ជាតិថ្មី នៅក្នុងនគរនៃជីវិតដែលរស់ឡើងវិញហើយ ។ ពេលខ្លះ អ្នកប្រហែលមានអារម្មណ៍ដឹងអំពីភាពពុកផុយ និងធូលីដីនៅលើផែនដី តែអ្នកអាចរកឃើញក្តីសង្ឃឹម ដោយដឹងថា បុរសនៃស្ថានសួគ៌នឹងកែប្រែ «រូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជារូបអង្គឧត្ដមរបស់ទ្រង់» (ភីលីព ៣:២១)ជារៀងរហូត!
ខគម្ពីរជញ្ជឹងគិត៖ ១ថែស្សាឡូនិច ៥:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ៩-១០ និង យ៉ូហាន ៤:១-៣០