
វិធីជម្នះការច្រណែន
ដោយAlistair Begg
September 23, 2026
«សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់ ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន» ។ សុភាសិត ២៧:៤
ការច្រណែនបានបណ្តាលឲ្យមនុស្សជាតិធ្លាក់ចុះ ចាប់តាំងពីដើមដំបូងមកម្ល៉េះ ។
ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៤ ការច្រណែនដែលលោក កាអ៊ីនមាន ចំពោះលោក អេបិល ជាបងប្អូនបានបណ្តាលឲ្យមានឃាតកម្ម ។ យើងងាយនឹងបដិសេធថា រឿងរបស់ពួកគេមិនមានប្រយោជន៍អ្វីចំពោះយើង ដោយសារយើងមិនធ្លាប់សម្លាប់មនុស្ស ឬមិនមានការល្បួងឲ្យសម្លាប់មនុស្សឡើយ យើងនៅតែអាចបំផ្លាញមនុស្ស ដែលយើងច្រណែន ដោយមិនបាច់យកដៃទៅប៉ះពួកគេ តែតាមរយៈពាក្យសម្តីឈ្នានីស ជាជាងឲ្យពរគេ ។ មិនតែប៉ុណ្ណោះ ពេលណាយើងមិនពិនិត្យចិត្តយើង រកមើលការច្រណែនទេ វាអាចបំផ្លាញយើង ហើយធ្វើឲ្យយើងមានអារម្មណ៍ថាពិបាកពេក ។
ការច្រណែនចម្រើនឡើង ពេលណាអ្នកដទៃបានទទួលបានអ្វីមួយច្រើនជាង ឬល្អជាងយើង ។ វាអាចចាក់ទម្លុះចិត្តយើង ពេលយើងសង្កេតឃើញជីវិតអ្នកដទៃ ដែលយើងមិនស្គាល់ច្បាស់ ព្រោះយើងគ្រាន់តែយល់ឃើញថា ពួកគេមានអ្វីដែលល្អជាងយើង ។ នៅពេលដែលអ្នកផ្សេងមានសុភមង្គល ភាពជោគជ័យ ឬកេរ្តិ៍ឈ្មោះល្អ ភាពច្រណែនអាចកើតមានក្នុងចិត្តយើង ក្នុងទម្រង់ជាការអាណិតខ្លួនឯង ដែលធ្វើឲ្យយើងមិនអរសប្បាយចំពោះពួកគេ ។ ចូរយើងពិចារណាអំពីរឿងកូនពៅវង្វេងចុះ (លូកា ១៥:១១-៣២)ត្រង់ចំណុច ដែលកូនច្បងមិនចង់អបអរជាមួយ នៅពេលដែលគាត់បានឃើញឪពុកធ្វើពិធីជប់លៀង សម្រាប់ការវិលត្រឡប់មកវិញរបស់កូនពៅវង្វេងដែលបង្ហិនទ្រព្យ ។ តើហេតុអ្វី? ព្រោះទោះឪពុកគាត់នៅតែពេញចិត្តនឹងគាត់ក៏ដោយ ក៏គាត់នៅតែមិនសប្បាយចិត្ត ចំពោះការអត់ឱនទោស និងការទទួលស្គាល់ដ៏រីករាយ ដែលប្អូនគាត់បានទទួល ។ ការច្រណែនអាចធ្វើឲ្យយើង មានការទាស់ប្រឆាំងនឹងមនុស្សដែលមិនធ្លាប់ចង់ធ្វើអាក្រក់មកលើយើង ។ នៅពេលដែលពួកបងៗរបស់លោក យ៉ូសែប ឃើញឪពុកស្រឡាញ់គាត់ជាងគេ «គេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ» (លោកុប្បត្តិ ៣៧:៤)។ ភ្លាមៗនោះ នៅតុអាហារពេលព្រឹក ទំនាក់ទំនងរបស់ពួកគេបានបាក់បែក ទោះលោក យ៉ូសែបមិនបានធ្វើអ្វីខុសក៏ដោយ! គាត់មិនដែលមានចេតនាធ្វើខុស ឬធ្វើបាបបងប្អូនគាត់ទេ តែពួកគេបានស្អប់គាត់ ដោយសារគ្រាប់ពូជនៃការច្រណែនបានដុះឡើង ក្នុងចិត្តរបស់ពួកគេ ។
ការច្រណែន ក៏ជាការខកខានមិនបានទទួលស្គាល់ថា ព្រះទ្រង់ជ្រាបថា ទ្រង់កំពុងធ្វើអ្វី នៅពេលដែលព្រះអង្គចែកអំណោយដល់យើង ។ ពេលណាយើងច្រណែនភាពជោគជ័យរបស់អ្នកដទៃ គឺមិនខុសពីការនិយាយទៅកាន់ព្រះអង្គថា «ព្រះអង្គគួរតែយល់ហើយថា ទូលបង្គំគួរតែបានឡើងទៅដល់ចំណុចនោះ ... ទូលបង្គំគួរតែស្អាតដូចគាត់ ... ទូលបង្គំគួរតែមានអ្វីដែលគាត់មាន» ។ ប៉ុន្តែ តើជាងស្មូនត្រូវស៊ូទ្រាំនឹងការសួរសំណួរដូចនេះ ពីដីឥដ្ឋឬទេ (អេសាយ ៦៤:៨)?
ហេតុអ្វីអ្នកគិតថា យើងអាចចោទសួរអំពីប្រាជ្ញារបស់ព្រះយ៉ាងដូចនេះ ខណៈពេលដែលព្រះអង្គកំពុងគ្រប់គ្រងជីវិតយើង និងអ្នកដទៃ? ព្រះអង្គបានបង្កើតយើង រៀបចំកាលៈទេសៈនៃជីវិតយើង តាមបំណងព្រះទ័យព្រះអង្គ ។ កម្រមានបុរសឬស្រ្តីណា ដែលមិនធ្លាប់តយុទ្ធនឹងការច្រណែន ដោយហេតុផលណាមួយ នៅពេលណាមួយឡើយ ។ ដូចនេះ តើមានថ្នាំបន្សាបអ្វីសម្រាប់បញ្ហានេះ? ដោយជំនួយពីព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវទទួលស្គាល់ថា ការច្រណែនគឺជាបាប ហើយត្រូវទូលសូមព្រះអង្គជួយយើងរាល់ថ្ងៃ ឲ្យជីករំលើងវាចេញ ដោយអស់ពីចិត្ត ដោយមិនបង្អង់យូរ ។ ហើយដោយជំនួយពីព្រះវិញ្ញាណ យើងអាចពិចារណា អំពីអ្វីៗដែលយើងមានក្នុងព្រះគ្រីស្ទ ដ្បិតពេលណាយើងគិតអំពីព្រះពរខាងវិញ្ញាណ ដែលយើងមាន តាមរយៈព្រះអង្គ ការច្រណែននឹងក្រៀមស្វិត ហើយការស្កប់ចិត្តក៏បានកើតឡើងជាជំនួសវិញ ។ ចូរកុំបណ្តោយឲ្យការច្រណែនកើនឡើង ក្នុងចិត្តអ្នកនៅថ្ងៃនេះ ហើយបើអ្នកមានការច្រណែន ចូរជីករំលើងឫសវា ។
ខគម្ពីរជញ្ជឹងគិត៖ ១ធីម៉ូថេ ៥:៦-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៨-១០ និង យ៉ូហាន ១០:១-២១