
មានតែមនុស្សល្ងង់ប្រញាប់រត់ចូល
ដោយAlistair Begg
September 13, 2026
«កាលស្ដេចទ្រង់ទតឃើញអេសធើរ ជាអគ្គមហេសី ឈរក្នុងព្រះរាជរោងដូច្នោះ នោះទ្រង់ក៏ប្រោសដល់ព្រះនាង ហើយហុចព្រះដំបងមាស ដែលកាន់នៅព្រះហស្ត ទៅឯព្រះនាង រួចព្រះនាងយាងចូលទៅពាល់ចុងព្រះដំបងនោះ ។ ស្ដេចទ្រង់មានបន្ទូលសួរថា អេសធើរ អគ្គមហេសីអើយ តើព្រះនាងមកចង់បានអ្វី តើគិតចង់សូមអ្វី យើងនឹងបើកឲ្យតាមព្រះនាងសូម ទោះបើដល់នគរ១ចំហៀងផង ។ អេសធើរទូលថា បើព្រះករុណាសព្វព្រះហឫទ័យ នោះសូមព្រះករុណា នឹងហាម៉ានយាងទៅសោយលៀង ដែលខ្ញុំម្ចាស់បានរៀបថ្វាយនៅថ្ងៃនេះ» ។ នាងអេសធើរ ៥:២-៤
មានពេលស្លោកមួយពោលថា «មនុស្សល្ងង់ប្រញាប់ចូលទៅកន្លែង ដែលសូម្បីតែទេវតាក៏មិនហ៊ានចូលទៅដែរ» ។70 ព្រះនាងអេសធើរហាក់ដូចជាបានយល់អំពីបញ្ហានេះ ។ នៅពេលដែលព្រះនាងត្រៀមខ្លួនចូលគាល់ស្តេចអ័ហាស៊ូរ៉ុស ព្រះនាងបានប្ដេជ្ញាព្រះទ័យថា នឹងទៅតាមផ្លូវនៃការស្តាប់បង្គាប់ព្រះ ទោះព្រះនាងត្រូវអស់ព្រះជន្មក៏ដោយ តែព្រះនាងក៏បានប្រើប្រាជ្ញាផងដែរ ។ ព្រះនាងក្លាហាន មានការរៀបចំខ្លួនត្រឹមត្រូវ ប្រុងប្រយ័ត្ន បន្ទាបព្រះកាយ មានជំនាញ ផ្ចិតផ្ចង់ និងច្បាស់លាស់ ។ ការចូលទៅចំពោះស្តេច មានការរៀបចំដ៏ឆ្លាតវៃ ហើយក៏បានរៀបផែនការ និងអនុវត្តយ៉ាងប្រុងប្រយ័ត្ន ។
ពេលអធិស្ឋានតម និងរៀបចំខ្លួន ក៏បានដល់ទីបញ្ចប់ហើយ ហើយព្រះនាងអេសធើរ ក៏បានត្រៀមខ្លួនយ៉ាងសមរម្យ ដោយពាក់គ្រឿងមហេសី (នាងអេធើរ ៥:១)។ ព្រះនាងបានចូលទៅរកស្តេច តាមពិធីការ ។ ព្រះនាងដឹងថា ព្រះនាងបានចូលទៅក្នុងបរិយាកាសដ៏គ្រោះថ្នាក់បំផុត ។ នៅពេលដែលស្តេចអ័ហាស៊ូរ៉ុសបានបង្ហាញសេចក្តីមេត្តាចំពោះព្រះនាង ព្រះនាងក៏បានទទួលយក ដោយប៉ះចុងដំបងរាជ្យរបស់ទ្រង់ ។
ការដែលស្តេចមានបន្ទូលថា ទ្រង់នឹងប្រទាននគររបស់ទ្រង់ពាក់កណ្តាល គឺជាការនិយាយលេងពាក្យ ក្នុងន័យថា មានដែនកំណត់តិចណាស់ នៅក្នុងការអ្វី ដែលទ្រង់ស្ម័គ្រព្រះទ័យធ្វើសម្រាប់មហេសីទ្រង់ ព្រោះទ្រង់បានសព្វព្រះទ័យនឹងព្រះនាងខ្លាំងណាស់ ។ ការដែលព្រះនាងអេសធើរបានឆ្លើយតប ដោយអញ្ជើញទ្រង់ចូលរួមពិធីជប់លៀង គឺខុសពីការរំពឹងគិត ។ ប៉ុន្តែ ការអញ្ជើញរបស់ព្រះនាងឲ្យចូលរួមពិធីជប់លៀងនោះ បានបង្ហាញប្រាជ្ញាដ៏ប៉ិនប្រសប់ ។ ព្រះនាងហាក់ដូចជាជ្រាបថា ព្រះនាងអាចយកឈ្នះចិត្តរបស់ស្តេចអង្គនេះបាន តាមរយៈពោះរបស់ទ្រង់ ដូចនេះ ព្រះនាងក៏បានអញ្ជើញទ្រង់ចូលរួមពិធីជប់លៀងជាមួយព្រះនាង ។ ស្តេចមានការសព្វព្រះទ័យនឹងសំណើរបស់ព្រះនាងអេសធើរណាស់ ។ សរុបមក មុននោះ ស្តេចអ័ហាស៊ូរ៉ុសបានធ្វើពិធីជប់លៀងសម្រាប់ខ្លួនឯង (នាងអេសធើរ ១)តែពេលនេះ ព្រះនាងអេសធើរបានធ្វើពិធីជប់លៀងថ្វាយទ្រង់វិញម្តង ដើម្បីផ្តល់ព្រះកិត្តិនាមដល់ទ្រង់ ។
ព្រះនាងអេសធើរជ្រាបថា ការទូលសូមស្តេចយ៉ាងដូចនេះ មិនមែនជារឿងតូចទេ ។ បន្តិចទៀត ស្តេចនឹងបានជ្រាបអំពីអត្តសញ្ញាណពិតរបស់ព្រះនាងអេសធើរ ហើយព្រះនាងក៏ហៀបនឹងធ្វើឲ្យទ្រង់បាក់មុខ នៅចំពោះនគរទ្រង់ទាំងមូល ។ ការទូលសូមរបស់ព្រះនាងត្រូវតែមានភាពទន់ភ្លន់ តែច្បាស់លាស់ណាស់ ។ សម្រាប់មនុស្សជាច្រើន ពេលណាយើងប្ដេជ្ញាចិត្តថា នឹងធ្វើអ្វីមួយហើយ យើងចង់តែប្រាប់គេត្រង់ៗ ដោយមិនបានខ្វល់ថា យើងអាចធ្វើឲ្យប៉ះពារ មកលើនរណាម្នាក់ទេ ។ និយាយរួម យើងមានអ្វីដែលត្រូវធ្វើ ។ ប៉ុន្តែ យើងច្រើនធ្វើតាមរបៀបដែលមិនមានប្រយោជន៍ ឬជួយកែលំអឡើយ ។ យើងងាយនឹងធ្វើអ្វីៗដែលត្រឹមត្រូវ តាមរបៀបមិនត្រឹមត្រូវ ។
លើកក្រោយ ពេលណាអ្នកប្រឈមមុខដាក់ស្ថានភាព ដែលតម្រូវឲ្យមានការស្តាប់បង្គាប់ និងចិត្តក្លាហាន ចូររៀនសូត្រពីកណ្ឌគម្ពីរនាងអេសធើរ ហើយពិចារណាមិនគ្រាន់តែអំពីអ្វីដែលអ្នកត្រូវធ្វើ តែក៏ពិចារណាអំពីរបៀបធ្វើវាឲ្យបានល្អបំផុត ។ ការប្រឈមគ្រោះថ្នាក់ ដើម្បីស្តាប់បង្គាប់ព្រះ និងចែកចាយដំណឹងល្អរបស់ព្រះអង្គ គឺជាទង្វើដ៏ត្រឹមត្រូវ តែការបណ្តាលឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំង ដោយសារអ្នកធ្វើវាមិនបានល្អ មិនមែនជាទង្វើដ៏ល្ងង់ខ្លៅ ។ អ្នកអាចមានចិត្តក្លាហាន ហើយមានប្រាជ្ញា ដូចព្រះនាងអេសធើរផងដែរ ។
ខគម្ពីរជញ្ជឹងគិត៖ នាងអេសធើរ ៥:១-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ពួកចៅហ្វាយ ១៦-១៨ និង យ៉ូហាន ៥:២៥-៤៧