នំម៉ាណាប្រចាំថ្ងៃ
គំរូ​នៃ​ភាព​ពេញវ័យ​របស់​គ្រីស្ទាន

គំរូ​នៃ​ភាព​ពេញវ័យ​របស់​គ្រីស្ទាន

ដោយAlistair Begg

October 4, 2026

«ត្រូវ​ទូន្មាន​ឲ្យ​ពួក​ចាស់​ៗ​ដឹង​ខ្នាត មាន​ចិត្ត​នឹងធឹង ហើយ​ធ្ងន់ធ្ងរ ឲ្យ​មាន​សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​ខ្ជាប់ខ្ជួន​ដ៏​ត្រឹម​ត្រូវ​ផង ឲ្យ​ពួក​ស្ត្រី​ចាស់​ៗ​បាន​បែប​ដូច​គ្នា ទាំង​ប្រព្រឹត្ត​បែប​គួរ​នឹង​ពួក​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ជាប់​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ ត្រូវ​ខំ​បង្រៀន​សេចក្ដី​ត្រឹម​ត្រូវ​វិញ ដើម្បី​នឹង​បង្ហាត់​ដល់​ពួក​ស្ត្រី​ក្មេង​ៗ ឲ្យ​គេ​ស្រឡាញ់​ប្ដី​នឹង​កូន​ខ្លួន ឲ្យ​មាន​ចិត្ត​ធ្ងន់ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ នឹង​ចុះ​ចូល​ចំពោះ​ប្ដី ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ប្រមាថ​ដល់​ព្រះបន្ទូល​បាន​ឡើយ» ។ ទីតុស ២:២-៥
នៅ​ពេលណា​ជីវិត​មាន​ការ​លំបាក សៀវភៅ​លើក​ទឹក​ចិត្ត និង​បង្រៀន​អ្នក​ឲ្យ​ជួយ​ខ្លួនឯង នឹង​មិន​មាន​ប្រសិទ្ធភាព ដូច​ការ​លើក​ទឹក​ចិត្ត​របស់​មនុស្ស ដែល​មាន​ក្តី​ស្រឡាញ់​ពិត​ប្រាកដ​នោះ​ទេ​ ។ អ្នក​ត្រូវ​ការ​គ្រីស្ទាន​ម្នាក់ ដែល​មាន​ភ្នែក​ស្រទន់ មាន​វ័យ​ចាស់​ជាង​អ្នក ដែល​យល់​ចិត្ត​អ្នក​ ។ អ្នក​ត្រូវ​ការ​ក្តី​អាណិត​ ។ ការងារ​បម្រើ​ព្រះ​ប្រភេទ​នេះ ក្នុង​ពួក​ជំនុំ​មិនមែន​សម្រាប់​ធ្វើ​តាម​តម្រូវការ​ជាក់​ស្តែង​ប៉ុណ្ណោះ​ទេ តែ​ជា​ទំនាក់​ទំនង​ ។ វា​កើត​ចេញពី​ការ​ស្គាល់​គ្នា​ ។ វា​កើត​ចេញពី​ការ​ចំហ​ចិត្ត សម្រាប់​អ្នក​ដទៃ​ ។
ហេតុ​នេះ​ហើយ ពួក​ជំនុំ​នីមួយៗ​ត្រូវ​ការ​បុរស​ស្ត្រី​ដែល​មាន​វ័យ​ចាស់​ជាង ដែល​មាន​ភាព​ពេញវ័យ​ខាង​វិញ្ញាណ ដែល​មិន​នៅ​ក្រិន តែ​បន្ត​លូត​លាស់​ក្នុង​ជំនឿ​លើ​ព្រះ ក្នុង​ការ​ស្រឡាញ់​អ្នក​ដទៃ និង​មាន​ការ​ស៊ូ​ទ្រាំ នៅ​ចំពោះ​មុខ​នៃ​ទុក្ខ​លំបាក​ ។ 
តួនាទី​របស់​លោក ​ទីតុស​ក្នុង​ពួក​ជំនុំ ដែល​គាត់​កំពុង​បម្រើ មិន​គ្រាន់តែ​ជា​ការ​លើក​ទឹក​ចិត្ត​បុរស​ដែល​មាន​វ័យ​ចាស់​ជាង ឲ្យ​ដឹង​ខ្នាត មាន​ចិត្ត​នឹងធឹង ហើយ​ធ្ងន់ធ្ងរ ឲ្យ​មាន​សេចក្ដី​ជំនឿ​ដែល​រឹងមាំ​ប៉ុណ្ណោះ​ទេ​ ។ ហើយ​គាត់​ក៏​មាន​ការ​យក​ចិត្ត​ទុកដាក់​ដូច​គ្នា ចំពោះ​សុខ​ភាព​ខាង​វិញ្ញាណ​របស់​ស្ត្រី​ដែល​មាន​វ័យ​ចាស់​ជាង ក្នុង​ពួក​ជំនុំ​ ។ ដែល​បុរស​វ័យ​ចាស់​ជាង មាន​តួនាទី​សំខាន់​ក្នុង​ការ​ថែ​បំប៉ន​ពួក​ជំនុំ​ជា​យ៉ាងណា នោះ​ស្ត្រី​ដែល​មាន​វ័យ​ចាស់​ជាង ក៏​មាន​តួនាទី​ដ៏​សំខាន់​ណាស់​ដែរ​ ។ ពួក​ជំនុំ​ត្រូវ​ការ​បុរស និង​ស្ត្រី​ដែល​បាន​រត់​ប្រណាំង ហើយ​រក្សា​សេចក្តី​ជំនឿ ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​បាន​ដឹង​អំពី​របៀប​រស់នៅ​ថ្វាយ​ព្រះគ្រីស្ទ​ ។ 
ពួក​ជំនុំ​ត្រូវ​ការ​បុរស និង​ស្ត្រី​មាន​វ័យ​ចាស់​ជាង ព្រោះ​ពួកគេ​អាច «បង្រៀន​សេចក្ដី​ត្រឹម​ត្រូវ» ដល់​មនុស្ស​វ័យ​ក្មេង​ជាង​ ។ គឺ​បង្រៀន​របៀប​រស់នៅ មុន​នឹង​បង្រៀន​អ្វី​ផ្សេង​ទៀត​ ។ កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​នេះ គាត់​មិន​បាន​រំពឹង​ថា នឹង​មាន​ថ្នាក់​រៀន ដែល​មាន​សៀវភៅ​មេរៀន​ជា​ច្រើន​នោះ​ទេ​ ។ គេ​អាច​ប្រើ​ការ​បង្រៀន​ប្រភេទ​នេះ ក្នុង​ការ​សន្ទនា​យូរៗ​ម្តង ដោយ​ការ​យក​ចិត្ត​ទុកដាក់ ក៏​ដូចជា​ក្នុង​ការ​ជួបជុំ​ដែល​មាន​ការ​ព្រៀង​ទុក ព្រម​ទាំង​ការ​កម្សាន្ត​ចិត្ត​គ្នា ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ។ 
តើ​អ្នក​នឹង​ទៅ​រក​ជំនួយ​នៅ​ទីណា ពេល​ដែល​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​អ្នក​មាន​ការ​លំបាក? តើ​អ្នក​នឹង​ជជែក​ជាមួយ​នរណា នៅពេល​ដែល​កូន​ក្នុង​វ័យ​ជំទង់ មិន​ចង់​ស្តាប់​អ្នក​និយាយ​ទៀត? តើ​អ្នក​នឹង​ទៅ​កន្លែងណា នៅពេល​ដែល​អ្នក​មិន​ដឹង​ថា ត្រូវ​ទៅ​កន្លែងណា? អ្នក​អាច​ទៅ​ជួប​គ្រូ​គង្វាល​របស់​អ្នក ដែល​អាច​អធិស្ឋាន​ជាមួយ​អ្នក ហើយ​ផ្តល់​ឲ្យ​អ្នក​នូវ​ការ​ណែនាំ​ខ្លះៗ តែ​អ្នក​ក៏​ត្រូវ​ការ​បុរស ឬ​ស្ត្រី​ដែល​មាន​វ័យ​ចាស់​ជាង​អ្នក ដែល​ធ្លាប់​បាន​ឆ្លង​កាត់​បញ្ហា​ដូច​អ្នក​ដែរ ហើយ​អាច​និយាយ​ប្រាប់​អ្នក ពី​របៀប​ដែល​គាត់​បាន​ឆ្លង​កាត់​បញ្ហា​នោះ អំពី​ការ​អ្វី​ខ្លះ​ដែល​គាត់​បាន​ធ្វើ អំពី​របៀប​ដែល​គាត់​អធិស្ឋាន ហើយ​និយាយ​ប្រាប់​អ្នក អំពី​ព្រះគុណ​ព្រះ ហើយ​លើក​ទឹក​ចិត្ត​អ្នក​ ។
មនុស្ស​ភាគ​ច្រើន​អាច​ធ្វើ​ជា បុរស ឬ​ស្ត្រី​ដែល​មាន​វ័យ​ចាស់​ជាង សម្រាប់​មនុស្ស​មាន​វ័យ​ក្មេង​ជាង​យើង និង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ជីវិត​ក្មេង​ជាង​យើង​ ។ ចូរ​មាន​ចិត្ត​ដែល​បើក​ចំហ​យ៉ាង​ដូច​នេះ​ ។ ហើយ​មនុស្ស​ភាគ​ច្រើន ក៏​អាច​រក​ឃើញ​មនុស្ស​ដែល​ចាស់​ជាង និង​មាន​ប្រាជ្ញា​ជាង​យើង ហើយ​សូម​ឲ្យ​ពួក​គេ​អធិស្ឋាន​ជាមួយ​យើង ប្រឹក្សា​យោបល់ ហើយ​ត្រៀម​ជា​ស្រេច​ដើម្បី​យក​អសារ​យើង​ ។ ចូរ​មាន​ចិត្ត​ដែល​ស្វែងរក​មិត្តភាព​ប្រភេទ​នេះ ដ្បិត​នេះ​ជា​ព្រះពរ​ធំ​បំផុត ដែល​ពួក​ជំនុំ​នៃ​ព្រះ​ផ្តល់​ឲ្យ​យើង​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ទីតុស ២:១-១០
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ អេសេគាល ៣៥-៣៦ និង យ៉ូហាន ១៧

ប្រភេទ