នំម៉ាណាប្រចាំថ្ងៃ
មានតែ​មនុស្ស​ល្ងង់​ប្រញាប់​រត់​ចូល

មានតែ​មនុស្ស​ល្ងង់​ប្រញាប់​រត់​ចូល

ដោយAlistair Begg

September 13, 2026

«កាល​ស្ដេច​ទ្រង់ទត​ឃើញ​អេសធើរ ជា​អគ្គ​មហេសី ឈរ​ក្នុង​ព្រះ​រាជរោង​ដូច្នោះ នោះ​ទ្រង់​ក៏​ប្រោស​ដល់​ព្រះ​នាង ហើយ​ហុច​ព្រះ​ដំបង​មាស ដែល​កាន់​នៅ​ព្រះ​ហស្ត ទៅ​ឯ​ព្រះ​នាង រួច​ព្រះ​នាង​យាង​ចូល​ទៅ​ពាល់​ចុង​ព្រះ​ដំបង​នោះ​ ។ ស្ដេច​ទ្រង់​មាន​បន្ទូល​សួរ​ថា អេសធើរ អគ្គ​មហេសី​អើយ តើ​ព្រះ​នាង​មក​ចង់​បាន​អ្វី តើ​គិត​ចង់​សូម​អ្វី យើង​នឹង​បើក​ឲ្យ​តាម​ព្រះ​នាង​សូម ទោះបើ​ដល់នគរ១ចំហៀងផង​ ។ អេសធើរ​ទូល​ថា បើ​ព្រះ​ករុណា​សព្វ​ព្រះហឫទ័យ នោះ​សូម​ព្រះ​ករុណា នឹង​ហាម៉ាន​យាង​ទៅ​សោយ​លៀង ដែល​ខ្ញុំ​ម្ចាស់​បាន​រៀប​ថ្វាយ​នៅ​ថ្ងៃ​នេះ» ។ នាងអេសធើរ ៥:២-៤
មាន​ពេល​ស្លោក​មួយ​ពោល​ថា «មនុស្ស​ល្ងង់​ប្រញាប់​ចូល​ទៅ​កន្លែង ដែល​សូម្បីតែ​ទេវតា​ក៏​មិន​ហ៊ាន​ចូល​ទៅ​ដែរ» ។70 ព្រះ​នាង​អេសធើ​រហាក់​ដូចជា​បាន​យល់​អំពី​បញ្ហា​នេះ​ ។ នៅពេល​ដែល​ព្រះ​នាង​ត្រៀម​ខ្លួន​ចូល​គាល់​ស្តេច​អ័ហាស៊ូរ៉ុស ព្រះ​នាង​បាន​ប្ដេជ្ញា​​ព្រះ​ទ័យ​ថា នឹង​ទៅតាម​ផ្លូវ​នៃ​ការ​ស្តាប់​បង្គាប់​ព្រះ ទោះ​ព្រះ​នាង​ត្រូវ​អស់​ព្រះ​ជន្ម​ក៏ដោយ តែ​ព្រះ​នាង​ក៏បាន​ប្រើ​ប្រាជ្ញា​ផង​ដែរ​ ។ ព្រះ​នាង​ក្លាហាន មាន​ការ​រៀបចំ​ខ្លួន​ត្រឹម​ត្រូវ ប្រុង​ប្រយ័ត្ន បន្ទាប​ព្រះ​កាយ មាន​ជំនាញ ផ្ចិតផ្ចង់ និង​ច្បាស់​លាស់​ ។ ការ​ចូល​ទៅ​ចំពោះ​ស្តេច មាន​ការ​រៀបចំ​ដ៏​ឆ្លាតវៃ ហើយ​ក៏​បាន​រៀប​ផែនការ និង​អនុវត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន​ ។
ពេល​អធិស្ឋាន​តម និង​រៀបចំ​ខ្លួន ក៏បាន​ដល់ទី​បញ្ចប់​ហើយ ហើយ​ព្រះ​នាងអេសធើរ ក៏បាន​ត្រៀម​ខ្លួន​យ៉ាង​សមរម្យ ដោយ​ពាក់​គ្រឿង​មហេសី (នាង​អេធើរ ៥:‌១)។ ព្រះ​នាង​បាន​ចូល​ទៅ​រក​ស្តេច តាម​ពិធី​ការ​ ។ ព្រះ​នាង​ដឹង​ថា ព្រះ​នាង​បាន​ចូល​ទៅ​ក្នុង​បរិយាកាស​ដ៏​គ្រោះ​ថ្នាក់​បំផុត​ ។ នៅពេល​ដែល​ស្តេច​អ័ហាស៊ូ​រ៉ុស​បាន​បង្ហាញ​សេចក្តី​មេត្តា​ចំពោះ​ព្រះ​នាង ព្រះ​នាង​ក៏​បាន​ទទួលយក ដោយ​ប៉ះ​ចុង​ដំបង​រាជ្យ​របស់​ទ្រង់​ ។
ការ​ដែល​ស្តេច​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រទាន​នគរ​របស់​ទ្រង់​ពាក់​កណ្តាល គឺជា​ការ​និយាយ​លេង​ពាក្យ ក្នុង​ន័យ​ថា មាន​ដែន​កំណត់​តិច​ណាស់ នៅ​ក្នុង​ការ​អ្វី ដែល​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​សម្រាប់​មហេសី​ទ្រង់ ព្រោះ​ទ្រង់​បាន​សព្វ​ព្រះទ័យ​នឹង​ព្រះ​នាង​ខ្លាំង​ណាស់​ ។ ការ​ដែល​ព្រះ​នាងអេសធើរ​បាន​ឆ្លើយតប ដោយ​អញ្ជើញ​ទ្រង់​ចូល​រួម​ពិធីជប់លៀង គឺ​ខុសពី​ការ​រំពឹង​គិត​ ។ ប៉ុន្តែ ការ​អញ្ជើញ​របស់​ព្រះ​នាង​ឲ្យ​ចូល​រួម​ពិធីជប់លៀង​នោះ បាន​បង្ហាញ​ប្រាជ្ញា​ដ៏​ប៉ិន​ប្រសប់​ ។ ព្រះ​នាង​ហាក់​ដូច​ជា​ជ្រាប​ថា ព្រះ​នាង​អាច​យក​ឈ្នះ​ចិត្ត​របស់​ស្តេច​អង្គ​នេះ​បាន តាម​រយៈ​ពោះ​របស់​ទ្រង់ ដូច​នេះ ព្រះ​នាង​ក៏បាន​អញ្ជើញ​ទ្រង់​ចូល​រួម​ពិធីជប់លៀង​ជាមួយ​ព្រះ​នាង​ ។ ស្តេច​មាន​ការ​សព្វ​ព្រះទ័យ​នឹង​សំណើ​របស់​ព្រះ​នាងអេសធើរ​ណាស់​ ។ សរុប​មក មុន​នោះ ស្តេច​អ័ហាស៊ូ​រ៉ុស​បាន​ធ្វើ​ពិធី​ជប់​លៀង​សម្រាប់​ខ្លួនឯង  (នាងអេសធើរ ១)តែ​ពេល​នេះ ព្រះ​នាងអេសធើរ​បាន​ធ្វើ​ពិធីជប់លៀង​ថ្វាយ​ទ្រង់​វិញ​ម្តង ដើម្បី​ផ្តល់​ព្រះ​កិត្តិនាម​ដល់​ទ្រង់​ ។
ព្រះ​នាងអេសធើរ​ជ្រាប​ថា ការ​ទូល​សូម​ស្តេច​យ៉ាង​ដូច​នេះ មិនមែន​ជា​រឿង​តូច​ទេ​ ។ បន្តិច​ទៀត ស្តេច​នឹង​បាន​ជ្រាប​អំពី​អត្ត​សញ្ញាណ​ពិត​របស់​ព្រះ​នាងអេសធើរ ហើយ​ព្រះ​នាង​ក៏​ហៀបនឹង​ធ្វើ​ឲ្យ​ទ្រង់​បាក់​មុខ នៅ​ចំពោះ​នគរ​ទ្រង់​ទាំងមូល​ ។ ការ​ទូល​សូម​របស់​ព្រះ​នាង​ត្រូវតែ​មាន​ភាព​ទន់ភ្លន់ តែ​ច្បាស់​លាស់​ណាស់​ ។ សម្រាប់​មនុស្ស​ជា​ច្រើន ពេលណា​យើង​ប្ដេជ្ញា​​ចិត្ត​ថា នឹង​ធ្វើ​អ្វីមួយ​ហើយ យើង​ចង់តែ​ប្រាប់​គេ​ត្រង់ៗ ដោយ​មិន​បាន​ខ្វល់​ថា យើង​អាច​ធ្វើ​ឲ្យ​ប៉ះពារ មក​លើ​នរណា​ម្នាក់​ទេ​ ។ និយាយ​រួម យើង​មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ ។ ប៉ុន្តែ យើង​ច្រើន​ធ្វើ​តាម​របៀប​ដែល​មិន​មាន​ប្រយោជន៍ ឬ​ជួយ​កែលំអ​ឡើយ​ ។ យើង​ងាយ​នឹង​ធ្វើ​អ្វីៗ​ដែល​ត្រឹម​ត្រូវ តាម​របៀប​មិន​ត្រឹម​ត្រូវ​ ។​
លើក​ក្រោយ ពេលណា​អ្នក​ប្រឈម​មុខ​ដាក់​ស្ថានភាព ដែល​តម្រូវ​ឲ្យ​មាន​ការ​ស្តាប់​បង្គាប់ និង​ចិត្ត​ក្លាហាន ចូរ​រៀន​សូត្រ​ពី​កណ្ឌ​គម្ពីរ​នាងអេសធើរ ហើយ​ពិចារណា​មិន​គ្រាន់តែ​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ តែ​ក៏​​ពិចារណា​អំពី​របៀប​ធ្វើ​វា​ឲ្យ​បាន​ល្អ​បំផុត​ ។ ការ​ប្រឈម​គ្រោះ​ថ្នាក់ ដើម្បី​ស្តាប់​បង្គាប់​ព្រះ និង​ចែក​ចាយ​ដំណឹង​ល្អ​របស់​ព្រះអង្គ គឺជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ តែ​ការ​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​កាន់តែ​ខ្លាំង ដោយសារ​អ្នក​ធ្វើ​វា​មិន​បាន​ល្អ មិនមែន​ជា​ទង្វើ​ដ៏​ល្ងង់​​ខ្លៅ​ ។ អ្នក​អាច​មាន​ចិត្ត​ក្លាហាន ហើយ​មាន​ប្រាជ្ញា ដូច​ព្រះ​នាងអេសធើរ​ផង​ដែរ​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ នាងអេសធើរ ៥:១-៨
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ពួក​ចៅហ្វាយ ១៦-១៨ និង យ៉ូហាន ៥:២៥-៤៧

ប្រភេទ