
ព្រះត្រៃឯកដ៏មានពរ
ដោយAlistair Begg
September 25, 2026
«អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ានឹងបានប្រោសឲ្យរួច» ។ យ៉ូអែល ២:៣២
តាមពិត មានពាក្យមួយចំនួនក្នុងជំនឿគ្រីស្ទាន ដែលមិនមានប្រើក្នុងព្រះគម្ពីរប៊ីប ។ ឧទាហរណ៍ អ្នកមិនអាច រកឃើញពាក្យ «អ្នកជំនួស» ក្នុងព្រះគម្ពីររបស់អ្នកទេ តែពាក្យនេះបានឆ្លុះបញ្ចាំងអត្ថន័យដ៏ស៊ីជម្រៅ នៃការអ្វីដែលបានកើតឡើង នៅពេលដែលព្រះរាជបុត្រានៃព្រះសុគត ជំនួយមនុស្សមានបាប ។ អ្នកក៏មិនអាចរកឃើញពាក្យ ព្រះត្រៃឯក ក្នុងព្រះគម្ពីរដែរ តែពាក្យនេះជួយឲ្យយើងរៀនគោលលទ្ធិដ៏ត្រឹមត្រូវ ឲ្យបានដឹងថា ព្រះអង្គជានរណា ។ ពាក្យនេះបានឆ្លុះបញ្ចាំងអំពីសេចក្តីពិតដ៏អស្ចារ្យ ។
គោលលទ្ធិអំពីព្រះត្រៃឯកមានលក្ខណៈកាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀត នៅត្រង់ចំណុចដែលថា គោលលទ្ធិនេះបានកើតមាន ក្នុងជំនឿ ដែលជឿយ៉ាងមុតមាំថា ព្រះពិតមានតែមួយ ។ សេចក្តីពិតដែលថា ព្រះពិតមានតែមួយ គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកជឿ នៅគ្រាសញ្ញាចាស់ ។ បទគម្ពីរដែលបានបានឆ្លុះបញ្ចាំងអំពីជំនឿលើព្រះពិតតែមួយ ក្នុងជំនឿសាសន៍ហេព្រើរ ដែលជនជាតិយូដាម្នាក់ៗជឿក្នុងចិត្ត បានប្រកាសថា «ព្រះអម្ចាស់គឺជាព្រះ ហើយព្រះអម្ចាស់ជាព្រះពិតតែមួយ» (ចោទិយកថា ៦:៤)។ យើងអាចរកឃើញសេចក្តីសង្គ្រោះតែក្នុងព្រះអង្គប៉ុណ្ណោះ ដូចមានសេចក្តីចែងថា «អស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ព្រះអម្ចាស់ នឹងបានសង្គ្រោះ» ។ រាស្រ្តនៃសេចក្តីសញ្ញាចាស់របស់ព្រះជឿច្បាស់ថា ព្រះពិតមានតែមួយ បានជាគេពិបាកនិយាយពន្លើសអំពីជំនឿរបស់ពួកគេបាន ។
រឿងនេះបានកើតឡើង នៅពេលដែលពួកជំនុំដំបូងបានផ្ទុះចេញជារូបរាង្គឡើង ក្នុងទីក្រុងយេរូសាឡិម ។ សម្រាប់មនុស្សដូចសាវ័កពេត្រុស និងសាវ័កប៉ុល ពួកគាត់បានដឹងច្បាស់ អំពីការរួបរួមរបស់ព្រះ ។ វិធីតែមួយ ដើម្បីឲ្យពួកគាត់អាចយល់ដឹងថា ព្រះពិតមានបីអង្គ គឺទាល់តែព្រះអង្គបង្ហាញអង្គទ្រង់ដល់ពួកគេ ។ អង្គព្រះយេស៊ូវគ្រីស្ទបានបង្ហាញអង្គទ្រង់យ៉ាងដូចនេះឯង ដោយព្រះអង្គប្រកាសថា ព្រះអង្គមានអំណាចអត់ទោសបាប និងបង្ហាញភស្តុតាងបញ្ជាក់ថា ព្រះអង្គមានអំណាចនោះមែន ដោយធ្វើអ្វីដែលមានតែព្រះទេអាចធ្វើបាន (ម៉ាកុស ២:១-១២)។ ព្រះយេស៊ូវក៏បានបង្ហាញអង្គទ្រង់ ធ្វើជាព្រះរាជបុត្រានៃព្រះវរបិតា តាមរបៀបនេះ ហើយព្រះត្រៃឯកក៏បានចាត់ព្រះវិញ្ញាណ ទៅរករាស្រ្តរបស់ទ្រង់ (យ៉ូហាន ១៤:២៣-២៦)។ បន្ទាប់មក មុនពេលព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ ព្រះអង្គក៏បានបង្គាប់ពួកសាវ័ក ឲ្យទៅបង្កើតសិស្សនៅគ្រប់ទាំងសាសន៍ ហើយធ្វើបុណ្យជ្រមុជឲ្យគេ ក្នុងព្រះនាមរបស់ព្រះ ដោយព្រះអង្គបញ្ជាក់ព្រះនាមទាំង៣អង្គច្បាស់ថា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ (ម៉ាថាយ ២៨:១៩-២០)។ ពួកសាវ័កបានដឹងថា ព្រះអម្ចាស់នៃសញ្ញាចាស់ បានគង់នៅជាមួយពួកគេ តាមរយៈព្រះយេស៊ូវ ។ ពួកគេបានទៅរកត្រីជាមួយព្រះអម្ចាស់ បានអង្គុយនៅទៀបព្រះបាទព្រះអង្គ ហើយក៏បានឃើញព្រះអង្គធ្វើការអស្ចារ្យ ។ ហើយពួកគេក៏បានយល់អំពីរឿងនេះ នៅពេលដែលពួកគេជំរុញមនុស្សទាំងឡាយ ឲ្យអំពាវនាវព្រះនាមព្រះអម្ចាស់ ដើម្បីឲ្យបានសង្គ្រោះ និយាយរួម ពួកសាវ័កកំពុងជំរុញគេឲ្យអំពាវព្រះនាមព្រះយេស៊ូវគ្រីស្ទ (កិច្ចការ ២:២១ រ៉ូម ១០:១៣)។
សម្រាប់ពួកសាវ័ក ការយល់ដឹងនេះកើតមាន នៅពេលដែលព្រះវិញ្ញាណនៃព្រះធ្វើការក្នុងចិត្ត និងគំនិតពួកគេ ខណៈពេលដែលពួកគេពិចារណា អំពីការអ្វីដែលព្រះយេស៊ូវបង្រៀនពួកគេ និងការអ្វីដែលព្រះអង្គបានធ្វើ ។ សម្រាប់យើង យើងមានការយល់ដឹងដូចនេះដែរ នៅពេលដែលយើងជញ្ជឹងគិតព្រះគម្ពីរ ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណបំភ្លឺយើងឲ្យយល់អ្វីដែលមានចែងនៅលើទំព័រព្រះគម្ពីរ ។ ប៉ុន្តែ សេចក្តីពិតអំពីលក្ខណៈសម្បត្តិរបស់ព្រះត្រៃឯក មិនមែនសម្រាប់តែការហ្វឹកហាត់ផ្លូវចិត្តប៉ុណ្ណោះទេ តែក៏គួរតែបណ្តាលចិត្តយើង ឲ្យមានការគោរពស្រឡាញ់កាន់តែខ្លាំងឡើង ចំពោះព្រះដ៏ធំធេង អាថ៌កំបាំង និងលើសពីការគិតរបស់យើង ដែលបានយាងមករកយើង ។ ហើយក៏គួរតែបណ្តាលចិត្តយើង ដូចដែលបានបណ្តាលចិត្តពួកសាវ័ក ឲ្យចូលទៅក្នុងលោកិយដែលមិនជឿ ដោយទំនុកចិត្តថា ព្រះត្រៃឯក ដែលមានព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ នឹងនាំមនុស្សឲ្យចូលមករកព្រះអង្គ តាមរយៈការប្រកាសដំណឹងល្អ ។
ខគម្ពីរជញ្ជឹងគិត៖ យ៉ូអែល ២:២១-៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ១៤-១៥ និង យ៉ូហាន ១១:១-២៧