
ព្រះអង្គនឹងប្រទានកម្លាំង
ដោយAlistair Begg
October 7, 2026
«អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្ដាំដ៏សុចរិតរបស់អញ» ។ អេសាយ ៤១:១០
មនុស្សដែលមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង និងការអ្វីដែលពួកគេសម្រេចបាន កម្រនឹងស្គាល់ព្រះបានជិតដិត ។ មុនពេលយើងអាចស្គាល់ព្រះចេស្តា និងកម្លាំងរបស់ព្រះបានច្បាស់ យើងត្រូវតែប្រឈមមុខដាក់ការពិតដែលថា យើងអសមត្ថភាព និងមានភាពកម្សោយ ។
យើងរាល់គ្នាសុទ្ធតែឆ្លងកាត់ពេលក្នុងជីវិតយើង ដែលយើងសុខចិត្តជៀសវាងការប្រឈមមុខនេះ ។ យើងនឹងទូលសូមព្រះអម្ចាស់ឲ្យដកចេញទុក្ខលំបាកពីជីវិតយើង ដូចសាវ័កប៉ុលផងដែរ ហើយយើងនឹងទទួលបានចម្លើយ ដែលយើងមិនដែលចង់ឮ នោះគឺ «គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្ដីកម្សោយ» (២កូរិនថូស ១២:៩) ។
មនុស្សជាច្រើនបានចំណាយជីវិតខ្លួនឯង ដោយព្យាយាមធ្វើខ្លួនឲ្យមានភាពរឹងមាំ ដើម្បីអ្នកដទៃ ដោយខិតខំបន្តដំណើរទៅមុខទៀត ដោយចិត្តមុះមុត ដើម្បីមនុស្សដែលខ្លួនស្រឡាញ់ ។ យើងប្រហែលថែមទាំងជឿថា យើងអាចធ្វើដូចនេះបាន តែយើងធ្វើមិនកើត ។ សូម្បីនៅថ្ងៃល្អបំផុតរបស់យើង ក៏យើងដឹងថា សមត្ថភាពយើងមានកំណត់ បានជាយើងមិនអាចធ្វើដោយខ្លួនឯងបាន ។ ប៉ុន្តែ បើយើងគ្រាន់តែទទួលស្គាល់ថា យើងមានភាពទន់ខ្សោយប៉ុណ្ណា យើងនឹងមានការភ្ញាក់ផ្អើល ចំពោះព្រះចេស្តារបស់ព្រះ ដែលបានបញ្ចេញមក ក្នុងជីវិតយើង ។ វិធីដើម្បីឲ្យយើងពិតជាមានភាពរឹងមាំ សម្រាប់អ្នកដទៃ គឺត្រូវពឹងផ្អែកលើកម្លាំងមកពីព្រះអម្ចាស់ ជាជាងពឹងអាងសមត្ថភាពខ្លួនឯង ។
នៅពេលដែលអ្នកកំពុងអានអត្ថបទនេះ អ្នកប្រហែលកំពុងតែខ្សោះអស់កម្លាំងខាងផ្លូវកាយ ផ្លូវអារម្មណ៍ និងវិញ្ញាណ ហើយបើអ្នកមិនទាន់មានភាពហត់នឿយទេ អ្នកនឹងមានអារម្មណ៍ដូចនេះ នៅពេលអនាគត ។ ក្នុងពេលដែលអ្នកមានភាពកម្សោយ អ្នកនឹងប្រឈមមុខដាក់ការសម្រេចចិត្តថា អ្នកអាចទូលសូមព្រះប្រទានកម្លាំង ឬអ្នកអាចងាកទៅរកការថ្វាយបង្គំរូបព្រះ ។ និស្ស័យសាច់ឈាមរបស់អ្នកមិនមានទំនោរទៅរកព្រះទេ តែនាំឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង និងមានទំនុកចិត្តលើខ្លួនឯង តាមរយៈមធ្យោបាយផ្សេងទៀត ដូចជា ទ្រព្យសម្បត្តិ ចំណេះដឹង ថាមពល និងភាពជោគជ័យពីអតីតកាល ។ ប៉ុន្តែ ហោរាយេរេមាបាននាំយើងឲ្យងាកមករកព្រះអង្គវិញ ដោយពាក្យថា «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ ឯអ្នកដែលអួត នោះត្រូវឲ្យគេអួតតែពីសេចក្ដីនេះវិញ គឺថាខ្លួនមានយោបល់ ហើយស្គាល់ដល់អញថា អញជាព្រះយេហូវ៉ា» (យេរេមា ៩:២៣-២៤) ។
ជាជាងព្យាយាមមមុលទៅមុខ ដោយកម្លាំងរបស់អ្នកនៅថ្ងៃនេះ ចូរអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធជួយឲ្យវិញ្ញាណអ្នកជ្រួតជ្រាបទៅដោយសេចក្តីពិតដែលថា ព្រះទ្រង់ប្រទានកម្លាំង ពេលអ្នកទន់ខ្សោយ ។ ព្រះអង្គមានបន្ទូលថា «យើងនឹងចម្រើនកម្លាំងឯង ។ យើងនឹងជួយឯង ។ យើងនឹងទ្រទ្រង់ឯង ដោយព្រះហស្តស្តាំដ៏សុចរិត» ។
អ្នកកំពុងបម្រើព្រះដែលមានព្រះនេត្រទតមើលឃើញអ្នក ដោយជង្គង់ដែលបន្ទន់ចុះដើម្បីជួយអ្នក និងព្រះហស្តដែលឈោងមករកអ្នក ។ ចូរងាកទៅរកព្រះអង្គ ដោយការបន្ទាបខ្លួន ក្នុងភាពកម្សោយរបស់អ្នក ហើយត្រៀមជាស្រេច ដើម្បីឲ្យព្រះអង្គបំពេញតម្រូវការអ្នក ដោយកម្លាំងរបស់ព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត៖ អេសាយ ៤០:២៧-៣១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៤២-៤៤ និង យ៉ូហាន ១៩:១-២២