
ប្រាជ្ញារបស់ព្រះអម្ចាស់
ដោយAlistair Begg
September 28, 2026
«មើលយើងបានឃើញតែប៉ុណ្ណេះ គឺថាព្រះទ្រង់បានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែគេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ» ។ សាស្តា ៧:២៩
ខ្ញុំធ្លាប់បានទទួលសំបុត្រមួយច្បាប់ ពីយុវជនម្នាក់ ដែលបានទទួលការអប់រំកំរិតខ្ពស់បំផុត នៅសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។ ក្នុងសំបុត្រនោះ គាត់បានសរសេរថា «ខ្ញុំត្រូវតែនិយាយថា ការអប់រំទាំងអស់ក្នុងពិភពលោក បានធ្វើឲ្យខ្ញុំក្លាយជាមនុស្សល្ងីល្ងើ និងល្ងង់បំផុត» ។ ខ្ញុំពិបាកនឹងជឿថា ពាក្យពេចន៍ទាំងអស់នេះបានចេញពីបបូរមាត់របស់អ្នករៀនបានខ្ពង់ខ្ពស់ដូចគាត់ ប៉ុន្តែ ជាការពិតណាស់ គាត់មានការយល់ដឹងគ្រប់គ្រាន់ល្មមនឹងអាចដឹងថា ភាពល្ងង់ខ្លៅមិនជាប់ទាក់ទងអ្វី នឹងការអប់រំនោះទេ តែវាទាក់ទងទាំងស្រុងនឹងការបះបោរខាងផ្លូវសីលធម៌ ។
ភាពល្ងង់ខ្លៅរបស់មនុស្សកើតមាន ដោយសារយើងមិនស្តាប់បង្គាប់ព្រះ ដែលជាប្រភពតែមួយនៃប្រាជ្ញា និងភាពភ្លឺស្វាង ។ ការបះបោរដូចនេះបានបណ្តាលឲ្យមានការដាច់ចេញពីព្រះ និងអ្នកដទៃ ។ ហើយដោយសារព្រះទ្រង់ត្រូវដាក់ទោសមកលើបាប ភាពល្ងង់ខ្លៅរបស់មនុស្សបាននាំទៅរកការដាក់ទោស ។
ព្រះអង្គបង្កើតយើងមកឲ្យ «សុចរិត» ប៉ុន្តែ យើងមានទំនោរទៅរកការពឹងផ្អែកលើខ្លួនឯង និងការលើកដំកើងខ្លួនឯង ។ ចារិកលក្ខណៈរបស់យើងបានខូច ព្រោះយើងរស់នៅសម្រាប់ខ្លួនឯង មិនមែនសម្រាប់ព្រះអាទិកររបស់យើង ។ ដូចនេះ យើងអាចដឹងអំពីរឿងគ្រប់យ៉ាង ហើយនៅតែមិនចេះអ្វីសោះ ។ ប៉ុន្តែ ក្នុងសណ្ឋាននៃភាពអស់សង្ឃឹមរបស់យើង ប្រាជ្ញារបស់ព្រះអាចជួយឲ្យយើងស្គាល់ព្រះអង្គ តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ (កូល៉ុស ២:២-៣)។ យើងទទួលបានប្រាជ្ញានេះ តែនៅពេលដែលយើងទទួលជឿព្រះអង្គជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ដ្បិត «សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ» (សុភាសិត ១:៧)។ ព្រះវិញ្ញាណនៃព្រះជួយយើងឲ្យអាចងាកចេញពីផ្លូវជីវិតចាស់ ហើយចាប់ផ្តើមការធ្វើដំណើរតាមផ្លូវថ្មី ។ ពេលណាយើងងាកទៅរកព្រះអង្គ ដោយការប្រែចិត្ត ព្រះអង្គនឹងទទួលយកយើង សូម្បីតែនៅក្នុងសណ្ឋានរបស់បាបយើងក៏ដោយ ។ បន្ទាប់មក ដោយអំណាចរបស់ព្រះអង្គ ព្រះអង្គនឹងទទួលយកយើង ហើយកែប្រែយើង ដោយព្រះគុណទ្រង់ ។
នេះគឺជាប្រាជ្ញារបស់ព្រះ ។ អ្នកមិនអាចរកឃើញប្រាជ្ញានេះ នៅក្នុងសៀវភៅជួយខ្លួនឯងបានទេ ។ អ្នកមិនអាចរកឃើញ នៅក្នុងសាសនា ឬទស្សនវិជ្ជាបានទេ ។ អ្នកក៏មិនអាចរកឃើញប្រាជ្ញានេះ នៅសកលវិទ្យាល័យល្អបំផុត ។ ផ្លូវទាំងអស់នេះសុទ្ធតែជាផ្លូវទាល់ ។ អ្នកអាចរកឃើញប្រាជ្ញានេះ តែនៅក្នុងព្រះយេស៊ូវ ដែលបានស្ម័គ្រព្រះទ័យធ្វើជាប្រាជ្ញា និងសេចក្តីសុចរិតរបស់អ្នក ។
យើងរាល់គ្នាបានរត់គេចយ៉ាងល្ងង់ខ្លៅ ចេញពីព្រះដែលបានបង្កើតយើងមក តែព្រះអង្គនៅតែតាមរកយើង បង្ហាញសណ្ឋានពិតរបស់យើង ហើយសម្រេចព្រះទ័យបង្ហាញព្រះរាជបុត្រាទ្រង់ដល់យើង ។ ចូរយើងចំណាយពេលសរសើរដំកើងព្រះអង្គ ដែលមានប្រាជ្ញាគ្មានដែនកំណត់ និងមានព្រះគុណអស្ចារ្យ! ហើយបន្ទាប់មក ចូរពិចារណាថា យើងមានអ្វីខ្លះដែលត្រូវផ្លាស់ប្តូរឬទេ បើសិនជាអ្នកធ្វើការសម្រេចចិត្ត ហើយកំណត់ទិសដៅក្នុងជីវិត ដោយ «កោតខ្លាចព្រះអម្ចាស់» មិនមែនតាមគំនិតរបស់មនុស្សនោះទេ?
ខគម្ពីរជញ្ជឹងគិត៖ កូល៉ុស ២:១-៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ២០-២១ និង យ៉ូហាន ១២:២៧-៥០