នំម៉ាណាប្រចាំថ្ងៃ
វិធី​ជម្នះ​ការ​ច្រណែន

វិធី​ជម្នះ​ការ​ច្រណែន

ដោយAlistair Begg

September 23, 2026

«សេចក្ដី​ឃោរឃៅ ជា​សេចក្ដី​ដែល​សាហាវ​ណាស់ ហើយ​សេចក្ដី​កំហឹង​ក៏​ខ្លាំង​ក្លា​ដែរ តែ​ឯ​សេចក្ដី​ប្រចណ្ឌ តើ​អ្នកណា​នឹង​ទប់ទល់​បាន» ។ សុភាសិត ២៧:៤
ការ​ច្រណែន​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាតិ​ធ្លាក់​ចុះ ចាប់​តាំង​ពីដើម​ដំបូង​មក​ម្ល៉េះ​ ។ 
ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក៤ ការ​ច្រណែន​ដែល​លោក ​កាអ៊ីន​មាន ​ចំពោះ​លោក ​អេបិល ជា​បង​ប្អូន​​បាន​បណ្តាល​ឲ្យ​មាន​ឃាតកម្ម​ ។ យើង​ងាយ​នឹង​បដិសេធ​ថា រឿង​របស់​ពួកគេ​មិន​មាន​ប្រយោជន៍​អ្វី​ចំពោះ​យើង ដោយសារ​យើង​មិន​ធ្លាប់​សម្លាប់​មនុស្ស ឬ​មិន​មាន​ការ​ល្បួង​ឲ្យ​សម្លាប់​មនុស្ស​ឡើយ យើង​នៅតែ​អាច​បំផ្លាញ​មនុស្ស ដែល​យើង​ច្រណែន ដោយ​មិន​បាច់​យកដៃ​ទៅ​ប៉ះ​ពួកគេ តែ​តាមរយៈ​ពាក្យ​សម្តី​ឈ្នានីស ជាជាង​ឲ្យពរ​គេ​ ។ មិន​តែ​ប៉ុណ្ណោះ ពេលណា​យើង​មិន​ពិនិត្យ​ចិត្ត​យើង រកមើល​ការ​ច្រណែន​ទេ វា​អាច​បំផ្លាញ​យើង ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ពិបាក​ពេក​ ។
ការ​ច្រណែន​ចម្រើន​ឡើង ពេលណា​អ្នក​ដទៃ​បាន​ទទួល​បាន​អ្វីមួយ​ច្រើន​ជាង ឬ​ល្អ​ជាង​យើង​ ។ វា​អាច​ចាក់​ទម្លុះ​ចិត្ត​យើង ពេល​យើង​សង្កេត​ឃើញ​ជីវិត​អ្នក​ដទៃ ដែល​យើង​មិន​ស្គាល់​ច្បាស់ ព្រោះ​យើង​គ្រាន់តែ​យល់​ឃើញថា ពួកគេ​មាន​អ្វី​ដែល​ល្អ​ជាង​យើង​ ។ នៅពេល​ដែល​អ្នក​ផ្សេង​មាន​សុភមង្គល ភាព​ជោគជ័យ ឬ​កេរ្តិ៍​ឈ្មោះ​ល្អ ភាព​ច្រណែន​អាច​កើត​មាន​ក្នុង​ចិត្ត​យើង ក្នុង​ទម្រង់​ជា​ការ​អាណិត​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​យើង​មិន​អរ​សប្បាយ​ចំពោះ​ពួកគេ​ ។ ចូរ​យើង​ពិចារណា​អំពី​រឿង​កូនពៅ​វង្វេង​ចុះ (លូកា ១៥:១១-៣២)ត្រង់​ចំណុច ដែល​កូន​ច្បង​មិន​ចង់​អបអរ​ជាមួយ នៅពេល​ដែល​គាត់​បាន​ឃើញ​ឪពុក​ធ្វើ​ពិធីជប់លៀង​ សម្រាប់​ការ​វិល​ត្រឡប់​មកវិញ​របស់​កូនពៅ​វង្វេង​ដែល​បង្ហិន​ទ្រព្យ​ ។ តើ​ហេតុ​អ្វី? ព្រោះ​ទោះ​ឪពុក​គាត់​នៅតែ​ពេញ​ចិត្ត​នឹង​គាត់​ក៏ដោយ ក៏​គាត់​នៅតែ​មិន​សប្បាយ​ចិត្ត ចំពោះ​​ការ​អត់ឱន​ទោស និង​ការ​ទទួល​ស្គាល់​ដ៏​រីករាយ ដែល​ប្អូន​គាត់​បាន​ទទួល​ ។ ការ​ច្រណែន​អាច​ធ្វើ​ឲ្យ​យើង មាន​ការ​ទាស់​ប្រឆាំង​នឹង​មនុស្ស​ដែល​មិន​ធ្លាប់​ចង់​ធ្វើ​​អាក្រក់​មក​លើ​យើង​ ។ នៅពេល​ដែល​ពួក​បង​ៗ​របស់​លោក ​យ៉ូសែប ឃើញ​ឪពុក​ស្រឡាញ់​គាត់​ជាង​គេ «គេ​ព្រួត​គ្នា​ស្អប់​ដល់​គាត់ ហើយ​និយាយ​អ្វី​នឹង​គាត់​ដោយ​ស្រួល​ពុំ​បានទេ» (លោកុប្បត្តិ ៣៧:៤)។ ភ្លាមៗ​នោះ នៅ​តុ​អាហារ​ពេល​ព្រឹក ទំនាក់​ទំនង​របស់​ពួកគេ​បាន​បាក់​បែក ទោះ​លោក ​យ៉ូសែប​មិន​បាន​ធ្វើ​អ្វី​ខុស​ក៏ដោយ! គាត់​មិន​ដែល​មាន​ចេតនា​ធ្វើ​ខុស ឬ​ធ្វើ​បាប​បង​ប្អូន​គាត់​ទេ តែ​ពួកគេ​បាន​ស្អប់​គាត់ ដោយសារ​គ្រាប់ពូជ​នៃ​ការ​ច្រណែន​បាន​ដុះ​ឡើង ក្នុង​ចិត្ត​របស់​ពួកគេ​ ។
ការ​ច្រណែន ក៏​ជា​ការ​ខកខាន​មិន​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​ជ្រាប​ថា ទ្រង់​កំពុង​ធ្វើ​អ្វី នៅពេល​ដែល​ព្រះ​អង្គ​ចែក​អំណោយ​ដល់​យើង​ ។ ពេលណា​យើង​ច្រណែន​ភាព​ជោគជ័យ​របស់​អ្នក​ដទៃ គឺ​មិន​ខុសពី​ការ​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ថា «ព្រះអង្គ​គួរតែ​យល់​ហើយ​ថា ទូល​បង្គំ​គួរតែ​បាន​ឡើង​ទៅដល់​ចំណុច​នោះ ... ទូល​បង្គំ​គួរតែ​ស្អាត​ដូច​គាត់ ... ទូល​បង្គំ​គួរតែ​មាន​អ្វី​ដែល​គាត់​មាន» ។ ប៉ុន្តែ តើ​ជាង​ស្មូន​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​សួរ​សំណួរ​ដូច​នេះ ពី​ដី​​ឥដ្ឋ​ឬ​ទេ (អេសាយ ៦៤:៨)? 
ហេតុ​អ្វី​អ្នក​គិតថា យើង​អាច​ចោទ​​សួរ​អំពី​ប្រាជ្ញា​របស់​ព្រះ​យ៉ាង​ដូច​នេះ ខណៈ​ពេល​ដែល​ព្រះអង្គ​កំពុង​គ្រប់​គ្រង​ជីវិត​យើង និង​អ្នក​ដទៃ? ព្រះអង្គ​បាន​បង្កើត​យើង រៀបចំ​កាលៈទេសៈ​នៃ​ជីវិត​យើង តាម​បំណង​ព្រះទ័យ​ព្រះអង្គ​ ។​ កម្រ​មាន​បុរស​ឬ​ស្រ្តី​ណា ដែល​មិនធ្លាប់​ត​យុទ្ធ​នឹង​ការ​ច្រណែន ដោយ​ហេតុផល​ណាមួយ នៅពេល​ណាមួយ​ឡើយ​ ។ ដូច​នេះ តើមាន​ថ្នាំ​បន្សាប​អ្វី​សម្រាប់​បញ្ហា​នេះ? ដោយ​ជំនួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ យើង​ត្រូវ​ទទួល​ស្គាល់​ថា ការ​ច្រណែន​គឺ​ជា​បាប ហើយ​ត្រូវ​ទូល​សូម​ព្រះ​អង្គ​ជួយ​យើង​រាល់​ថ្ងៃ ឲ្យ​ជីក​​រំលើង​វា​ចេញ ដោយ​អស់ពី​ចិត្ត ដោយ​មិន​បង្អង់​យូរ​ ។ ហើយ​ដោយ​ជំនួយ​ពី​ព្រះ​វិញ្ញាណ យើង​អាច​ពិចារណា អំពី​អ្វីៗ​ដែល​យើង​មាន​ក្នុង​ព្រះគ្រីស្ទ ដ្បិត​ពេលណា​យើង​គិត​អំពី​ព្រះពរ​ខាង​វិញ្ញាណ ដែល​យើង​មាន តាមរយៈ​ព្រះអង្គ ការ​ច្រណែន​នឹង​ក្រៀម​ស្វិត ហើយ​ការ​ស្កប់​ចិត្ត​ក៏​បាន​កើត​ឡើងជា​ជំនួស​វិញ​ ។ ចូរ​កុំ​បណ្តោយ​ឲ្យ​ការ​ច្រណែន​កើន​ឡើង ក្នុង​ចិត្ត​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បើ​អ្នក​មាន​ការ​ច្រណែន ចូរ​ជីក​​រំលើង​ឫស​វា​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ១ធីម៉ូថេ ៥:៦-១០
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ អេសេគាល ៨-១០ និង យ៉ូហាន ១០:១-២១

ប្រភេទ