នំម៉ាណាប្រចាំថ្ងៃ
គិត​ដល់​សុខុមាល​ភាព​អ្នក​ដទៃ

គិត​ដល់​សុខុមាល​ភាព​អ្នក​ដទៃ

ដោយAlistair Begg

September 20, 2026

«រីឯ​អស់​ទាំង​កិច្ចការ​នៃ​ព្រះ​ចេស្ដា នឹង​ឥទ្ធិ​ឫទ្ធិ​របស់​ទ្រង់ ព្រម​ទាំង​រឿង​សព្វ​គ្រប់​ពី​សក្តិយស​របស់​ម៉ាដេកាយ ដែល​ស្ដេច​បាន​តាំង​លោក​ឡើង​ដល់​ថ្នាក់​ណា នោះ​សុទ្ធតែ​បាន​កត់ទុក ក្នុង​សៀវភៅ​របាក្សត្រ​របស់​ពួក​ស្ដេច​សាសន៍​មេឌី នឹង​សាសន៍​ពើស៊ី​ហើយ ដ្បិត​ម៉ា​ដេកាយ ជា​សាសន៍​យូដា លោក​ជា​អ្នក​បន្ទាប់​នឹង​ស្ដេច​អ័ហាស៊ូរុស​​នោះ​ឯង ហើយក៏​ជា​អ្នក​ធំ​ក្នុង​ពួក​សាសន៍​យូដា ព្រម​ទាំង​មាន​ពួក​បង​ប្អូន​លោក​យ៉ាង​សន្ធឹក​រាប់​អាន​ផង ដោយ​លោក​រកតែ​សេចក្ដី​ល្អ​ដល់​សាសន៍​របស់​ខ្លួន ហើយ​និយាយ​ជា​ពាក្យ​ស្រគត់ស្រគំ​ដល់​ជាតិ​ផង» ។ នាងអេសធើរ ១០:២-៣
នៅពេល​ខ្លះ ក្នុង​ប្រវត្តិ​សាស្រ្ត មាន​មនុស្ស​ម្នាក់​លេច​មុខ​ឡើង ហើយ​បើ​គ្មាន​វត្ត​មាន​របស់​គាត់​ទេ អ្វីៗ​នឹង​មាន​ភាព​ខុស​ប្លែក​ពី​អ្វី​ដែល​យើង​មើល​ឃើញ​ក្នុង​ពេល​សព្វថ្ងៃ​ ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ គឺ​មាន​លោក វីនស្តុន ឈើឈីល (Winston Churchill)ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ជា​រដ្ឋ​បុរស និង​អ្នក​ការពារ​សេរី​ភាព​ ។ គ្មាន​សិស្ស​ប្រវត្តិ​សាស្រ្ត​ណា ដែល​អាច​បដិសេធ តួនាទី​ដ៏​សំខាន់​របស់​លោក​ឈើឈីល ក្នុង​ការ​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ប្រវត្តិ​សាស្រ្ត​សង្គ្រាម​លោក​លើកទី២ និង​ផល​វិបាក​នៃ​សង្គ្រាម​នេះ​នោះ​ឡើយ​ ។ ប៉ុន្តែ ជា​ញឹក​ញាប់ ជំនោរ​នៃ​ប្រវត្តិ​សាស្រ្ត​ហាក់​ដូចជា​ឡើង​ចុះ ដោយ​សារ​សកម្មភាព​របស់​មនុស្ស​ណា​ម្នាក់ មិន​អាច​រា​រាំង​បាន​ដំណើរ​ទៅមុខ​នៃ​ប្រវត្តិ​សាស្រ្ត​បានទេ ប៉ុន្តែ អ្នក​នៅតែ​អាច​គិត អំពី​សកម្មភាព​របស់​បុគ្គល​ណា​ម្នាក់ ក្នុង​ប្រទេស​ជាតិ និង​សង្គម​របស់​អ្នក ដែល​បាន​ធ្វើ​ឲ្យ​ប្រវត្តិ​សាស្រ្ត​ផ្លាស់​ប្តូរ​ទិសដៅ តាម​របៀប​ច្បាស់​លាស់​ណាមួយ​ ។
កាលពី​សតវត្សរ៍ទី៥មុនគ្រីស្ទ​សករាជ លោក ​ម៉ាដេកាយ គឺជា​បុគ្គល​ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​នេះឯង​ ។ ព្រឹត្តិការណ៍​នៃ​ជីវិត​គាត់ ត្រូវ​បាន​កត់ទុក​ក្នុង​ពង្សាវតារ​នៃ​ជនជាតិ​មីឌី និង​ពើស៊ី ព្រោះ​បើ​គាត់​មិន​បាន​លេច​មុខ​ចេញ​មក​ទេ អ្វីៗ​ប្រាកដ​ជា​កើត​ឡើង​ខុសពី​នេះ​ ។ 
លោក ​ម៉ា​ដេកាយ មិនមែន​ជា​ជនជាតិ​ពើស៊ី​ទេ​ ។ គាត់​ជា​ជនជាតិ​យូដា និង​បាន​រស់នៅ​ជា​ជនជាតិ​យូដា​ដោយ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ (ព្រះ​ពិតតែ​មួយ)ដោយ​រស់នៅ​តាម​របៀប​ខុសពី​គាត់ និង​ប្រកាន់​ខ្ជាប់​ប្រពៃណី​ខុសពី​សាសន៍​ពើស៊ី​ ។ ទោះ​គាត់​មាន​ភាព​ខុស​ប្លែក​យ៉ាង​ខ្លាំង​ពី​គេ​ក៏ដោយ ក៏​គាត់​បាន​ទទួល​កិត្តិយស​ពី​ជនជាតិ​ពើស៊ី មិនមែន​ដោយសារ​គាត់​ចាក់​ខ្សែ ឬ​ព្យាយាម​ផ្គាប់​ព្រះទ័យ​ស្តេច​អ័ហាស៊ូរុស តែ​ដោយសារ​គាត់​មាន​ភាព​ទៀង​ត្រង់ និង​មាន​ក្រម​សីលធម៌​ដ៏​នឹងនរ​ ។ លោក ​ម៉ាដេកាយ មិន​បាន​ព្យាយាម​ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត​គាត់​ទេ​ ។ តែ​គាត់​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ គឺ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ឲ្យ​គាត់​ធ្វើ​ ។ 
នៅពេល​ដែល​នរណា​ម្នាក់​បាន​ទទួល​មុខ​តំណែង​មាន​ឥទ្ធិពល ពួកគេ​ច្រើនតែ​មាន​គេ​មិន​ចូល​ចិត្ត ដោយសារ​ការ​ច្រណែន​​ ។ ប្រជាប្រិយ​ភាព​ដ៏​ស្ថិត​ស្ថេរ​ដែល​លោក ​ម៉ា​ដេកាយ​មាន ក្នុង​ចំណោម​ជន​រួម​ជាតិ​យូដា មិនមែន​ជា​រឿង​ចម្លែក​ទេ​ ។ អាច​មកពី​គាត់​យក​ចិត្ត​ទុកដាក់​ចំពោះ​ពួកគេ​ ។ គាត់​មិន​បាន​កាត់​ផ្តាច់​ខ្លួន​ចេញ ឬ​លែង​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ប្រជាជន​របស់​គាត់​នោះ​ទេ ប៉ុន្តែ ផ្ទុយ​ទៅវិញ​គាត់​បាន​ប្រើ​មុខ​តំណែង​របស់​គាត់ ដើម្បី​សុខុមាល​ភាព​របស់​អ្នក​ដទៃ ជាជាង​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​បាប និង​ដើម្បី​និយាយ «ពាក្យ​សន្តិភាព​ទៅ​កាន់​ប្រជាជន​របស់​គាត់» ។72 ចូរ​យើង​រៀន​សូត្រ​ពី​​លោក ​ម៉ាដេកាយ​ ។ ចូរ​ដាក់​គោលដៅ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ អ្វី​ដែល​ព្រះ​ទ្រង់​ឲ្យ​អ្នក​ធ្វើ នៅ​កន្លែង និង​ពេល​វេលា ដែល​ព្រះអង្គ​បាន​កំណត់​ឲ្យ​អ្នក​ ។ ចូរ​យក​គំរូ​តាម​គាត់ ហើយ​តាមរយៈ​​កេរ​ដំណែល​របស់​អ្នក ​គេ​នឹង​បាន​ដឹង​ថា ដោយសារ​អ្នក​មាន​គំនិត​ដែល​ចង់​ផ្គាប់​ព្រះទ័យ​ព្រះ អ្នក​ក៏​មាន​គំនិត​ដែល​គិត​ដល់​អ្នក​ដទៃ ធ្វើ​អ្វីៗ​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​នាំ​ឲ្យ​ពួកគេ​ទទួល​បាន​ការ​សម្រាក សុខុមាល​ភាព សន្តិភាព និង​ការ​រីកចម្រើន​ ។ ការ​ប្រព្រឹត្ត​របស់​អ្នក​ប្រហែល​មិន​ទំនងជា​ត្រូវ​គេ​កត់ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្រ្ត​ពិភពលោក​នោះ​ទេ ប៉ុន្តែ ព្រះ​ទ្រង់​នឹង​កត់ទុក ហើយ​ឲ្យ​តម្លៃ​អស់​កល្ប​ជានិច្ច​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ នាងអេសធើរ ១០:១-៣
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ អេសេគាល ១-២ និង យ៉ូហាន ៨:៣០-៥៩

ប្រភេទ