
សេចក្តីស្មោះត្រង់ ដោយការបន្ទាបខ្លួន
ដោយAlistair Begg
September 15, 2026
«ហាម៉ានក៏ចូលមក រួចស្ដេចទ្រង់សួរថា តើគួរប្រោសជាយ៉ាងណា ដល់អ្នកដែលស្ដេចសព្វព្រះទ័យចង់លើកមុខ ហាម៉ាននឹកក្នុងចិត្តថា តើមានអ្នកណាក្រៅពីអញ ដែលស្ដេចសព្វព្រះទ័យនឹងលើកមុខឲ្យ ។ ... ដូច្នេះ ស្ដេចទ្រង់មានបន្ទូលបង្គាប់ហាម៉ានថា ចូរប្រញាប់ឡើង ទៅយកព្រះពស្ត្រារាជ្យ នឹងសេះ ដូចជាអ្នកបានថានោះ ទៅធ្វើដូច្នោះដល់ម៉ាដេកាយ ជាសាសន៍យូដា ដែលអង្គុយនៅមាត់ទ្វារព្រះរាជវាំង កុំឲ្យខានធ្វើអ្វីមួយដែលអ្នកបានថានោះឲ្យសោះ» ។ នាងអេសធើរ ៦:៦,១០
នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងព្រះគម្ពីរប៊ីប ។
លោក ហាម៉ាន គឺជាមនុស្សមានអំនួត និងចូលចិត្តស្មានទុកជាមុន ហើយការនេះបានបណ្តាលឲ្យគាត់ ធ្វើការគណនាខុស ។ នៅពេលដែលគាត់ឮគេប្រាប់ថា មាន «អ្នកដែលស្ដេចសព្វព្រះទ័យចង់លើកមុខ» គាត់ក៏បានស្មានថា អ្នកនោះគឺជាគាត់ ។ ដូចនេះ គាត់ក៏បានរៀបគម្រោងលើកដំកើងខ្លួនឯង ដោយពាក់ព្រះពស្ត្រារាជ្យ ជិះសេះរាជវាំង និងពាក់មកុដ ព្រមទាំងការសរសើរជាសាធារណៈ ដោយមិនបានគិតឃើញអ្នកផ្សេងក្រៅពីខ្លួនឯង (នាងអេសធើរ ៦:៨-៩)។ យើងអាចស្រមៃថា ចិត្តរបស់លោក ហាម៉ានបានរីកខ្លាំងប៉ុណ្ណា ពេលដែលគាត់បានឮស្តេចមានបន្ទូលមកគាត់ថា «ចូរប្រញាប់ឡើង ទៅយកព្រះពស្ត្រារាជ្យ នឹងសេះ ដូចជាអ្នកបានថានោះ...» ហើយបន្ទាប់មក គាត់ក៏បានឮស្តេចបង្គាប់ឲ្យ «ទៅធ្វើដូច្នោះដល់ម៉ាដេកាយ ជាសាសន៍យូដា» ។
តើលោក ហាម៉ានមានការភ្ញាក់ផ្អើលប៉ុណ្ណា ពេលដែលបានឮដូចនេះ! គាត់បានកំណត់ថ្ងៃ ដែលត្រូវព្យួរកលោក ម៉ាដេកាយ (នាងអេសធើរ ៦:៤)។ ហើយឥឡូវនេះ គាត់បានទទួលបង្គាប់ឲ្យហែហមបុរសនោះ ក្នុងទីសាធារណៈ ដោយប្រកាស អំពីការប្រទានអំណោយដ៏សប្បុរសរបស់ស្តេច ដល់មនុស្សម្នាក់ ដែលគាត់បានស្អប់ ។
អ្វីដែលខុសគ្នានោះ គឺការបន្ទាបខ្លួន និងភាពសាមញ្ញរបស់វត្តមាននៃលោក ម៉ាដេកាយ ត្រូវបានពិពណ៌នា ដោយពាក្យមួយប្រយោគថា «រួចហើយ ម៉ាដេកាយក៏វិលត្រឡប់មកឯទ្វារព្រះរាជវាំងវិញ» (នាងអេសធើរ ៦:១២)។ លោក ម៉ាដេកាយ មិនបានឲ្យគេផ្លុំត្រែ ដូចកាលលោក ហាម៉ាន ចេញពីពិធីជប់លៀងរបស់ព្រះនាងអេសធើរទេ (៥:១១-១២)។ ទោះគាត់ត្រូវបានគេហែហម ក្នុងទីក្រុង ជាការលើកដំកើងដែលគាត់មិនបានស្វែងរក និងការជិះលើសេះរបស់ស្តេច ដែលគាត់មិនដែលប៉ងប្រាថ្នា ក៏គាត់គ្រាន់តែត្រឡប់ទៅអង្គុយនៅកន្លែងដែលគាត់ធ្លាប់អង្គុយដូចសព្វមួយដង ។
មនុស្សដែលមានចិត្តស្មោះត្រង់ និងការបន្ទាបខ្លួន តែងតែធ្វើអ្វីៗ ជារៀងរាល់ថ្ងៃ ដោយមិនសង្ឃឹមថា នឹងបានការសរសើរ តែដឹងថា វាជាអ្វីដែលត្រូវធ្វើ ។ នេះជាគំរូដ៏ល្អដែលយើងត្រូវធ្វើតាម ។ មើលទៅដូចមិនធំដុំទេ ប៉ុន្តែ នៅពេលដែលកូន ឬចៅជញ្ជឹងគិត អំពីការរស់នៅរបស់ឪពុកម្តាយ និងជីដូចជីតាដែលស្មោះត្រង់នឹងព្រះ ពួកគេអាចនិយាយថា «គាត់តែងតែធ្វើកិច្ចការនេះ» «គាត់តែងតែអង្គុយនៅកន្លែងនោះ» «គាត់តែងតែអធិស្ឋាននៅពេលនោះ» ឬ «គាត់តែងតែដាក់ព្រះគម្ពីរនៅកន្លែងនេះ» ។
លោក ម៉ាដេកាយធ្វើអ្វីដែលត្រឹមត្រូវ ព្រោះវាជាទង្វើដ៏ត្រឹមត្រូវ មិនមែនដោយសារគាត់ចង់ឲ្យគេទទួលស្គាល់ ឬលើកដំកើងគាត់នោះទេ ។ នៅថ្ងៃនេះ ចូរអ្នកប្រាកដថា អ្នកធ្វើអ្វីដែលត្រឹមត្រូវ នៅចំពោះព្រះ ទោះគេលើកដំកើងអ្នកឬអត់ គឺដូចលោក ម៉ាដេកាយ ឬអ្នកត្រូវគេឈប់នឹកចាំ ដូចអ្នកជឿដ៏ស្មោះត្រង់ជាច្រើន ក្នុងប្រវត្តិសាស្រ្តក៏ដោយ ។ ថ្ងៃមួយ ព្រះទ្រង់នឹងសើរើឡើងវិញ ហើយព្រះអង្គនឹងដំកើងមនុស្សដែលសមនឹងដំកើង ។ ទន្ទឹមនឹងនោះ ចូរលះចោលអំនួត ដែលចង់លេចធ្លោលើសគេ ហើយបន្តរស់នៅ ក្នុងជីវិតប្រចាំថ្ងៃជាធម្មតា ដោយចិត្តស្មោះត្រង់ និងការបន្ទាបខ្លួនចុះ ។
ខគម្ពីរជញ្ជឹងគិត៖ នាងអេសធើរ ៦:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ បរិទេវ ១-២ និង យ៉ូហាន ៦:២២-៥១