
ផែនការអាថ៌កំបាំង
ដោយAlistair Begg
September 27, 2026
«ដល់ថ្ងៃស្អែក យើងបានចូលទៅចតនៅក្រុងស៊ីដូន នោះយូលាសបានប្រព្រឹត្តនឹងប៉ុលដោយសប្បុរស បានបើកឲ្យគាត់ទៅសួរពួកសំឡាញ់ នឹងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ» ។ កិច្ចការ ២៧:៣
បទគម្ពីរកិច្ចការ ៧:៥៨ បានចែងថា លោក សូល ជាអ្នកស្រុកតើសុស បានជួយមើលអាវក្រៅ របស់ពួកអ្នកដែលកំពុងចោលថ្មសម្លាប់លោក ស្តេផាន ជាអ្នកស្លាប់ដោយសារជំនឿដំបូងរបស់ពួកជំនុំ ។ មិនយូរប៉ុន្មាន លោក សូល (ដែលក្រោយមកមានឈ្មោះថា ប៉ុល)បាននាំមុខគេ នៅក្នុងការបៀតបៀន ដែលបណ្តាលឲ្យគ្រីស្ទានជាច្រើន ត្រូវគេបណ្តេញចេញពីទីក្រុងយេរូសាឡិម ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយទៅតំបន់ជិតខាង ហើយក៏បានផ្សាយដំណឹងល្អនៅកន្លែងដែលពួកគេទៅដល់ (៨:៣-៤)! ហើយបន្ទាប់មក លោក សូលក៏បានប្រែចិត្តជឿព្រះ ដោយព្រះគ្រីស្ទប្រទានក្តីជំនឿដល់គាត់ ហើយជ្រើសតាំងគាត់ធ្វើជាពួកសាវ័ក ទោះគាត់ធ្លាប់បាន «បញ្ចេញសេចក្ដីគំរាម នឹងពាក្យកំហែង ព្រមទាំងការសំឡាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់» ក៏ដោយ (៩:១)។
ដូចនេះ គិតត្រឹមបទគម្ពីរកិច្ចការ ២៧:៣ លោក សូល ក៏ត្រូវបានគេស្គាល់ថា មានឈ្មោះប៉ុល មានមិត្តភក្តិជាគ្រីស្ទានម្នាក់ នៅស្រុកស៊ីដូន ទំនងជាសមាជិករបស់សហគមន៍មួយ ដែលគេបានបង្កើតក្នុងទីក្រុង នៅសម័យដែលមានការបៀតបៀន និងការខ្ចាត់ខ្ចាយ បន្ទាប់ពីការស្លាប់របស់លោក ស្តេផាន ។ មិត្តសំឡាញ់ដែលបានយកអសារសាវ័កប៉ុលនៅស្រុកស៊ីដូន បាននៅទីនោះ ដោយសារកាលពីមុន ពួកគេបានគេចខ្លួនពីការបៀតបៀនដ៏កាចសាហាវរបស់គាត់ ។ ព្រះទ្រង់ «សម្រេចផែនការដ៏អស្ចារ្យរបស់ព្រះអង្គ តាមរបៀបដែលយើងមិនបានរំពឹងគិត ឬយល់ច្បាស់» ។78
បើសិនជាយើងស្ថិតក្នុងចំណោមមនុស្ស ដែលលោក សូលបានបៀតបៀន យើងទំនងជាចូលរួមជាមួយពួកគេ ក្នុងការពោលទំនួញថា ឱព្រះអម្ចាស់ យើងខ្ញុំរាល់គ្នាកំពុងតែខ្ចាត់ខ្ចាយ ។ គ្រួសារកំពុងតែបែកបាក់ ។ សហគមន៍របស់យើងកំពុងតែបែកបាក់ ។ តើនេះមិនមែនជារឿងដ៏អាក្រក់ និងគួរឲ្យភ័យខ្លាចទេឬ? ពួកគេពិតជាមើលឃើញដូច្នោះមែន ។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែក្នុងសោកនាដកម្មធំយ៉ាងនេះ ក៏យើងនៅតែអាចមើលឃើញផែនការដ៏អាថ៌កំបាំងរបស់ព្រះបានសម្រេច ដោយលោក ប៉ុលបានក្លាយជាគ្រីស្ទាន ហើយក៏បានទទួលសេចក្តីសប្បុរសពីពួកជំនុំ ដែលបានកើតមានក្នុងទីក្រុងនោះ ក៏ដោយសារគាត់ធ្លាប់បានបៀតបៀនពួកគេដោយមិនបន្ធូរដៃ ។
នៅពេលណាមួយ យើងនឹងមានការយល់ដឹងត្រឹមត្រូវ អំពីភាពរញ៉េរញ៉ៃដែលបានចាក់ស្រែសក្នុងជីវិតយើង ក្នុងពេលបច្ចុប្បន្ន ដែលជាទុក្ខលំបាក និងការខកចិត្តរបស់យើង ។ យើងគួរចាំថា …
ការអ្វីដែលព្រះទ្រង់ប្រទានពរ គឺមានប្រយោជន៍
ទោះវាធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់ក៏ដោយ ។
ការអ្វីដែលព្រះអង្គមិនប្រទានពរ អាចមានគ្រោះថ្នាក់ ទោះវាមើលទៅហាក់ដូចជាល្អក៏ដោយ ។
អ្វីៗដែលយើងមើលឃើញអាក្រក់ គឺមានប្រយោជន៍ ពេលណាវាជាផ្នែកមួយនៃបំណងព្រះទ័យទ្រង់ ។79
នេះគឺជារឿងខ្លីដែលយើងបានរៀនពីជីវិតសាវ័កប៉ុល ដែលបានឆ្លុះបញ្ចាំងអំពីសេចក្តីពិតដែលថា លោក យ៉ូសែបបានប្រកាសការអត់ទោស ទៅកាន់បងប្អូនគាត់ នៅពេលដែលពួកគេស្វែងរកការអត់ទោស សម្រាប់ការលក់គាត់ឲ្យទៅធ្វើជាទាសករនៅទឹកដីអេស៊ីព្ទ គឺដូចដែលគាត់មានប្រសាសន៍ថា «អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះទ្រង់សំរេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ» (លោកុប្បត្តិ ៥០:២០)។ ព្រះទ្រង់ថែមទាំងអាចប្រើបំណងអាក្រក់របស់មនុស្ស ដើម្បីសម្រេចគោលបំណងដែលព្រះអង្គមានសម្រាប់កូនព្រះអង្គ ។ ព្រះអង្គស្មោះត្រង់ ហើយមិនប្រែប្រួល ។ ចូរទទួលយកការកម្សាន្តចិត្ត នៅក្នុងផែនការដ៏អាថ៌កំបាំងរបស់ព្រះអង្គ ដោយដឹងថា ព្រះអង្គអាចប្រើការលំបាកដែលអ្នកជួបប្រទះ ដើម្បីជាប្រយោជន៍ដល់អ្នក និងដើម្បីសិរីល្អទ្រង់ ។
ខគម្ពីរជញ្ជឹងគិត៖ លោកុប្បត្តិ ៤៥:៤-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ១៨-១៩ និង យ៉ូហាន ១២:១-២៦