
គ្មានព្រះឯណាទៀត
ដោយAlistair Begg
October 13, 2026
«កាលវាក្រឡេកឃើញដាវីឌ នោះក៏តាំងចិត្តមើលងាយ ... រួចវានិយាយទៅដាវីឌថា តើអញជាឆ្កែឬអី បានជាឯងមកឯអញទាំងកាន់ដំបងដូច្នេះ ហើយក៏ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់វា ...ដាវីឌឆ្លើយតបទៅវិញថា ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្ដាប់ដៃនៃអញហើយ» ។ ១សាំយ៉ូអែល ១៧:៤២-៤៣,៤៥-២៦
ការជេរប្រមាថគូរប្រកួត គឺជាទម្លាប់ដែលគេធ្វើជាធម្មតា តាំងពីយូរលុងមកហើយ តាំងពីមុនពេលដើមកំណើតនៃការប្រកួតកីឡាបែបអាជីព ។ ឧទាហរណ៍ នៅពេលដែលកូលីយ៉ាតមានអារម្មណ៍ថា គេបានប្រមាថគាត់ ដោយបញ្ជូនក្មេងម្នាក់ឲ្យមកប្រយុទ្ធនឹងគាត់ គាត់ក៏បានចាប់ផ្តើមនិយាយពាក្យអសុរោះ ហើយ «ប្រទេចផ្ដាសាដល់ដាវីឌដោយនូវព្រះរបស់គាត់» ។
ការជេរប្រមាថនេះ គឺជាចំណុចសំខាន់ដែលយើងគួរយកមកពិចារណា ។ តាមរយៈការជេរប្រមាថនេះ គាត់កំពុងតែទទួលស្គាល់ដោយមិនដឹងខ្លួនថា រឿងដែលហៀបនឹងកើតឡើង គឺមានសារៈសំខាន់លើសពីការប្រយុទ្ធរវាងមនុស្សពីរនាក់ តែជាការប្រយុទ្ធរវាងព្រះរបស់សាសន៍ភីលីស្ទីន និងព្រះដ៏រស់របស់សាសន៍អ៊ីស្រាអែល ។
បើពួកអ៊ីស្រាអែលចំណាយពេលគិតតែបន្តិច ពួកគេអាចនឹកចាំថា ព្រះជាច្រើនរបស់សាសន៍ភីលីស្ទីន មិនមែនជាក្រុមដែលគួរឲ្យស្ញែងខ្លាចនោះទេ ។ ព្រះទាំងនោះត្រូវការឲ្យគេសែង ដើម្បីបន្លាស់ទី ហើយមិនអាចធ្វើអ្វីៗដោយខ្លួនឯងបាន គឺមិនខុសពីព្រះក្លែងក្លាយផ្សេងទៀតទេ ។ កាលពីមុន ពួកសាសន៍ភីលីស្ទីនត្រូវលើកព្រះដាកុន របស់ពួកគេឡើង បន្ទាប់ពីព្រះទ្រង់បានវាយឲ្យដួលនៅលើដី ហើយទីបំផុត ក្បាលរបស់ព្រះនោះក៏បានដាច់ (១សាំយ៉ូអែល ៥:៣-៤) ។
ដូចនេះ ការដែលកូលីយ៉ាតប្រមាថដាវីឌ និងព្រះរបស់សាសន៍អ៊ីស្រាអែល ហើយលើកឡើងអំពីព្រះរបស់គាត់ ដាវីឌមិនមានការភ័យខ្លាចទេ ។ ក្មេងគង្វាលចៀមនោះ បានទទួលស្គាល់ថា យក្សនោះមានមាឌធំគួរឲ្យខ្លាច ហើយបានចូលមករកគាត់ ដោយអាវុធធំៗជាច្រើន ។ ប៉ុន្តែ គាត់ក៏ដឹងផងដែរថា យក្សនោះនិយាយត្រូវតែមួយចំណុចនៅត្រង់ថា នេះជាព្រឹត្តិការណ៍ដែលធំជាងការប្រកួតម្នាក់ទល់នឹងម្នាក់ទៅទៀត ហើយដាវីឌដឹងថា ព្រះដ៏រស់ ដែលគាត់បម្រើ អាចជួយសង្គ្រោះគាត់ និងប្រជាជនអ៊ីស្រាអែល ។
ដាវីឌដឹងថា ការផ្តួលកូលីយ៉ាត មិនមែនដើម្បីធ្វើឲ្យឈ្មោះគាត់ល្បីនោះទេ តែ «ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត» (១សាំយ៉ូអែល ១៧:៤៦) ។ ជ័យជម្នះនោះនឹងបានធ្វើជាបន្ទាល់ដល់កងទ័ពនៅសងខាងជ្រលងភ្នំ ឲ្យពួកគេបានដឹងថា ព្រះទ្រង់មានព្រះជន្មរស់ និងមានអំណាចជួយសង្គ្រោះ ។
សង្គ្រាមក្នុងពេលសព្វថ្ងៃ ក៏ដូចនេះដែរ គឺកំពុងកើតឡើងរវាងព្រះដ៏រស់ និងព្រះក្លែងក្លាយរបស់សម័យបច្ចុប្បន្ន (អេភេសូរ ៦:១២) ។ ចូរជំរុញមិត្តភក្តិអ្នក ដោយចិត្តសប្បុរស ដើម្បីឲ្យពួកគេឆ្លើយថា តើព្រះរបស់ពួកគេ ដែលជាមហិច្ឆតា នយោបាយ ការអប់រំ ។ល។ កំពុងតែជួយអ្វីខ្លះដល់ពួកគេ ។ តើពួកគេមានសន្តិភាពក្នុងចិត្តទេ? តើពួកគេមានទំនុកចិត្តដែលស្ថិតស្ថេរទេ? តើពួកគេមានការស្កប់ចិត្តទេ? តើពួកគេមានអំណរទេ?
អរព្រះគុណព្រះអង្គ ដែលយើងមានព្រះដ៏ពិត ដែលប្រទានសេចក្តីល្អទាំងអស់នេះមក និងអ្វីៗជាច្រើនទៀត ។ យើងមានព្រះដែលគេមិនអាចផ្តួលបាន ហើយមិនមានតម្រូវការអ្វីសោះពីយើង ។ យើងស្គាល់ព្រះដ៏រស់ ដែលមានព្រះទ័យស្មោះត្រង់រាប់ពាន់ជំនាន់ ហើយប្រាប់យើងថា «អញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើអញនឹងបី ហើយនឹងជួយឯងឲ្យរួចផង» (អេសាយ ៤៦:៤) ។ នៅថ្ងៃនេះ ចូរឲ្យលោកិយនៅជុំវិញអ្នកមើលឃើញ និងស្តាប់ឮ ហើយដឹងថា ព្រះដែលអ្នកកំពុងបម្រើជានរណា ។
ខគម្ពីរជញ្ជឹងគិត៖ ១សាំយ៉ូអែល ៥:១-៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយូអែល ១-៣ និង អេភេសូរ ៣