
ទ្រង់ជ្រាប
ដោយAlistair Begg
October 3, 2026
«កុំឲ្យពោលពាក្យអំនួតដ៏លើសលប់ដូច្នេះទៀត កុំឲ្យមានសេចក្ដីឃ្នើសឃ្នងចេញពីមាត់ឯងឡើយ ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលជ្រាបទាំងអស់ គឺទ្រង់ហើយ ដែលថ្លឹងអស់ទាំងអំពើ» ។ ១សាំយ៉ូអែល ២:៣
សង្គមមនុស្សសព្វថ្ងៃ មានពេញទៅដោយការអបអរ ចំពោះការលើកដំកើងខ្លួនឯង ភាពជោគជ័យរបស់មនុស្ស និងការរស់នៅបែបលើកដំកើងខ្លួនឯង ដែលមិនសូវគិត ឬមិនគិតអំពីព្រះទាល់តែសោះ ។ គេសន្និដ្ឋានថា ព្រះអង្គមិនបានទតឃើញទេ ហើយបើព្រះអង្គទតឃើញ ក៏ព្រះអង្គមិនថាអីដែរ ។ ក្នុងនាមយើងជាអ្នកជឿ យើងមិនអាចជៀសផុតពីការគិតឃើញដូចនេះទេ ព្រោះតាមនិស្ស័យសាច់ឈាមរបស់យើង យើងចូលចិត្តសន្និដ្ឋានថា ខ្លួនយើងជាប្រភពនៃចំណេះដឹងគ្រប់យ៉ាង ហើយគ្មាននរណាចេះជាងយើងទេ ។
ការទន់ទោរទៅរកការពឹងអាងសមត្ថភាពខ្លួនឯង និងអំនួតបណ្តាលឲ្យអ្នកខ្លះមើលស្រាល ឬថែមទាំងបដិសេធសេចក្តីពិតនៃព្រះគម្ពីរប៊ីប ក្នុងការបង្រៀន និងការគិតរបស់ខ្លួន ។ ក្នុងពួកជំនុំសព្វថ្ងៃ ការជំនុំជម្រះ និងសេចក្តីយុត្តិធម៌របស់ព្រះ ត្រូវបានគេកាត់បន្ថយមកនៅត្រឹមនេះ ។ គេមិនងាយឮ ឬប្រកាសសេចក្តីពិតនេះ តែសេចក្តីពិតនេះជាចំណុចស្នូលនៃព្រះគម្ពីរប៊ីប ។ សាវ័កប៉ុលបានបង្រៀនថា ព្រះទ្រង់នឹងជំនុំជម្រះ «អស់ទាំងការលាក់កំបាំងរបស់មនុស្ស» (រ៉ូម ២:១៦) ។ យើងមិនអាចលាក់បាំងអ្វីមួយពីព្រះអង្គបានទេ ទោះយើងចង់ជឿថា យើងអាចលាក់បាំងក៏ដោយ ។ ព្រះអង្គជ្រាបអំពីចិត្តយើង ហើយព្រះអម្ចាស់នៃចំណេះដឹងសព្វគ្រប់ នឹង «ថ្លឹងអស់ទាំងអំពើ»ដែលមនុស្សធ្វើ ។
ក្នុងបទគម្ពីរដានីយ៉ែល ៥ យើងឃើញថា ស្តេចបេលសាសារ បានយល់ដឹងអំពីភាពល្ងង់ខ្លៅនៃអំនួត ដែលបានបណ្តាលឲ្យទ្រង់លើកដំកើងខ្លួន ខ្ពស់ជាងព្រះនៃចំណេះដឹងសព្វគ្រប់ ។ ក្នុងពិធីជប់លៀងដ៏ធំមួយ នៅពេលដែលទ្រង់កំពុងតែប្រើពែងដែលបានលួចពីព្រះវិហាររបស់ព្រះអម្ចាស់ មានដៃមួយបានចេញពីព្រះវត្តមានរបស់ព្រះ លេចឡើងនៅលើជញ្ជាំង ហើយបានសរសេរពាក្យជំនុំជម្រះ ហើយស្តេចបេលសាសារក៏បានភ័យញ័រ ។ លោក ដានីយ៉ែលក៏បានកាត់ស្រាយព្រះរាជសារនៅលើជញ្ជាំងនោះថា «ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង នោះក៏តាមព្រះហឫទ័យ ។ តែទ្រង់ ដែលជាព្រះរាជបុត្រ ឱបេលសាសារអើយ ទោះបើទ្រង់បានជ្រាបរឿងទាំងនោះហើយក៏ដោយ គង់តែទ្រង់មិនបានបន្ទាបព្រះទ័យដែរ គឺទ្រង់បានលើកអង្គទ្រង់ឡើង ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌វិញ ... ក៏បានសរសើរដល់អស់ទាំងព្រះ ដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្ដាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកព្រះដែលក្ដាប់ដង្ហើមជីវិតព្រះករុណានៅក្នុងព្រះហស្ត ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ផងព្រះនោះដែរ នោះព្រះករុណាមិនបានលើកដំកើងព្រះអង្គនោះសោះ» (ដានីយ៉ែល ៥:២១-២៣) ។ នៅទីបំផុត ស្តេចបេលសាសារក៏បាន «ត្រូវថ្លឹងនៅជញ្ជីង ឃើញថាខ្វះខាត» (ខ.២៧) ហើយ «នៅយប់នោះឯង» «ទ្រង់ត្រូវគេធ្វើគុត» (ខ.៣០) ។ ទ្រង់គិតថា ទ្រង់ចេះជាងគេ ។ តែទ្រង់គិតខុសហើយ ។
គេប្រហែលជាស្រមៃថា ព្រះទ្រង់មិនទតមើល មិនជ្រាប ហើយនឹងមិនធ្វើអ្វីសោះ តែការស្រមៃដូចនេះគឺពិតជាល្ងង់ខ្លៅណាស់ ។ ព្រះអង្គជ្រាបអំពីយើងគ្មានកន្លែងចន្លោះ ហើយព្រះអង្គក៏ថ្លឹងការប្រព្រឹត្តរបស់យើង ។ គឺដូចដែលនាងហាណាបានដឹងថា ការលើកដំកើងខ្លួនឯងនាំទៅរកការជំនុំជម្រះ តែការបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នាំទៅរកជីវិត ។ ស្តេចបេលសាសារបានជ្រាបអំពីបញ្ហានេះ តែហួសពេលទៅហើយ ។ ដូចនេះ ចូរយើងប្រយ័ត្នខ្លួន មិនត្រូវប្រកាសដោយអំនួតថា អ្នកចង់ធ្វើអ្វីៗតាមចិត្ត តាមផ្លូវរបស់អ្នក ដោយបដិសេធមិនព្រមឲ្យព្រះយេស៊ូវគង់នៅលើបល្ល័ង្កនៃជីវិតអ្នក ។ ចូរប្រយ័ត្ន មិនត្រូវរស់នៅធ្វើមើលតែព្រះទ្រង់មិនជ្រាប ហើយមិនមានការប្រែចិត្តដោយការបន្ទាបខ្លួននោះទេ ។ ផ្ទុយទៅវិញ ចូរបន្ទាបខ្លួន នៅចំពោះព្រះអម្ចាស់ ដោយសារភាពចំពោះព្រះអង្គ នូវបាបដែលព្រះអង្គបានជ្រាបហើយ ហើយទូលសូមការអត់ទោសបាប សម្រាប់ចិត្តដែលមានអំនួត ឬទង្វើអាត្មានិយម ហើយ «ទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង» (យ៉ាកុប ៤:១០) ។
ខគម្ពីរជញ្ជឹងគិត៖ ដានីយ៉ែល ៥:១-៦,១៧-៣១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៣៣-៣៤ និង យ៉ូហាន ១៦