
អធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវ
ដោយAlistair Begg
October 9, 2026
«ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្ក នៃព្រះគុណដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ» ។ ហេព្រើរ ៤:១៦
មុនពេលយើងបញ្ចប់ការអធិស្ឋាន ដោយនិយាយថា អាម៉ែន គ្រីស្ទបរិស័ទភាគច្រើនពោលថា «ទូលបង្គំអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវ» ។ តើហេតុអ្វីយើងនិយាយដូចនេះ? តើយើងគ្រាន់តែនិយាយឲ្យពីរោះស្តាប់ មុនពេលបញ្ចប់ការអធិស្ឋានឬ?
ការអធិស្ឋានដោយនូវព្រះនាមព្រះយេស៊ូវ គឺជាការទុកចិត្តលើព្រះរាជកិច្ចនៃការជួយសង្គ្រោះរបស់ព្រះអម្ចាស់យេស៊ូវ ជាច្រកផ្លូវតែមួយចូលទៅរកព្រះ ។ យើងមិនអាចចូលទៅរកព្រះ ដោយសារឈ្មោះរបស់យើងបានឡើយ ។ យើងក៏មិនអាចចូលទៅរកព្រះ ហើយទូលអង្វរ ផ្អែកទៅលើការល្អដែលយើងអាចធ្វើបានដែរ ។ ទេ យើងចូលទៅរកព្រះ ដោយនូវព្រះនាមព្រះយេស៊ូវ ហើយនេះជាឯកសិទ្ធិពិសេសខ្លាំងណាស់ ដែលយើងអាចធ្វើដូចនេះបាន ។ គឺដោយសារតែយើងមានសម្តេចសង្ឃមានក្តីអាណិត ដែលអាចនាំយើង «ចូលទៅរកបល្ល័ង្កនៃព្រះគុណ» ដោយទំនុកចិត្តថា ព្រះដ៏ខ្ពស់បំផុត និងស្វាគមន៍យើង ។
ដោយសារព្រះអម្ចាស់យេស៊ូវគ្រីស្ទ យើងអាចថ្វាយបន្ទុក ការភ័យខ្លាច បរាជ័យ ការរំពឹង ក្តីសង្ឃឹម និងក្តីស្រមៃទាំងអស់ ដល់ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ។ គ្មានការទូលសូមណា ដែលធំពេកសម្រាប់ព្រះអង្គនោះឡើយ ។
អ្នកនិពន្ធទំនុកសកលបានរៀបរាប់ អំពីឱកាសនៃការអធិស្ឋាន បានយ៉ាងប្រសើរថា :
វិញ្ញាណខ្ញុំអើយ ចូលចូលទៅរកបល្ល័ង្កនៃសេចក្តីមេត្តា
ជាកន្លែងដែលព្រះយេស៊ូវឆ្លើយតបការអធិស្ឋាន
ចូរក្រាបនៅទៀបព្រះបាទរបស់ព្រះអង្គ
ដ្បិតគ្មាននរណាវិនាសនៅទីនោះឡើយ
ទូលបង្គំសូមទូលអង្វរស្របតាមព្រះបន្ទូលសន្យា
ទូលបង្គំសូមចូលទៅជិត
ព្រះអង្គឲ្យទូលបង្គំថ្វាយបន្ទុកដល់ព្រះអង្គ
ទូលបង្គំបានធូរស្រាល ។80
ការចូលទៅរកព្រះយ៉ាងដូចនេះ មិនមែនស្ថិតក្នុងផ្លូវជាច្រើននោះទេ តែជាផ្លូវតែមួយ ដែលព្រះអង្គនឹងឮយើងទូលអង្វរ ខណៈពេលដែលព្រះវរបិតាស្តាប់ឮកូនរបស់ព្រះអង្គទូលអង្វរ ។ ដូចនេះ ពេលណាអ្នកអធិស្ឋាន ចូរចូលទៅជិតព្រះវរបិតា ដោយនូវព្រះនាមព្រះរាជបុត្រាទ្រង់ ដោយទុកចិត្តថា ព្រះវិញ្ញាណព្រះអង្គនឹងដឹកនាំអ្នក ។
ខគម្ពីរជញ្ជឹងគិត៖ ហេព្រើរ ៤:១៤-៥:៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសេគាល ៤៧-៤៨ និង យ៉ូហាន ២០