
ការប្ដេជ្ញាចិត្តដ៏រឹងមាំ
ដោយAlistair Begg
September 19, 2026
«បានជាពួកសាសន៍យូដា គេតាំងទំនៀមនោះទុក ហើយក៏ទទួលថា ខ្លួនគេ ពួកកូនចៅ នឹងអស់អ្នកណាដែលចូលសាសន៍គេ នឹងរក្សាថ្ងៃទាំង២នោះ តាមសេចក្ដីដែលបានសរសេរទុក ហើយតាមវេលាកំណត់នោះរាល់តែឆ្នាំឥតខានឡើយ ហើយថា គេនឹងនឹកចាំ ហើយរក្សាថ្ងៃទាំង២នោះ នៅគ្រប់ទាំងដំណ គ្រប់ទាំងគ្រួ នៅអស់ទាំងខេត្ត នឹងទីក្រុងទាំងប៉ុន្មានជាដរាបទៅ មិនឲ្យបាត់ពីពួកសាសន៍យូដាឡើយ ឬឲ្យកូនចៅគេលែងនឹកចាំពីថ្ងៃនោះដែរ» ។ នាងអេសធើរ ៩:២៧-២៨
ពាក្យ «កាតព្វកិច្ច» មិនមែនជាពាក្យដែលពេញនិយម ក្នុងវប្បធម៌លោកខាងលិចឡើយ ។ តាមធម្មតា គេនិយាយថា «ខ្ញុំមិនចង់ឲ្យអ្នកមានអារម្មណ៍ថា វាជាកាតព្វកិច្ច ក្នុងន័យណាមួយទេ» ។ ប៉ុន្តែ កាតព្វកិច្ច ច្រើនតែមានភាពចាំបាច់ និងល្អ ។ ខ្ញុំចង់មានកាតព្វកិច្ចចំពោះភរិយាខ្ញុំទាំងស្រុង ហើយខ្ញុំក៏ចង់ឲ្យគាត់មានកាតព្វកិច្ចចំពោះខ្ញុំដែរ ។ កាលកូនៗរបស់ខ្ញុំនៅក្មេង ខ្ញុំចង់ឲ្យពួកគេមានកាតព្វកិច្ចចំពោះខ្ញុំ ក្នុងការគោរពសិទ្ធិអំណាចរបស់ខ្ញុំជាឪពុកម្តាយ ។ ហើយតាមពិត កាតព្វកិច្ចដែលយើងមានចំពោះគ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងជាមួយគ្នា គឺជាកាតព្វកិច្ចដែលយើងមានចំពោះព្រះជាមុន ។
បន្ទាប់ពីជនជាតិយូដា ទទួលបានការសង្គ្រោះរួចពីសេចក្តីហិនវិនាស ដោយសារស្នាដៃរបស់លោក ហាម៉ាន ពួកគេ «តាំងទំនៀមនោះទុក» ឬមានកាតព្វកិច្ចដ៏មុតមាំចំពោះការរំឭក ។ ពួកគេមិនបានប្ដេជ្ញាចិត្តចំពោះទំនៀមទម្លាប់ថ្មីនេះ ដោយមិនបានធ្វើអស់ពីចិត្តនោះទេ ។ ពួកគេពិតជាធ្វើតាមទំនៀមនោះយ៉ាងច្បាស់លាស់ ។ នេះហើយជាអត្ថន័យនៃកាតព្វកិច្ច ។ ជនជាតិយូដាមិនគ្រាន់តែមានការប្ដេជ្ញាចិត្តផ្ទាល់ខ្លួន តែក៏បានឲ្យកូនៗរបស់ខ្លួន និងអ្នកដែលចូលរួមជាមួយពួកគេ មានការប្ដេជ្ញាចិត្តផងដែរ ។ ពួកគេមានការប្ដេជ្ញាចិត្ត ដោយការយល់ដឹងច្បាស់លាស់ដូចនេះ គ្រប់ទីកន្លែង និងគ្រប់ជំនាន់ ។ ហើយ២៥០០ឆ្នាំក្រោយមក ប្រពៃណីបុណ្យពូរីមជាការរំឭកអំពីការជួយសង្រ្គោះនេះ នៅតែបន្ត ។ សហគមន៍ជនជាតិយូដាទូទាំងពិភពលោកបានបន្តប្រារព្ធពិធីបុណ្យនេះ ដោយសារអ្នកទាំងនេះបានប្ដេជ្ញាចិត្តថា នឹងមិនបណ្តោយឲ្យមនុស្សជំនាន់ក្រោយភ្លេចការជួយសង្គ្រោះរបស់ព្រះអម្ចាស់ នៅសម័យព្រះនាងអេសធើរ និងតាមរយៈសេចក្តីក្លាហានរបស់ព្រះនាង ។
វប្បធម៌របស់យើងប្រហែលជាប្រាប់យើងថា យើងមិនចាំបាច់ត្រូវមានកាតព្វកិច្ចចំពោះនរណាម្នាក់ ឬចំពោះអ្វីមួយឡើយ ហើយយើងអាចរស់នៅដើម្បីខ្លួនឯង នៅពេលឥឡូវនេះ និងនៅទីនេះ ហើយយើងអាចធ្វើការប្ដេជ្ញាចិត្តភាគច្រើន នៅពេលអនាគត បើសិនជាយើងមានអារម្មណ៍ថា ពិបាកធ្វើ ឬមិនមាននិរន្តរភាព ។ ប៉ុន្តែ ក្នុងនគរព្រះ ការប្ដេជ្ញាចិត្តមានភាពចាំបាច់ណាស់ ។ និយាយរួម ព្រះទ្រង់បានប្ដេជ្ញាថា នឹងជួយសង្គ្រោះ ហើយថែរក្សារាស្រ្តរបស់ទ្រង់ ។ អ្វីដែលអ្នកមានការប្ដេជ្ញាចិត្តចំពោះ និងប្រកាន់ខ្ជាប់តាម គឺបានឆ្លុះបញ្ចាំងថា អ្នកបានចាត់ទុកអ្វីខ្លះជាសំខាន់បំផុត ។ ដូចនេះ ចូរប្ដេជ្ញាចិត្តចំពោះការអបអរដំណឹងល្អ ដែលរាប់បញ្ចូលការចូលរួម ក្នុងពិធីបុណ្យសំខាន់បំផុតៗ ដែលព្រះទ្រង់បានប្រទានមកយើង ដើម្បីនឹកចាំ អំពីការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង ដូចជា ពិធីបុណ្យជ្រមុជទឹក និងពិធីលៀងព្រះអម្ចាស់ ។ ដូចនេះ ចូរប្រាកដថា ការប្រារព្ធពិធីសំខាន់ៗទាំងនេះ បន្តពីជំនាន់មួយទៅជំនាន់មួយទៀត ។ ទោះព្រះគ្រីស្ទមិនទាន់យាងមកវិញ ក្នុងរយៈពេល១ពាន់ឆ្នាំទៀត នៅតែមានអ្នកដែលស្គាល់ និងការពារដំណឹងល្អ ដោយសារកាតព្វកិច្ចដែលយើងមាន ក្នុងជំនាន់របស់យើង ។
ខគម្ពីរជញ្ជឹងគិត៖ នាងអេសធើរ ៩:២០-៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេម៉ុស ៧-៩ និង យ៉ូហាន ៨:១-២៩