
តើត្រូវប្រើជីវិតដូចម្តេច?
ដោយAlistair Begg
September 11, 2026
«នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់ តែទ្រង់មិនអនុញ្ញាតទេ ដោយបន្ទូលថា ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម្ល៉េះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ គាត់ក៏ចេញទៅ ចាប់តាំងប្រកាសប្រាប់ ... ពីការធំទាំងម្ល៉េះ ដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន» ។ ម៉ាកុស ៥:១៨-២០
បើយើងគិតឃើញថា ការបញ្ជូនបេសកជនទៅក្រៅប្រទេស ជាការមានប្រយោជន៍ ហើយបើយើងសរសើរអ្នកដែលធ្វើការសម្រេចចិត្តចាកចេញពីស្រុកកំណើត ចេញទៅបរទេស នោះយើងចាំបាច់ត្រូវប្រឈមមុខដាក់សំណួរថា «តើខ្ញុំបានចែកចាយដល់អ្នកដទៃ អំពីព្រះយេស៊ូវទេ? តើខ្ញុំបានចែកចាយដំណឹងល្អ នៅតាមផ្លូវមុខផ្ទះ នៅកន្លែងធ្វើការ និងដល់មនុស្សក្នុងរង្វង់នៃឥទ្ធិពលរបស់ខ្ញុំទេ? តើខ្ញុំកំពុងតែប្រកាសដោយចិត្តក្លាហាន អំពីសេរីភាព និងជីវិតដែលព្រះគ្រីស្ទបានសន្យាថា នឹងប្រទានទេ?»
ជំនឿរបស់យើងជាគ្រីស្ទាន អាចមានភាពសុខស្រួលពេក ។ យើងប្រហែលគិតថា «ខ្ញុំជាមនុស្សល្អ ។ ខ្ញុំទៅព្រះវិហាររាល់អាទិត្យ ។ ខ្ញុំបានទទួលការបណ្តាលចិត្តពីព្រះគម្ពីរ ។ ខ្ញុំមើលថែគ្រួសារខ្ញុំ» ។ ប៉ុន្តែ នេះមិនមែនជាលក្ខណៈនៃជីវិតផ្លាស់ប្រែ ដែលព្រះគ្រីស្ទបានត្រាស់ហៅយើងឲ្យមាននោះទេ នៅពេលដែលព្រះអង្គប្រាប់យើងឲ្យចេញទៅបង្កើតសិស្ស (ម៉ាថាយ ២៨:១៨-១៩)។ របៀបនៃការរស់នៅដូចនេះ មិនបានបណ្តាលចិត្តអ្នកមិនជឿឲ្យទទួលជឿព្រះ នៅទូទាំងពិភពលោកនិងក្នុងប្រវត្តិសាស្រ្តឡើយ ។ មនុស្សដែលមានភាពសុខស្រួលរហូតដល់ភ្លេចខ្លួនដូចនេះ បានមើលឃើញសេចក្តីជំនឿ ជារឿងបន្ទាប់បន្សំ ជាការសម្រេចចិត្តតូចតាច មិនខុសពីមនុស្សម្នាក់ដែលសម្រេចចិត្តទៅកន្លែងហាត់ប្រាណ គ្រាន់តែដោយសារគាត់យល់ឃើញថា វាល្អសម្រាប់គាត់នោះទេ ។
មុនពេលយើងអាចប្រកាសដោយអស់ពីចិត្តថា ព្រះគ្រីស្ទគឺជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ជាដំបូង យើងត្រូវដឹងច្បាស់ថា យើងស្ថិតក្នុងភាពអស់សង្ឃឹមយ៉ាងណា ដោយយើងបានជាប់ចំណងរបស់បាប ហើយវិលវល់ក្នុងពិភពនៃសេចក្តីស្លាប់ គឺមិនខុសពីបុរសដែលអារក្សចូល ក្នុងបទគម្ពីរម៉ាកុស ជំពូក៥ឡើយ ។ ទាល់តែយើងបានទទួលស្គាល់ដូចនេះ ទើបយើងអាចដឹងច្បាស់ អំពីសេរីភាព ក្តីអំណរ និងជីវិត ដែលព្រះយេស៊ូវបានប្រទានមកយើង ។ បើយើងបានយល់អំពីការអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើង ទោះគេមិនប្រាប់យើង ក៏យើងអាចដឹងដោយខ្លួនឯងថា យើងត្រូវចែកចាយអំពីដំណឹងនៃការប្រោសលោះប្រកបដោយសេចក្តីមេត្តារបស់ព្រះ គឺមិនត្រូវដឹងតែម្នាក់ឯងនោះទេ ទោះត្រូវទៅប្រាប់គេនៅចុងបំផុតនៃផែនដី ឬគ្រាន់តែប្រាប់មនុស្សនៅក្បែរយើងក៏ដោយ ។
អ្នកមិនចាំបាច់ត្រូវអានសៀវភៅ ឬទៅរៀនអំពីរបៀបចែកចាយអំពីព្រះយេស៊ូវឡើយ ។ អ្នកអាចប្រាប់អ្នកដទៃ ដោយត្រង់ៗ អំពីរបៀបដែលព្រះគ្រីស្ទបានកែប្រែជីវិតអ្នក ។ ព្រះយេស៊ូវបានបង្គាប់បុរស ក្នុងកណ្ឌគម្ពីរម៉ាកុស ជំពូក៥ ឲ្យចាប់ផ្តើមការផ្សាយដំណឹងល្អ ដោយប្រាប់ញាតិមិត្តរបស់គាត់ជាមុន ។ ផែនការដែលព្រះអង្គមាន ដើម្បីឲ្យដំណឹងល្អបានឮសុះសាយក្នុងតំបន់នោះ បានចាប់ផ្តើម ដោយជីវិតរបស់មនុស្សម្នាក់ដែលបានផ្លាស់ប្រែ ។ ដូចនេះ អ្នកប្រហែលមិនអាចឆ្លើយសំណួរទាំងអស់របស់មិត្តភក្តិអ្នកឡើយ ។ អ្នកប្រហែលមិនបានយល់ច្បាស់អំពីគោលលទ្ធិអំពីព្រះត្រៃឯកទេ ។ ប៉ុន្តែ បើអ្នកនៅក្នុងព្រះគ្រីស្ទ អ្នកក៏ដឹងថា កាលពីមុនអ្នកខ្វាក់ តែឥឡូវមើលឃើញ ។
ព្រះវិហារមិនមែនជានាវាកម្សាន្តតាមសមុទ្រនោះទេ តែជាទូកសុវត្ថិភាពសង្គ្រោះជីវិត ។ យើងមានកាតព្វកិច្ច និងឯកសិទ្ធិ ធ្វើតាមគំរូបុរសដែលព្រះយេស៊ូវបានជួយសង្គ្រោះ ដោយចូលទៅក្នុងមហាសាគរនៃជីវិត ដើម្បី...
នាំមនុស្សដែលត្រូវវិនាស និងស្លាប់ ឲ្យបានសង្គ្រោះ
ទាញពួកគេចេញពីបាប និងផ្នូរ ដោយក្តីអាណិត
ចូរទួញយំ សម្រាប់មនុស្សមានបាប ចូរលើកមនុស្សដែលបានដួលចុះ
ចូរប្រាប់ពួកគេអំពីព្រះយេស៊ូវថា ទ្រង់មានព្រះចេស្តាជួយសង្គ្រោះ ។69
តើព្រះយេស៊ូវកំពុងត្រាស់ហៅអ្នក ឲ្យចេញទៅប្រាប់នរណា នៅថ្ងៃនេះ?
ខគម្ពីរជញ្ជឹងគិត៖ លូកា ៨:២៦-៣៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ១១-១២ និង យ៉ូហាន ៤:៣១-៥៤