
តើព្រះទ្រង់ត្រូវការយើងទេ?
ដោយAlistair Begg
September 16, 2026
«នោះអេសធើរ ជាអគ្គមហេសី ទូលឆ្លើយថា បពិត្រព្រះករុណា បើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យ នោះសូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសេចក្ដីសំណូម ព្រមទាំងសាសន៍ខ្ញុំម្ចាស់ផង តាមសេចក្ដីបំណងរបស់ខ្ញុំម្ចាស់ ដ្បិតមានគេលក់ខ្ញុំម្ចាស់នឹងពួកសាសន៍របស់ខ្ញុំម្ចាស់ហើយ ឲ្យយើងខ្ញុំត្រូវបំផ្លាញសំឡាប់ ហើយវិនាសអស់ទៅ បើសិនជាគេបានលក់យើងខ្ញុំឲ្យគ្រាន់តែធ្វើជាបាវប្រុសស្រីប៉ុណ្ណោះ នោះខ្ញុំម្ចាស់ឥតបើថាទេ ទោះបើខ្មាំងសត្រូវនឹងសងការខូចខាត ដែលនឹងកើតឡើងដល់ស្ដេចមិនបានក៏ដោយ» ។ នាងអេសធើរ ៧:៣-៤
តើប្រឈមនឹងគ្រោះថ្នាក់ ដើម្បីបម្រើព្រះនៃយើង ព្រោះជោគជ័យរបស់យើង មិនអាស្រ័យលើយើងទេ ។ ពេល ព្រះនាងអេសធើរដល់ពេលដែលត្រូវធ្វើតាមបង្គាប់របស់លោក ម៉ាដេកាយ ដោយទូលដល់ស្តេច ដើម្បីជួយរាស្រ្តរបស់ព្រះនាង (នាងអេសធើរ ៤)។ ព្រះនាងបានប្រើពាក្យ ដែលមានចែងក្នុងរាជក្រឹត្យរបស់ស្តេច ដូចជា «បំផ្លាញ» «សំឡាប់» «វិនាសបង់» (៣:១៣)។ ជាងនេះទៅទៀត ព្រះនាងអេសធើរមិនបានទូលអង្វរដល់ស្តេច ផ្អែកទៅលើការយល់ដឹងរបស់ទ្រង់ អំពីក្រមសីលធម៌នោះទេ ។ ផ្ទុយទៅវិញ ព្រះនាងធ្វើការទូលអង្វរ ផ្អែកទៅការដែលស្តេចគិតប្រយោជន៍ផ្ទាល់ខ្លួន ជាមូលហេតុដែលទ្រង់មិនចង់ឲ្យគេសម្លាប់អគ្គមហេសីដែលទ្រង់ស្រឡាញ់ជាងគេ ។ ព្រះនាងអេសធើរក៏បាននិយាយយ៉ាងប៉ិនប្រសប់ ដោយបង្វែរចំណាប់អារម្មណ៍មកលើលោក ហាម៉ាន ដោយមិនឲ្យស្តេចមានការជាប់ពាក់ព័ន្ធ ។ នៅពេលស្តេចសួរថា «តើអ្នកដែលហ៊ានធ្វើការដូច្នោះ តើគេនៅឯណា?» (៧:៥)ព្រះនាងអាចមានហេតុផលដែលត្រូវទូលថ្វាយត្រង់ៗថា ទ្រង់ជាអ្នកចេញព្រះរាជក្រឹត្យនោះ ប៉ុន្តែ ការធ្វើដូចនេះមិនមែនជាជម្រើសឆ្លាតវៃទេ ។
ក្នុងរឿងនេះទាំងមូល ព្រះទ្រង់កំពុងធ្វើការ ក្នុងហេតុការណ៍ទាំងអស់ ដែលព្រះនាងអេសធើរមិនអាចគ្រប់គ្រងបានទាំងស្រុង ។ ហើយព្រះអង្គក៏កំពុងធ្វើការ តាមរយៈរបៀបដែលព្រះនាងអេសធើរប្រើប្រាជ្ញា ជំនាញ ការស្តាប់បង្គាប់ ។ល ។ ជាផ្នែកផ្សេងៗនៃបុគ្គលិកលក្ខណៈ ដែលព្រះនាងពិតជាមានការគ្រប់គ្រង ។ ការនេះមិនមានន័យថា ព្រះទ្រង់ត្រូវការព្រះនាងអេសធើរយ៉ាងខ្លាំង បានជាផែនការរបស់ព្រះអង្គនឹងបរាជ័យ បើសិនជាព្រះនាងនៅស្ងៀមនោះទេ ។ ពុំនោះទេ យើងកំពុងតែលើកដំកើងការចូលរួមរបស់មនុស្សខ្លាំងពេកហើយ ។ ប៉ុន្តែ ការគិតថា ការសម្រេចចិត្តរបស់ព្រះនាងអេសធើរមិនសំខាន់សោះ ក៏ជាការគិតខុសផងដែរ ។ ព្រះអង្គកំពុងសម្រេចគោលបំណងរបស់ព្រះអង្គ ដោយប្រើការស្តាប់បង្គាប់របស់ព្រះនាងអេសធើរ ជាផ្នែកដ៏សំខាន់មួយដែរ ។ ការកាត់ផ្តាច់ការគ្រប់គ្រងរបស់ព្រះ ចេញពីការចូលរួមរបស់មនុស្សយ៉ាងដូចនេះ គឺជាការកាត់ផ្តាច់មិនត្រឹមត្រូវទេ ។ នេះជារឿងអាថ៌កំបាំងធំមួយ! ព្រះទ្រង់អាចប្រើមនុស្សជាភ្នាក់ងារ ដោយមានគោលបំណង តែព្រះអង្គក៏អាចធ្វើការ ដោយគ្មានយើង ។ ហើយសូម្បីតែនៅពេលដែលព្រះអង្គប្រើយើង ភាពជោគជ័យមិនពឹងផ្អែកលើយើង ឬការអ្វីដែលយើងធ្វើទេ ។ យើងក៏ត្រូវគិតដល់ចំណុចនេះផងដែរ នៅពេលដែលយើងព្យាយាមប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ ឬបង្រៀនព្រះបន្ទូលព្រះ ។ ព្រះទ្រង់អាចបើកបង្ហាញអង្គទ្រង់ តាមរបៀបដែលព្រះអង្គសព្វព្រះទ័យ ហើយបង្កើនជំនឿរបស់រាស្រ្តទ្រង់ តាមដែលព្រះអង្គសព្វព្រះទ័យ ប៉ុន្តែ ព្រះអង្គមានផ្នែកមួយសម្រាប់ឲ្យយើងចូលរួម ។ ព្រះអង្គប្រាប់យើងឲ្យបង្រៀន លើកទឹកចិត្តគ្នាទៅវិញទៅមក និងប្រកាសដំណឹងល្អ ។ ហើយយើងក៏ធ្វើតាមបង្គាប់នេះ តែទីបញ្ចប់ យើងដឹងថា គ្មានការផ្លាស់ប្រែចិត្ត និងជីវិតណា ដែលអាចកើតឡើង ដោយគ្មានព្រះដ៏រស់ធ្វើការក្នុងយើងនោះឡើយ ។ ព្រះអង្គជាព្រះ ដែលបន្ទន់ចិត្ត និងបើកភ្នែកដែលងងឹត ។ ព្រះអង្គជាព្រះ ដែលអាចកំណត់មធ្យោបាយ និងគោលដៅ ។
ហើយដោយសារព្រះទ្រង់មានអំណាចគ្រប់គ្រងទាំងស្រុង អ្នកមានហេតុផលគ្រប់យ៉ាងដែលត្រូវស្តាប់បង្គាប់ព្រះអង្គ ។ ទោះភាពជោគជ័យមិនពឹងផ្អែកលើអ្នកក៏ដោយ ក៏ព្រះដែលបានបង្កើតចក្រវាលទាំងមូល បានសម្រេចព្រះទ័យប្រើអ្នក ។ ព្រះអង្គនឹងសម្រេចកិច្ចការដ៏ល្អរបស់ព្រះអង្គ (ភីលីព ១:៦)។ ព្រះអង្គនឹងប្រើរាស្រ្តទ្រង់ ឲ្យឈោងចាប់រាស្រ្តទ្រង់ និងបម្រើរាស្រ្តទ្រង់ ។ សូមឲ្យការយល់ដឹងដូចនេះ បានបណ្តាលចិត្តយើងឲ្យបន្ទាបខ្លួន ខណៈពេលដែលយើងបានទទួលការលើកទឹកចិត្តឲ្យប្រឈមមុខដាក់កិច្ចការ ដែលព្រះទ្រង់បានត្រាស់ហៅឲ្យធ្វើ ឲ្យប្រឈមគ្រោះថ្នាក់ និងបម្រើ ហើយស្តាប់បង្គាប់ព្រះអង្គ ខណៈពេលដែលព្រះអង្គធ្វើការ នៅក្នុង និងតាមរយៈអ្នក ។
ខគម្ពីរជញ្ជឹងគិត៖ នាងអេសធើរ ៦:១២-៧:១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ បរិទេវ ៣-៥ និង យ៉ូហាន ៦:៥២-៧១