
តោងថ្មដាឲ្យជាប់
ដោយAlistair Begg
October 5, 2026
«តែឯជើងទូលបង្គំ បានកន្ធែកចេញហៀបនឹងផុតទីហើយ ជំហាននៃទូលបង្គំបានហៀបនឹងរឥលភ្លាត់ទៅ ដ្បិតទូលបង្គំមានសេចក្ដីច្រណែនចំពោះមនុស្សអំនួត ដោយឃើញសេចក្ដីចំរើនរបស់មនុស្សអាក្រក់នោះ» ។ ទំនុកដំកើង ៧៣:២-៣
ពេលណាយើងពិចារណា អំពីសកម្មភាព និងភាពជោគជ័យរបស់មនុស្សដែលលើកដំកើងខ្លួនឯង ដែលហាក់ដូចជាមិនខ្វល់ពីអ្វីសោះ ហើយក៏គ្មានអ្វីរារាំងពួកគេបាន ពេលនោះចិត្តគំនិត និងជីវិតរបស់យើងងាយនឹងបត់ទៅរកទិសដៅខុស ។
យើងប្រហែលមានអារម្មណ៍មួម៉ៅដូចអ្នកនិពន្ធបទគម្ពីរទំនុកដំកើង នៅពេលដែលយើងមើលឃើញការរីកចម្រើនរបស់មនុស្សដែលទាស់ប្រឆាំងនឹងព្រះ ព្រះបន្ទូលព្រះអង្គ និងអ្វីៗដែលត្រឹមត្រូវតាមក្រមសីលធម៌ ។ ពួកគេហាក់ដូចជាមានទ្រព្យធនកាន់តែច្រើន ហាក់ដូចជាមានសុខភាពល្អ ហើយតែងតែមានរូបសម្រស់ល្អ ។ ពួកគេហាក់ដូចជាកំពុងធ្វើដំណើរតាមផ្លូវត្រូវ ។ ជីវិតពួកគេមានសំណើមល្អ ។ យើងមើលទៅឃើញពួកគេហាក់ដូចជាអស្ចារ្យណាស់ ។ ទន្ទឹមនឹងនោះ យើងក៏កំពុងព្យាយាមធ្វើអ្វីដែលព្រះទ្រង់ឲ្យយើងធ្វើ ហើយអ្វីៗហាក់ដូចជាមិនមានដំណើរការល្អសោះ ។ អ្វីៗហាក់ដូចជា អសារឥតការ ។
កាលអ្នកនិពន្ធបទគម្ពីរទំនុកដំកើង មើលទៅភាពចម្រុងចម្រើនរបស់មនុស្សអាក្រក់ គាត់ក៏បានចាប់ផ្តើមមានគំនិតថា គាត់បានដើរតាមព្រះ ដោយអសារឥតការ (ទំនុកដំកើង ៧៣:១៣) ទាល់តែគាត់បានកែសម្រួលទស្សនៈគាត់ឲ្យបានត្រឹមត្រូវ ហើយពោលថា ៖
«ទាល់តែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ ហើយបានពិចារណាពីចុងបំផុតរបស់គេ ពិតប្រាកដជាទ្រង់ឲ្យគេឈរនៅកន្លែងដ៏រឥល ទ្រង់ក៏បោះគេចុះទៅឲ្យត្រូវហិនវិនាស យីអើ គេត្រូវអន្តរធានទៅជាឆាប់អីម្ល៉េះ គេត្រូវសាបសូន្យទៅ ដោយហេតុគួរស្ញែងខ្លាច (ទំនុកដំកើង ៧៣:១៧-១៩) ។
ពេលណាយើងរៀនអង្គុយក្នុងព្រះវត្តមានព្រះ ហើយគិតអំពីលោកិយនេះ ដោយនឹកចាំអំពីសេចក្តីដែលបានចែងអំពីភាពជាព្រះរបស់ព្រះអង្គ និងភាពអស់កល្បរបស់យើង យើងអាចមានការយល់ដឹង ដូចអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា មានបល្ល័ង្កមួយដែលខ្ពស់លើសអស់បល្ល័ង្កទាំងអស់ក្នុងពិភពលោកនេះ ។ ព្រះទ្រង់នឹងសម្រេចសេចក្តីយុត្តិធម៌ ទោះមិនមែនក្នុងតុលាការក្នុងនគររបស់លោកិយនេះ ដែលគ្រាន់តែជាកំណត់ចំណាំនៃចុងទំព័រប្រវត្តិសាស្រ្តប៉ុណ្ណោះ ។ ចូរកុំបាក់ទឹកចិត្ត ដោយសារមនុស្សដែលហាក់ដូចជាមានការចម្រុងចម្រើនដែលគ្មានន័យ ។ ព្រះយេស៊ូវគ្រីស្ទ គឺជាក្សត្រ ។ ព្រះអង្គមានតួនាទីកែប្រែអ្វីៗឲ្យបញ្ច្រាសមកវិញ ដោយបង្វែរយើងចេញពីភាពងងឹតទៅរកពន្លឺ ពីទុក្ខសោកទៅរកអំណរ ពីសេចក្តីស្លាប់ទៅរកជីវិត ។ ព្រះអង្គនឹងសម្រេចគោលបំណងទ្រង់ ។ ព្រះអង្គកំពុងឱបអ្នក និងនាំផ្លូវអ្នក ហើយថ្ងៃមួយ អ្នកនឹងបានឈរជាមួយព្រះអង្គ ក្នុងសិរីល្អ (ទំនុកដំកើង ៧៣:២៣-២៤) ។ លោកិយនេះគ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះអង្គបានទេ ហើយយើងគ្មានហេតុផល ដែលត្រូវច្រណែនមនុស្សដែលមានអ្វីៗគ្រប់យ៉ាងក្នុងលោកិយ តែគ្មានអ្វីមានតម្លៃសោះនៅចុងបំផុត ។ ពេលណាអ្នករអិលធ្លាក់ចូលក្នុងការច្រណែន ចូលមើលទៅព្រះអង្គ កែប្រែទស្សនៈរបស់អ្នក ហើយនិយាយជាមួយអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា :
«នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកឯណាក្រៅពីទ្រង់ ហើយនៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ ឯសាច់ នឹងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែ ព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដកនៃទូលបង្គំជាដរាបដែរ» (ទំនុកដំកើង ៧៣:២៥-២៦) ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ៧៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៣៧-៣៩ និង យ៉ូហាន ១៨:១-១៨