
ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង
ដោយAlistair Begg
October 1, 2026
«ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ គេក៏នាំគ្នាធ្វើឆ្នោតចាប់ព្រះពស្ត្រទ្រង់ចែកគ្នា» ។ លូកា ២៣:៣៤
ក្នុងចំណោមសម្រែករបស់ជនរងគ្រោះនៃការកាត់ទោសប្រហារជីវិតដ៏អយុត្តិធម៌ គ្មានសម្រែកណា ដែលអស្ចារ្យជាង សម្លេងដែលបានស្រែកថា «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង» ។
ពួកទាហានដែលបានដំដែកគោលពីលើព្រះយេស៊ូវជាប់នឹងឈើឆ្កាង ទំនងជាងមានអារម្មណ៍ថា ពួកគេគ្រាន់តែកំពុងធ្វើតាមតួនាទីរបស់ខ្លួន ។ ជាការពិតណាស់ ពួកគេស៊ាំនឹងការគំរាមកំហែង និងការជេរប្រមាថពីជនជាប់ចោទដែលត្រូវប្រហារជីវិត ហើយក៏បានស្តាប់ឮសម្លេងជេរប្រទេចផ្តាសាជាច្រើនផងដែរ ។ ពួកគេប្រហែលជាមើលមុខគ្នាទៅវិញទៅមក ដោយការហួសចិត្ត ។ យើងអាចស្រមៃថា ក្នុងចំណោមពួកគេមានម្នាក់និយាយថា តើគាត់ពិតជានិយាយថា «សូមអត់ទោសឲ្យពួកអ្នកទាំងនេះ» មែនឬ? ហើយម្នាក់ទៀតឆ្លើយថា ហ្នឹងហើយ ... ខ្ញុំគិតថា គាត់ពិតជានិយាយអញ្ចឹងមែន ។
នៅដើមដំបូងនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ព្រះអង្គបានបង្គាប់ពួកសិស្ស ឲ្យ «ស្រឡាញ់ខ្មាំងសត្រូវ» របស់ពួកគេ ហើយ «អធិស្ឋានឲ្យ» អ្នកបៀតបៀនពួកគេ (លូកា ៦:២៧-២៨) ។ ក្នុងការអធិស្ឋាននៅលើឈើឆ្កាង ព្រះយេស៊ូវបានធ្វើអ្វីដែលព្រះអង្គបានបង្រៀន ។ ពិតណាស់ នេះជាគំរូសម្រាប់យើង ហើយក៏ជាការជំរុញចិត្តយើងផងដែរ ព្រោះបើសិនជាព្រះយេស៊ូវអាចធ្វើដូចនេះ កាលព្រះអង្គកំពុងតែជាប់នៅលើឈើឆ្កាង នោះតើមានស្ថានភាពណាមួយក្នុងជីវិតយើង ដែលយើងមិនអាចធ្វើដូចព្រះអង្គបាន?
ព្រះបន្ទូលព្រះយេស៊ូវត្រង់ចំណុចនេះ គួរតែធ្វើឲ្យយើងសួរថា តើការអធិស្ឋានរបស់ព្រះអង្គនៅពេលនោះ ជាការបង្ហាញអំពីការអត់ទោសសម្រាប់មនុស្សទាំងអស់ ដោយមិនទាក់ទងនឹងការឆ្លើយតបនៃចិត្តរបស់បុរសនិងស្ត្រីទាំងឡាយឬ? មិនមែនដូច្នោះទេ ។ ចូរយើងពិចារណាអំពីបរិបទនៃការអធិស្ឋាននេះ ។ កាលនោះ ព្រះអង្គហៀបនឹងលះបង់ព្រះជន្មទ្រង់ ដើម្បីបង់ថ្លៃលោះបាប និងបើកផ្លូវចូលទៅក្នុងនគរស្ថានសួគ៌ ។ គឺដូចដែលសាវ័កប៉ុលបានប្រាប់យើងក្នុងបទគម្ពីរ២កូរិនថូស ៥:១៩ ថា «ព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយនឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត» ។ ព្រះទ្រង់មិនបានសម្រេចព្រះទ័យថា ទ្រង់នឹងមិនអើពើចំពោះបាបរបស់មនុស្ស ឬមើលរំលងទាំងស្រុងនោះទេ ។ ព្រះអង្គមិនបានថ្កោលទោសពួកគេ ដោយសារបាបរបស់ពួកគេឡើយ ព្រោះព្រះអង្គកំពុងតែថ្កោលទោសព្រះយេស៊ូវ ដោយសារបាបរបស់ពួកគេវិញ ។ ព្រះទ្រង់មិនបានមើលរំលងភាពអយុត្តិធម៌ ខណៈពេលដែលព្រះអង្គប្រទានការអត់ទោសបាប ។ ព្រះអង្គក៏មិនបានត្រាស់ហៅយើងឲ្យមើលរំលងភាពអយុត្តិធម៌ដែរ ។
ដូចនេះ ខណៈពេលដែលព្រះយេស៊ូវអធិស្ឋានទៅកាន់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រះអង្គបានសូមព្រះវរបិតាអត់ទោសឲ្យមនុស្សដែលចូលរួមក្នុងអំពើអយុត្តិធម៌ដ៏ព្រៃផ្សៃនេះ ដែលរាប់បញ្ចូលទាំងអ្នកដែលឈរឱបដៃមើលផងដែរ តែព្រះអង្គក៏កំពុងអធិស្ឋានសូមឲ្យពួកគេទទួលស្គាល់ថា ខ្លួនត្រូវការសេចក្តីសង្គ្រោះ និងដឹងថា ព្រះអង្គជាព្រះអង្គសង្គ្រោះ ហើយងាកចេញពីបាប និងដឹងថា ព្រះអង្គអាចអត់ទោសឲ្យពួកគេទាំងស្រុង ។ អាចនិយាយម្យ៉ាងទៀតថា ព្រះយេស៊ូវបានទូលសូមឲ្យចិត្ត និងជីវិតរបស់ពួកគេ បានជាប់នៅក្នុងសេចក្តីពិតនៃបទគម្ពីរ ២កូរិនថូស ៥:២១ ដែលបានចែងថា «ព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង» ។
ក្នុងការសុគតរបស់ព្រះយេស៊ូវមកពីស្រុកណាសារ៉ែត គឺមានការអត់ទោសឲ្យបាបទាំងអស់របស់អ្នក គឺបាបដែលព្រះអង្គមិនរាប់យើងជាមានទោស ដោយសារព្រះអង្គបានរាប់អង្គទ្រង់ជាមានទោសវិញ ។ នៅពេលដែលការពិត និងសេចក្តីពិតនៃការសុគតរបស់ព្រះយេស៊ូវ និងការអធិស្ឋានរបស់ព្រះយេស៊ូវ បានដក់ជាប់ក្នុងគំនិតរបស់អ្នក ហើយធ្វើការក្នុងចិត្តអ្នក នោះអ្នកមិនគ្រាន់តែបានដឹងអំពីអត់ទោស តែក៏ដកពិសោធន៍នឹងការអត់ទោសដោយផ្ទាល់ផងដែរ ។ ហើយអ្នកអធិស្ឋានសូមឲ្យព្រះទ្រង់ស្វែងរកមនុស្សនៅជុំវិញអ្នក ដោយការអត់ទោសនោះដែរ ខណៈពេលដែលអ្នកព្យាយាមប្រកាន់ខ្ជាប់តាមការអត់ទោសនេះ ក្នុងជីវិតអ្នក ។
ខគម្ពីរជញ្ជឹងគិត៖ ម៉ាថាយ ២៦:២៦-២៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ២៧-២៩ និង យ៉ូហាន ១៤