នំម៉ាណាប្រចាំថ្ងៃ
ដំណឹង​ល្អ​សម្រាប់​មនុស្ស​ទាំង​អស់

ដំណឹង​ល្អ​សម្រាប់​មនុស្ស​ទាំង​អស់

ដោយAlistair Begg

October 8, 2026

«ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម្ល៉េះ​បានជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់តែ១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» ។ យ៉ូហាន ៣:១៦
ខ​គម្ពីរ​នេះ​ប្រហែល​ជា​ខ​គម្ពីរ​ដែលគេ​ស្គាល់​ច្រើន​ជាងគេ និង​ស្រឡាញ់​ជាងគេ ក្នុង​ព្រះ​គម្ពីរប៊ីប​ ។ ខ​គម្ពីរ​នេះ​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​សន្ទនា​រវាង​ព្រះយេស៊ូវ និង​លោក ​នីកូដេម ជា​សាសន៍​យូដា​ដែល​ខ្ជាប់ខ្ជួន​ក្នុង​សាសនា​របស់​ខ្លួន​ ។ បន្ទាប់មក ជំពូក​បន្ទាប់​នៃ​កណ្ឌ​គម្ពីរ​យ៉ូហាន ក៏​បាន​បក​ស្រាយ​អត្ថន័យ​របស់​ខ​គម្ពីរ​នេះ នៅពេល​ដែល​ព្រះ​យេស៊ូវ​សន្ទនា​ជា​មួយ​ស្ត្រី​ម្នាក់ ដែល​មាន​លក្ខណៈ​សម្បត្តិ​ផ្ទុយ​ស្រឡះ​ពី​លោក ​នី​កូដេម ក្នុង​ផ្នែក​សង្គម ក្រម​សីលធម៌ និង​សាសនា​ ។ ការ​នេះ​បាន​បង្រៀន​យើង​នូវ​មេរៀន​ដ៏​សំខាន់​ថា ដំណឹង​ល្អ​អំពី​ការ​យាង​មក​នៃ​ព្រះគ្រីស្ទ មិនមែន​សម្រាប់​តែ​មនុស្ស​ដែល​ខ្ជាប់ខ្ជួន​នឹង​សាសនា​ដូច​លោក ​នីកូដេម តែ​ក៏​សម្រាប់​មនុស្ស​ដែល​រស់នៅ​ក្នុង​ភាព​អសីលធម៌ ត្រូវ​គេ​ស្អប់​ខ្ពើម និង​បដិសេធន៍ ដូច​ស្ត្រី​សាសន៍​សាម៉ារី នៅ​អណ្តូង​ទឹក​ផង​ដែរ​ ។ 
បុគ្គល​ទាំង​ពីរ​នេះ​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ ។ លោក ​នីកូដេម​ជា​មនុស្ស​មាន​ការ​ចេះ​ដឹង​ជ្រៅ​ជ្រះ មាន​អំណាច មាន​គេ​គោរព និង​បាន​ទទួល​ការ​បណ្ដុះ​បណ្តាល​ផ្នែក​ទេវសាស្ត្រ​ ។ រី​ឯ​ស្រ្តី​នោះ​វិញ មិន​មាន​ការ​អប់រំ គ្មាន​ឥទ្ធិពល ត្រូវ​គេ​ស្អប់​ខ្ពើម និង​អមនុស្ស​ធម៌​ ។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​ឆ្លើយតប​របស់​ព្រះយេស៊ូវ ចំពោះ​អ្នក​ទាំង​ពីរ គឺ​បាន​បង្ហាញថា មនុស្ស​ទាំង​អស់​សុទ្ធតែ​ត្រូវ​ការ​ព្រះ​អង្គ​សង្គ្រោះ​ ។ ការ​សន្ទនា​របស់​លោក ​នីកូដេម បាន​បង្ហាញ​ច្បាស់​ថា យើង​មិន​អាច​ខិតខំ​ធ្វើ​តាម​ក្រឹត្យ​វិន័យ​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ជួយ​សង្គ្រោះ​ខ្លួនឯង​ឲ្យ​រួច​ពី​បាប​បានទេ​ ។ ចំណែក​ឯ​បទ​ពិសោធន៍​ជីវិត​របស់​ស្រ្តី​សាសន៍​សាម៉ារី​នោះ​វិញ គឺ​បាន​បង្ហាញ​ច្បាស់​ថា គ្មាន​មនុស្ស​ណា​ម្នាក់​អាក្រក់​ពេក ដែល​ព្រះយេស៊ូវ​មិន​អាច​ឈោង​ដល់​នោះ​ទេ​ ។ យើង​រាល់​គ្នា​សុទ្ធតែ​រស់នៅ​ក្រោម​សេចក្តី​ក្រោធ និង​ការ​ជំនុំជម្រះ​របស់​ព្រះ ទាល់តែ​យើង​បាន​ស្វាគមន៍​ពន្លឺ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះអង្គ ទោះ​យើង​ជា​លោក ​នីកូដេម ឬ​ស្ត្រី​សាសន៍​សាម៉ារី ឬ​ជា​មនុស្ស​ដែល​ស្ថិត​នៅ​ចន្លោះ​ប្រភេទ​មនុស្ស​ទាំង​ពីរ​ក៏ដោយ​ ។ លោកិយ​ទាំងមូល​ត្រូវ​ការ​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់ ដល់​លោកិយ​ទាំងមូល​ ។ ដោយសារ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ មិន​មាន​ការ​រើសអើង យើង​ក៏​មិន​ត្រូវ​រើសអើង​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ដែរ​ ។ លោក ​នីកូដេម និង​ស្ត្រី​នៅ​មាត់​អណ្តូង​ទឹក ត្រូវ​ការ​ឮ​ដំណឹង​ល្អ​ដូច​គ្នា បានជា​ព្រះអង្គ​បាន​ផ្សាយ​ដំណឹងល្អ​ដល់​ពួកគេ ជា​លក្ខណៈ​បុគ្គល ដោយ​ជំនាញ​ដ៏​ប៉ិន​ប្រសប់​ ។ ព្រះអង្គ​មិន​បាន​ចូល​ទៅ​រក​មនុស្ស​គ្រប់​គ្នា តាម​ក្បួន​ដាច់ខាត​តែមួយ​នោះ​ទេ តែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​ពួកគេ ផ្អែក​ទៅលើ​ស្ថានភាព និង​តម្រូវការ​របស់​ពួក​គេ​រៀងៗ​ខ្លួន​ ។ ព្រះ​អង្គ​បាន​ចោទ​សួរ​ពួកគេ​នូវ​សំនួរ ដែល​បើក​បង្ហាញ​ចិត្ត​ដែល​មាន​បាប និង​បង្ហាញ​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ពួកគេ​ ។ 
ដែល​ព្រះ​ទ្រង់​អញ្ជើញ​មនុស្ស​ទាំង​អស់ ឲ្យ​ស្តាប់​ដំណឹង​ល្អ​របស់​ទ្រង់​ជា​យ៉ាងណា នោះ​ព្រះអង្គ​ក៏​អញ្ជើញ​មនុស្ស​ទាំង​អស់​ដែល​បាន​ផ្លាស់​ប្រែ​ដោយសារ​ដំណឹង​ល្អ ឲ្យ​ធ្វើ​ជា​ភ្នាក់ងារ​នៃ​ការ​ផ្លាស់​ប្រែ​សម្រាប់​អ្នក​ដទៃ​ផង​ដែរ​ ។ បន្ទាប់​ពី​ស្ត្រី​សាសន៍​សាម៉ារី​បាន​សន្ទនា​ជាមួយ​ព្រះយេស៊ូវ​ហើយ គាត់​បាន​ប្រញាប់​រត់​ទៅ​ភូមិ​របស់​គាត់ ដើម្បី​ប្រាប់​គេ​គ្រប់​គ្នា​ថា ទ្រង់​បាន​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​ដែល​នាង​បាន​ធ្វើ (យ៉ូហាន ៤:៣៩) ។ អ្នក​ភូមិ​នោះ​ក៏​បាន​ឆ្លើយតប ចំពោះ​ពាក្យ​សម្តី​របស់​នាង ដោយ​ស្វែងរក​ព្រះយេស៊ូវ​ ។ ការ​នេះ​គួរតែ​បាន​លើក​ទឹក​ចិត្ត​យើង​រាល់​គ្នា ជា​ពិសេស​អ្នក​ដែល​ខ្វះ​ទំនុក​ចិត្ត ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ​ ។ នៅពេល​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ ។ 
«ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ» បាន​ជា​សេចក្តី​ស្រឡាញ់​នោះ​បាន​ចូល​មក​រស់​ក្នុង​អ្នកណា​ដែល​ជឿ​ ។ សេចក្តី​ស្រឡាញ់​នេះ​ផ្តល់​ឲ្យ​អ្នក​នូវ​អំណាច សម្រាប់​ធ្វើ​អ្វី​ដែល​ចាំបាច់ ដើម្បី​រស់នៅ​តាម​បង្គាប់​របស់​ព្រះ ហើយក៏​រំដោះ​អ្នក​ឲ្យ​រួចពី​ច្រវាក់ ដែល​ចង​ភ្ជាប់​អ្នក​នឹង​អតីត​កាល ទោះជា​អតីត​កាល​នៃ​ការ​ខ្ជាប់ខ្ជួន​ខាង​សាសនា និង​អំនួត​ដូច​លោក ​នីកូដេម ឬ​ជា​អតីត​កាល​នៃ​ភាព​អា​ម៉ាស និង​អសីលធម៌ ដូច​ស្ត្រី​សាសន៍​សាម៉ារី​ក៏ដោយ​ ។ សេចក្តី​ស្រឡាញ់​នេះ​ក៏​បណ្តាល​ចិត្ត​អ្នក​ឲ្យ​ផ្សាយ​ដំណឹង​ល្អ អំពី​សេចក្តី​ស្រឡាញ់ ដែល​ប្រទាន​ព្រះរាជបុត្រា និង​ផ្តល់​ឲ្យ​នូវ​ជីវិត ដល់​មនុស្ស​នៅ​ជុំ​វិញ​អ្នក​ ។ អស់​អ្នកណា​ដែល​ជឿ នឹង​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ យ៉ូហាន ៤:៣១-៤២
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ អេសេគាល ៤៥-៤៦ និង យ៉ូហាន ១៩:២៣-៤២

ប្រភេទ