
មិនត្រូវការអាវក្រោះទេ
ដោយAlistair Begg
October 12, 2026
«ទើបស្ដេចបំពាក់គ្រឿងរបស់ទ្រង់ឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល នឹងអាវក្រោះដែរ ។ នោះដាវីឌក៏ក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរល្បងមើល ដ្បិតមិនដែលបានលម្ដងសោះ រួចទូលទៅសូលថា ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលលម្ដងឡើយ ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ» ។ ១សាំយ៉ូអែល ១៧:៣៨-៣៩
រឿងនេះ គឺបានឆ្លុះបញ្ចាំអំពីពេលដែលម្តាយជាច្រើនបានក្រើនរំឭកកូនដែលនៅក្មេង នៅថ្ងៃដែលមានព្រឹលធ្លាក់ ឬរំឭកកូនជាមនុស្សពេញវ័យ មុនពេលទៅសម្ភាសន៍ ។ គាត់តែងតែប្រាប់ពួកគេថា «កូនកុំភ្លេចស្លៀកពាក់ឲ្យបានត្រឹមត្រូវ» ។ សម្រាប់ស្តេចសូល ការស្លៀកពាក់ឲ្យត្រឹមត្រូវ គឺជាកត្តាកំណត់ថា ទ្រង់នឹងទទួលបានជ័យជម្នះ ឬបរាជ័យ ។ ហេតុនេះហើយ នៅពេលដែលដាវីឌស្ម័គ្រចិត្តចេញទៅប្រយុទ្ធនឹងកូលីយ៉ាត ជំនួសពួកអ៊ីស្រាអែល បទបញ្ជាទីមួយ គឺត្រូវឲ្យគាត់ពាក់អាវក្រោះ ។ ស្តេចបានទុកចិត្តទៅលើអាវក្រោះរបស់ទ្រង់ បានជាមានការពិពណ៌នាក្នុងសៀវភៅកុមារ ដែលគួរឲ្យចង់ចាំ អំពីស្តេចបរាជ័យ និងក្មេងប្រុសម្នាក់ ដែលមិនអាចទ្រទម្ងន់អាវក្រោះរួច ។
ស្តេចសូលជឿថា បើទ្រង់អាចយកអាវក្រោះទ្រង់ចេញ មកបំពាក់ឲ្យក្មេងប្រុសម្នាក់នេះ វាអាចល្មមនឹងជួយគាត់ឲ្យឆ្លងកាត់ការប្រយុទ្ធនេះបាន ទោះគេអាចមើលដឹងថា គាត់មិនអាចពាក់អាវក្រោះនេះបានក៏ដោយ ។ ប៉ុន្តែ ស្តេចសូលជាមនុស្សមានមាឌធំ (១សាំយ៉ូអែល ១០:២៣) ហើយដាវីឌគ្រាន់តែជាយុវជនវ័យក្មេងម្នាក់ (១៧:៣៣) ។ គាត់មិនអាចពាក់អាវក្រោះនោះបានទេ ។ ម្យ៉ាងទៀត បើអាវក្រោះនោះមិនគ្រប់គ្រាន់ល្មមនឹងជួយស្តេចសូលឲ្យចេញទៅតតាំងនឹងកូលីយ៉ាត ហើយមានជ័យជម្នះបានទេ ហេតុអ្វីទ្រង់គិតថា ក្មេងគង្វាលចៀមម្នាក់នេះ ដែលពាក់អាវក្រោះនោះមិនត្រូវ អាចមានឱកាសប្រយុទ្ធឈ្នះបាន? ស្តេចសូលគឺជាស្តេចដែលបរាជ័យ ហើយទោះទ្រង់ពាក់អាវក្រោះ ឬអត់ ក៏ទ្រង់នៅតែបរាជ័យ ។
ដាវីឌដឹងថា អាវក្រោះដ៏ធ្ងន់នេះមិនអាចជួយគាត់ ក្រៅពីធ្វើឲ្យគាត់ពិបាកប្រយុទ្ធ បានជាគាត់ទម្លាក់វាចុះ ។ គាត់ដឹងថា គាត់មិនត្រូវការធ្វើខ្លួនឲ្យក្លាយជាមនុស្សម្នាក់ទៀតនោះទេ ព្រោះព្រះទ្រង់នឹងជួយគាត់ ។ គាត់ដឹងថា គាត់មិនចាំបាច់ត្រូវពឹងផ្អែកលើអ្វីផ្សេង ព្រោះព្រះទ្រង់គង់នៅជាមួយគាត់ ។
ពិតណាស់ នេះជាទិដ្ឋភាពដ៏សោកសៅ ។ ស្តេចសូលមិនទាំងបានធ្វើជាស្រមោលរបស់ទ្រង់កាលពីមុនផង ។ ទ្រង់ឈរនៅទីនោះ ដោយអវត្តមាននៃព្រះវិញ្ញាណរបស់ព្រះ ដោយមើលមិនឃើញសិរីល្អរបស់ព្រះអង្គ សេចក្តីក្លាហានរបស់ទ្រង់ក៏បានរលាយបាត់អស់ រួមជាមួយនឹងក្តីអំណរ សន្តិភាព និងទំនុកចិត្តរបស់ទ្រង់ ។ យើងអាចស្រមៃថា ពេលនោះទ្រង់ក៏បានមើលដាវីឌចុះទៅរើសគ្រាប់គ្រួស៥គ្រាប់ នៅជ្រលងភ្នំ ដោយក្រសែភ្នែកដ៏សោកសៅ របស់ស្តេចដែលស្រមោលនៃរាជបល្ល័ង្កទ្រង់កំពុងតែរលាយបាត់ ។
ចូរយើងឲ្យទិដ្ឋភាពរបស់ស្តេចសូល បានបណ្តាលចិត្តយើងឲ្យពិចារណាថា តើអ្នកពឹងផ្អែកលើ «អាវក្រោះ» ធ្វើជាទំនុកចិត្ត ក្នុងជីវិតអ្នកឬទេ? តើអ្នកទុកដាក់ក្តីសង្ឃឹមរបស់អ្នក នៅលើវិធីសាស្រ្តរបស់មនុស្ស ដែលអ្នកមិនអាចប្រើត្រូវ ហើយមិនដំណើរការតាមរបៀបដែលស្ថិតស្ថេរ? ចូរយើងយកគំរូតាមស្តេចដាវីឌ ដោយមើលទៅព្រះ ដែលទ្រង់ជួយអ្នក និងគង់នៅជាមួយអ្នក ។ បន្ទាប់មក អ្នកនឹងអាចទម្លាក់ «អាវក្រោះ» នោះចុះ ហើយទុកចិត្តការដឹកនាំរបស់ព្រះវិញ ។ យ៉ាងនោះ អ្នកអាចប្រឈមមុខដាក់ថ្ងៃនីមួយៗ ដោយអំណរ សន្តិភាព និងចិត្តក្លាហាន ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ២៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ បទចម្រៀងសាឡូម៉ូន ៦-៨ និង អេភេសូរ ២