នំម៉ាណាប្រចាំថ្ងៃ
ការ​អធិស្ឋាន​ដែល​ផ្ដោត​ទៅ​លើ​នគរ​ព្រះ

ការ​អធិស្ឋាន​ដែល​ផ្ដោត​ទៅ​លើ​នគរ​ព្រះ

ដោយAlistair Begg

October 6, 2026

«ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ» ។ ១ថែស្សាឡូនិច ៥:១៧
បើ​គ្មាន​ព្រះ​ទេ យើង​គ្មាន​អ្វី​ដែល​ល្អ​ទេ​ ។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចែងថា «គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធតែ​មកពី​ស្ថាន​លើ គឺ​មកពី​ព្រះវរបិតា​នៃ​ពន្លឺ» (១:១៧) ។ ស្រដៀង​គ្នា​នេះ​ដែរ សាវ័ក​ប៉ុល​បាន​សួរ​ថា «តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល?» (១កូរិនថូស ៤:៧) ។ ជា​ការ​ពិត​ណាស់ អ្វីៗ​ទាំង​អស់​ដែល​យើង​មាន​សុទ្ធតែ​មកពី​ព្រះ​ ។
បើ​នេះ​ជា​ការ​ពិតមែន ហើយ​យើង​មិន​អាច​ធ្វើ​អ្វី​ដែល​មាន​តម្លៃ​ស្ថិត​ស្ថេរ បើ​យើង​ដាច់​ចេញ​ពី​ព្រះគ្រីស្ទ (យ៉ូហាន ១៥:៥)​ ហេតុ​អ្វី​យើង​គិតថា យើង​អាច​ឆ្លង​កាត់​ថ្ងៃ​នីមួយៗ ដោយ​មិន​អធិស្ឋាន​ទៅ​កាន់​ព្រះ ជា​ប្រភព​នៃ​កម្លាំង និង​ការ​ទ្រទ្រង់​ ដែល​យើង​ត្រូវ​ការ​ដោយ​មិន​អាច​អាក់ខាន​បាន? ការ​នេះ​មិន​មានន័យថា យើង​ត្រូវតែ​រៀបចំ​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​អធិស្ឋាន ពេញ​មួយ​ថ្ងៃ ពេញ​មួយ​សប្តាហ៍​នោះ​ទេ (ទោះ​ការ​ចំណាយ​ពេល​អធិស្ឋាន​កាន់តែ​ច្រើន មាន​អត្ថ​ប្រយោជន៍​ចំពោះ​យើង​រាល់​គ្នា​ក៏ដោយ) ។ តែ​មិន​មានន័យថា យើង​មិន​គួរ​ព្យាយាម​ឆ្លង​កាត់​ថ្ងៃ​នីមួយៗ ដោយ​មិន​បាន​បង្ហាញ​ចេញ​នូវ​ការ​ពឹង​ផ្អែក​ទៅលើ​ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌ ដោយ​ការ​អធិស្ឋាន​នោះ​ឡើយ​ ។
តាម​ពិត យើង​ងាយ​នឹង​ជិនណាយ ក្នុង​ការ​អធិស្ឋាន​ ។ ប៉ុន្តែ ភាគ​ច្រើន ពេល​យើង​អធិស្ឋាន យើង​មាន​ផ្នត់​គំនិត​ដូច​ការ​ដើរ​ផ្សារ ដោយ​យើង​ផ្ដោត​ទៅលើ​អ្វី​ដែល​យើង​ចង់​បាន ច្រើន​ជាង​អ្វី​ដែល​យើង និង​ពិភព​លោក​ជុំវិញ​យើង​ពិតជា​ត្រូវ​ការ​ ។ យើង​គួរតែ «ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម» របស់​យើង​ក្នុង​គ្រប់​ការ​ទាំង​អស់ (ភីលីព ៤:៦) ទោះ​សេចក្តី​សំណូម​របស់​យើង​តូច​ឬ​ធំ ឬ​ជា​អ្វី​ក៏ដោយ​ ។ សេចក្តី​សំណូម​ធំ​បំផុត​របស់​រាស្រ្ត​របស់​ព្រះ គួរតែ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​អំពី​នគរ​ព្រះ​ ។
ឧទាហរណ៍ យើង​អាច​អធិស្ឋាន​សូម​អំពី៖
​សូម​ឲ្យ​យើង​ចាត់​បញ្ជូន​មនុស្ស​ចេញពី​ពួក​ជំនុំ​យើង ទៅ​ទូ​ទាំង​ពិភពលោក​ ។
ការ​បង្រៀន​ព្រះ​គម្ពីរប៊ីប​នៅ​ទី​ជិត​ឆ្ងាយ
បុព្វ​ហេតុ​នៃ​ព្រះគ្រីស្ទ បាន​តាំងនៅ​ក្នុង​ពិភពលោក
ព្រះ​ទ្រង់​មាន​សេចក្តី​មេត្តា​ចំពោះ​យើង ហើយ​ប្រទាន​ពរ​ដល់​យើង
ភាព​ស្មោះ​ត្រង់ និង​ការ​រីក​លូត​លាស់​នៃ​ពួក​ជំនុំ និង​ការ​ធ្វើ​បន្ទាល់​របស់​យើង​ទូ​ទាំង​ពិភពលោក
រដ្ឋាភិបាល​របស់​យើង និង​អ្នក​ដឹកនាំ​រដ្ឋាភិបាល ចាប់​តាំងពី​ថ្នាក់​មូលដ្ឋាន
ជន​អនាថា ទុរគត និង​ជន​អត់​ឃ្លាន
បញ្ចេញ​ពន្លឺ​ក្នុង​ទីក្រុង​របស់​អ្នក ធ្វើ​ជា​បន្ទាល់​អំពី​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ
ជា​ការ​ពិត​ណាស់ នេះ​គ្រាន់តែ​ជា​គំរូ​នៃ​សេចក្តី​អធិស្ឋាន​ ។ ការ​អធិស្ឋាន​ផ្ដោត​ទៅ​លើ​នគរ​ព្រះ អាច​មាន​ច្រើន​ចំណុច​ទៀត​ ។ ទោះ​អ្នក​កំពុង​អធិស្ឋាន​ឲ្យ​អ្វី​ក៏ដោយ​នៅ​ថ្ងៃ​នេះ ក្នុង​ថ្ងៃ​បន្ទាប់ ចូរ​ទូល​សូម​ឲ្យ​រាជ​ទ្រង់​បាន​មកដល់​ ។ ចូល​ទូល​សូម​ព្រះហឫទ័យ​ទ្រង់​បាន​សម្រេច​ ។ អ្នក​មាន​អំណរ​ណាស់ ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​អ្នក​ឲ្យ​អធិស្ឋាន ហើយ​ឆ្លើយតប​ការ​អធិស្ឋាន​របស់​អ្នក ដើម្បី​តាំង​នគរ​ទ្រង់! 


ខគម្ពីរ​ជញ្ជឹង​គិត៖ ម៉ាថាយ ៦:៩-១១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ អេសេគាល ៤០-៤១ និង យ៉ូហាន ១៨:១៩-៤០
 

ប្រភេទ