នំម៉ាណាប្រចាំថ្ងៃ
ស្ថិត​នៅ​ចន្លោះ​ជំនឿ និង​ការ​ភ័យ​ខ្លាច

ស្ថិត​នៅ​ចន្លោះ​ជំនឿ និង​ការ​ភ័យ​ខ្លាច

ដោយAlistair Begg

September 29, 2026

«ចូរ​មើល​មក​ដៃ​នឹង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិតមែន ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូចជា​ឃើញ​ខ្ញុំ​នេះ​ទេ លុះ​ទ្រង់​មាន​បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​បង្ហាញ​ព្រះ​ហស្ត នឹង​ព្រះ​បាទ​ទ្រង់​ដល់​គេ​ ។ កាល​គេ​មិន​ទាន់​ជឿ​នៅឡើយ ដោយ​ព្រោះ​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​អស្ចារ្យ នោះ​ទ្រង់​មាន​បន្ទូល​ថា នៅ​ទីនេះ អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ» ។ លូកា ២៤:៣៩-៤១
ពួក​សាវ័ក​គឺជា​មនុស្ស​ដែល​មាន​អារម្មណ៍​ដូច​យើង​ដែរ​ ។ នៅពេល​ដែល​ពួកគេ​បាន​ទទួល​ដំណឹង ​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ ពួកគេ​មិន​បាន​ជឿ​ដោយ​ងាយៗ​ឡើយ​ ។ ដំណឹង​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ បាន​បណ្តាល​ឲ្យ​អារម្មណ៍​របស់​ពួក​សាវ័ក មាន​ការ​ឡើង​ចុះ​យ៉ាង​គំហុក​ ។ ពួកគេ​ម្តង​មាន​អារម្មណ៍​រំភើប​កប់​ពពក ហើយ​ម្តង​មាន​អារម្មណ៍​ធ្លាក់​ចុះ​ដល់​ដី​ ។ ដំណឹង​អំពី​ផ្នូរ​ដែល​នៅ​ទ​ទេ បាន​ទទួល​ការ​ឆ្លើយតប ដោយ​អារម្មណ៍​ស្ញែង​ខ្លាច លាយឡំ​នឹង​ការ​មិន​ជឿ​ ។ ជា​ការ​ពិត​ណាស់ ពួកគេ​គិត​ស្មានថា ពាក្យ​សម្តី​របស់​ស្រ្តី​ទាំង​នោះ ដែល​បាន​ឃើញ​ផ្នូរ​ព្រះ​អង្គ​នៅ​ទ​ទេរ «មើលទៅ​ដូចជា​រឿង​លេង​សុទ្ធ» បានជា​ពួក​គេ​មិន​ជឿ​ (លូកា ២៤:១១)។ 
សូម្បី​នៅពេល​ដែល​ព្រះយេស៊ូវ​បង្ហាញ​អង្គ​ទ្រង់​ភ្លាមៗ ហើយ​ឈរ​ក្នុង​ចំណោម​ពួក​សាវ័ក ការ​សោក​សង្រេង​របស់​ពួកគេ​មិន​បាន​ធូរ​ស្បើយ ហើយ​ការ​ភ័យ​ខ្លាច​របស់​ពួកគេ​ក៏​មិន​បាន​ស្ងប់​ដែរ​ ។ ផ្ទុយ​ទៅវិញ ពួក​គេ​ដឹង​ថា ខ្លួន​នៅ​មាន​អារម្មណ៍​តក់ស្លុត​នៅឡើយ​ ។ ក្នុង​ការ​ជួប​ព្រះគ្រីស្ទ​មុខ​ទល់​នឹង​មុខ បន្ទាប់​ពី​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពួកគេ «ភ័យ​ញ័រ ទាំង​មាន​សេចក្ដី​ស្ញែង​ខ្លាច​ជា​ខ្លាំង ដោយ​ស្មានថា​ជា​ខ្មោចលង​វិញ» (លូកា ២៤:៣៧)។ ទោះ​ព្រះយេស៊ូវ​បាន​បង្ហាញ​ព្រះ​ហស្ត និង​ព្រះ​បាទ​ទ្រង់​ហើយក៏​ដោយ ក៏​ពួកគេ​នៅតែ​ពិបាក​ជឿ​ភ្នែក​ពួកគេ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ចាប់​ផ្តើម​មាន​អំណរ​ពោរ​ពេញ​ ។ នេះ​គឺជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ តើ​មែនទេ? ត្រង់​ចំណុច​នេះ យើង​ឃើញថា មាន​មនុស្ស​មួយ​ក្រុម​ដែល​នឹង​ធ្វើ​ជា​សសរ​ទ្រូង​នៃ​ពួក​ជំនុំ ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​បិទ​ជិត ហើយ​ចេញ​មក​​និយាយ​ថា យើង​ស្មានថា យើង​បាន​ឃើញ​ខ្មោច​ទេតើ! 
ការ​ដែល​ពួក​សាវ័ក​មាន​ការ​តយុទ្ធ​នឹង​ការ​ភ័យ​ខ្លាច និង​ការ​មិន​ជឿ គឺ​បាន​ផ្តល់​ឲ្យ​នូវ​ការ​លើក​ទឹក​ចិត្ត ដល់​អ្នក​ដែល​ស្ថិត​នៅ​ចន្លោះ​ក្តី​សង្ឃឹម និង​ភាព​អស់​សង្ឃឹម​ ។ វា​ជា​ការ​ល្អ ដែល​យើង​អាច​បញ្ជាក់​សេចក្តី​ជំនឿ ដែល​យើង​មាន ចំពោះ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៅពេល​ព្រឹក​ថ្ងៃ​អា​ទិត្យ​ដ៏​ស្រស់ស្រាយ ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​នាក់​ ។ ប៉ុន្តែ យើង​មាន​អារម្មណ៍​ខុសពី​នេះ នៅពេល​ដែល​យើង​បញ្ជាក់​សេចក្តី​ជំនឿ​នេះ នៅពេល​រសៀល​ថ្ងៃ​អង្គារ​ដ៏​ពិបាក ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​មនុស្ស​ដែល​ជឿ​ថា ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះអង្គ គឺជា​រឿង​ប្រឌិត ឬ​នៅពេល​ដែល​យើង​កំពុង​រង់​ចាំ​លទ្ធផល​ធ្វើ​តេស្តឈាម ក្នុង​បន្ទប់​វេជ្ជ​បណ្ឌិត ឬ​ក៏​កំពុង​ជម្នះ​ភាព​ឯកោ​ ។
គ្រីស្ទបរិស័ទ​ពិត​ប្រាកដ​មិនមែន​ជា​មនុស្ស​ដែល​មិន​ចេះ​សង្ស័យ​នោះ​ទេ តែ​ជា​អ្នក​ដែល​បាន​បំបាត់​ការ​សង្ស័យ ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា​ ផ្នូរ​របស់​ព្រះ​យេស៊ូវ​នៅ​ទ​ទេ ហើយ​ក្រើន​រំឭក​ខ្លួន​ឯង​ថា ជំនឿ​របស់​យើង​ផ្អែក​ទៅលើ​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្រ្ត ហើយ​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្រ្ត​ទាំង​នោះ បណ្តាល​ចិត្ត​យើង​ឲ្យ​មាន​អំណរ និង​ស្ញប់​ស្ញែង​ចំពោះ​ព្រះអង្គ​ ។ នៅ​ថ្ងៃ​នេះ បើ​អ្នក​កំពុង​តយុទ្ធ​នឹង​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ ចូរ​ស្រែក​រក​ព្រះ ដោយ​អធិស្ឋាន​តាម​គំរូ​របស់​បុរស​ម្នាក់ ក្នុង​បទ​គម្ពីរ​ម៉ាកុស ជំពូក៩ ដែល​បាន​ទូល​ព្រះ​អង្គ​ថា «សូម​ជួយ​ចំពោះ​សេចក្ដី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង» (ខ.២៤)។ ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច​របស់​ពួក​សាវ័ក មិន​បាន​បណ្តាល​ឲ្យ​ព្រះ​ទ្រង់​លុប​ឈ្មោះ​ពួកគេ ចេញ​ពី​នគរ​ព្រះ ហើយក៏​មិន​បាន​ដក​ពួកគេ​ចេញពី​ការងារ​បម្រើ​នគរ​ព្រះ​ដែរ​ ។ ហេតុ​នេះ​ហើយ នៅ​ថ្ងៃ​នេះ ចូរ​ទូល​សូម​ព្រះ​ឲ្យ​ការពារ​ជំនឿ​របស់​អ្នក ហើយ​ដើរ​ទៅ​រក​​ការ​ជឿ​ថា ព្រះយេស៊ូវ​ពិតជា​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ពិតជា​មាន​ការងារ​ឲ្យ​អ្នក​ធ្វើ​។


ខគម្ពីរ​ជញ្ជឹង​គិត៖ ១កូរិនថូស ១៥:៥០-៥៨
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ អេសេគាល ២២-២៣ និង យ៉ូហាន ១៣:១-២០

ប្រភេទ