
ជំនួយរបស់យើងមកពីព្រះអម្ចាស់
ដោយAlistair Begg
October 11, 2026
«ដាវីឌទូលដល់សូលថា សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ ... ទូលបង្គំ ជាបាវបំរើទ្រង់ បានប្រហារទាំងសត្វសិង្ហ នឹងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងបានដូចជាសត្វ១នោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ ។ ដាវីឌក៏ទូលទៀតថា ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ នឹងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្ដាប់ដៃសាសន៍ភីលីស្ទីននោះដែរ ខណៈនោះ សូលមានបន្ទូលថា ដូច្នេះ ចូរទៅចុះ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង» ។ ១សាំយ៉ូអែល ១៧:៣២,៣៦-៣៧
នៅពេលដែលដាវីឌបានចូលទៅក្នុងការប្រឈមមុខរវាងកូលីយ៉ាត និងរាស្រ្តរបស់ព្រះ គាត់បាននិយាយប្រាប់ស្តេចសូលដោយចិត្តក្លាហានថា ពួកគេមិនត្រូវមានការភ័យខ្លាចទេ ហើយការនេះគួរឲ្យកត់សំគាល់ នៅត្រង់ថា កាលនោះ កងទ័ពអ៊ីស្រាអែលទាំងមូលកំពុងតែភ័យខ្លាចរកធ្វើអ្វីមិនកើត ដោយសារយក្សនោះ ។ នៅពេលដែលពួកគេឃើញកូលីយ៉ាត ពួកគេក៏បានរត់ ។ គាត់នៅតែបន្តបបួលពួកគេប្រយុទ្ធ តែពួកគេមិនមានការឆ្លើយតប ។ បន្ទាប់មក ដាវីឌក៏បានមកដល់ ក្នុងនាមជាក្មេងគង្វាលចៀម ដែលគ្រាន់តែនិយាយ គ្មាននរណាម្នាក់ត្រូវភ័យខ្លាចឡើយ ខ្ញុំនឹងប្រយុទ្ធនឹងវា ។
នៅពេលដែលស្តេចសូលចោទសួរអំពីសមត្ថភាពរបស់ដាវីឌ ក្នុងការប្រឈមមុខដាក់កូលីយ៉ាត ដាវីឌមិនបានបោះបង់ការតស៊ូ ឬទូលស្តេចសូលថា គាត់មិនខ្សោយ ដូចដែលគេមើលឃើញនោះទេ ។ ផ្ទុយទៅវិញ គាត់បានធ្វើបន្ទាល់ពីព្រះអម្ចាស់ ដែលជួយឲ្យគាត់អាចប្រយុទ្ធបាន ។ នៅក្នុងការឃ្វាលហ្វូងចៀមរបស់ឪពុកគាត់ គាត់បានប្រយុទ្ធឈ្នះសត្វចៀម និងសត្វតោ ហើយគាត់ដឹងថា ជ័យជម្នះដូចនេះកើតចេញពីព្រះ ។ ឥឡូវនេះ គាត់ទុកចិត្តថា ព្រះអង្គនឹងប្រទានជ័យជម្នះដល់គាត់ម្តងទៀត ហើយលើកនេះ គឺឈ្នះសាសន៍ភីលីស្ទីននោះ ដែលបានចំអកឲ្យរាស្រ្តរបស់ព្រះ ។
ដាវីឌប្រហែលជាបាននឹកចាំ អំពីការពិពណ៌នាដ៏អស្ចារ្យ ក្នុងបទគម្ពីរនិក្ខមនំ ជំពូក១៤ ដែលក្នុងនោះ ពួកអ៊ីស្រាអែលកំពុងទាល់ច្រក ដោយមានសមុទ្រក្រហមនៅពីក្រោយខ្នង ហើយនៅពីមុខពួកគេមានកងទ័ពរបស់សាសន៍អេស៊ីព្ទកំពុងតែសំដៅមករកពួកគេ ។ កាលនោះ នៅពេលដែលពួកគេស្រែកឡើង ដោយការភ័យខ្លាច លោក ម៉ូសេក៏បានឆ្លើយតបថា «កុំខ្លាចអី ឈប់សិន ចាំមើលសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលទ្រង់នឹងប្រោសដល់អ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតពួកសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ នោះនឹងលែងឃើញទៀតជាដរាបទៅ ។ ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ» (និក្ខមនំ ១៤:១៣-១៤) ។ នេះជាអ្វីដែលព្រះទ្រង់បានធ្វើ ។ ព្រះយេហូវ៉ា ជាព្រះដ៏រស់ ដែលបានរំដោះរាស្រ្តទ្រង់ ហើយក៏ជាព្រះអម្ចាស់ដែលនឹងរំដោះស្តេចដាវីឌឲ្យមានជ័យជម្នះផងដែរ ។
ក្រោយមក នៅពេលដែលដាវីឌនិពន្ធបទកំណាព្យនេះ ហើយផ្តល់ឲ្យនូវបទចម្រៀងដល់អ្នកដឹកនាំថ្វាយបង្គំ គាត់ក៏បាននឹកចាំថា «បើមិនមែនជាព្រះយេហូវ៉ាដែលកាន់ខាងពួកយើងទេ ក្នុងកាលដែលមនុស្សបានលើកគ្នាទាស់នឹងយើង ។ នោះប្រាកដជាគេបានលេបយើងទាំងរស់ហើយ គឺក្នុងកាលដែលសេចក្ដីក្រោធរបស់គេ បានក្ដៅឡើងទាស់នឹងពួកយើង» (ទំនុកដំកើង ១២៤:២-៣) ។ បន្ទាប់មក គាត់ក៏បានបញ្ចប់ដោយការប្រកាសពេញដោយក្តីសង្ឃឹមថា «ឯសេចក្ដីជំនួយរបស់យើង គឺដោយពឹងដល់ព្រះនាមព្រះយេហូវ៉ា ដែលទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី» (ខ.៨) ។
តើសំអាងទៅលើអ្វី ដែលអ្នកអាចតតាំងនឹងបញ្ហាធំដូចយក្ស នៅថ្ងៃនេះ ឬនៅពេលយប់ដែលអ្នកគេងមិនលក់? តើធ្វើដូចម្តេចឲ្យអ្នកដឹងថា អ្នកនឹងមានជ័យជម្នះ? បើសេចក្តីក្លាហានរបស់អ្នកកើតចេញពីសមត្ថភាពរបស់អ្នក មិនយូរមិនឆាប់ អ្នកនឹងជួបបញ្ហាលើសពីសមត្ថភាពរបស់អ្នក ។ ផ្ទុយទៅវិញ ចូរទុកចិត្តលើព្រះអម្ចាស់ ដ្បិតព្រះអម្ចាស់បានរំដោះរាស្រ្តទ្រង់ ហើយក៏នឹងរំដោះអ្នកឲ្យរួចផងដែរ ។ បើព្រះទ្រង់កាន់ខាងយើង តើនរណាអាចទាស់នឹងយើងបាន (រ៉ូម ៨:៣១)?
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ១២៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ បទចម្រៀងសាឡូម៉ូន ៤-៥ និង អេភេសូរ ១