នំម៉ាណាប្រចាំថ្ងៃ
បុរស ដែល​នៅ​កណ្តាល

បុរស ដែល​នៅ​កណ្តាល

ដោយAlistair Begg

October 14, 2026

«ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ដោយសារតែ​ខ្សែ​ដង្ហក់​នឹង​ក្រួស១គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលីស្ទីន​នោះ​ឲ្យ​ស្លាប់​ទៅ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ» ។ ១សាំយ៉ូអែល ១៧:៥០
ការ​ពិពណ៌នា​នេះ​ស្ថិត​ក្នុង​ចំណោម​ការ​ពិពណ៌នា​ ដែលគេ​បាន​ស្គាល់​ច្រើន​បំផុត ក្នុង​ព្រះ​គម្ពីរប៊ីប ប៉ុន្តែ ចូរ​យើង​កុំ​មើល​រំលង​លក្ខណៈ​ដ៏​អស្ចារ្យ​នៃ​ជ័យ​ជម្នះ នៅ​ក្នុង​ការ​ពិពណ៌នា​នេះ​ ។ ក្មេង​គង្វាល​ចៀម​ម្នាក់ មានតែ​ដំបង និង​គ្រាប់​គ្រួស៥ដុំ និង​ដង្ហក់​មួយ បាន​ផ្តួល​យក្ស ដែល​ជា​អ្នក​ប្រយុទ្ធ​ដែល​មាន​បទ​ពិសោធន៍ ដែល​បាន​ចូល​មក​រក​គាត់ ដោយ​អាវុធ​ដែល​គួរ​ស្ញែង​ ។ ជ័យ​ជម្នះ​នេះ​នាំមក​នូវ​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ ដែល​មិន​បាន​សាប​រលាប​ អស់​ជា​ច្រើន​សតវត្សរ៍​ ។ 
អនាគត​នៃ​ជាតិ​សាសន៍​អ៊ីស្រាអែល​បាន​ជួប​ហានិភ័យ​ខ្លាំង​បំផុត នៅ​ក្នុង​ការ​ប្រយុទ្ធ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល រវាង​ដាវីឌ​និង​កូលីយ៉ាត​ ។ កងទ័ព​ទាំង​សងខាង​មិន​បាន​ប្រយុទ្ធ​គ្នា​ទេ នៅ​ថ្ងៃ​នេះ​ ។ ហើយ​ស្តេច​សូល ជា​ស្តេច​បរាជ័យ​ក៏​មិន​ចេញ​ប្រយុទ្ធ​ដែរ​ ។ ពួក​គេ​គ្រាន់​តែ​ឈរ​មើល ខណៈ​ពេល​ដែល​អនាគត​នៃ​ជាតិ​សាសន៍​របស់​ពួកគេ​ស្ថិត​នៅ​លើ​ស្មា​របស់​ដាវីឌ​តែ​ម្នាក់ឯង ដែល​ព្រះ​បាន​ជ្រើសរើស ធ្វើ​ជា «បុគ្គល​ដែល​ឈរ​នៅ​កណ្តាល» ។ ដាវីឌ​បាន​ទទួល​ការ​ចាក់​ប្រេង​តាំង ជា​អ្នក​បម្រើ​ព្រះ ហើយ​គាត់​បាន​បំពេញ​តួនាទី​មាន​លក្ខណៈ​ដូចជា​ស្រមោល​របស់​ព្រះយេស៊ូវ​ ។
អនាគត​របស់​បុរស​ស្ត្រី​ទាំង​អស់ កំពុង​ស្ថិត​ក្នុង​ហានិភ័យ ដូច​កងទ័ព​អ៊ីស្រាអែល​នៅ​សម័យ​នោះ​ ។ បរាជ័យ​ធំ​បំផុត​របស់​យើង គឺជា​សេចក្តី​ស្លាប់ នៅពេល​ជីវិត​ដែល​យើង​ស្រមៃ​ចង់​បាន និង​កសាង​សម្រាប់​ខ្លួនឯង​បាន​ជាប់​គាំង​ ។ សេចក្តី​ស្លាប់​ធ្វើ​ឲ្យ​យើង​ខ្លាច ព្រោះ​វា​ជា​ការ​ដាក់​ទោស​មក​លើ​បាប (រ៉ូម ៦:២៣) ហើយ​គ្មាន​នរណា​ម្នាក់​ដែល​មិន​មាន​បាប​នោះ​ឡើយ (៣:២៣) ។ ក្រឹត្យ​វិន័យ​របស់​ព្រះ​តម្រូវ​ឲ្យ​យើង​ល្អ​ឥត​ខ្ចោះ ទើប​យើង​អាច​រួច​ខ្លួន តែ​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ (ខ.១០) ។ ដូច​នេះ សេចក្តី​ស្លាប់​គឺជា​យក្ស​ដែល​យើង​មិន​អាច​ប្រយុទ្ធ​ឈ្នះ ហើយ​យើង​ឈរ​ញ័រ​នៅ​ចំពោះ​មុខ​វា​ ។ យើង​ត្រូវ​ការ​នរណា​ម្នាក់​ឈរ​នៅ​ចន្លោះ​យើង និង​សេចក្តី​ស្លាប់​ ។ យើង​ត្រូវ​ការ​នរណា​ម្នាក់​ចូល​មក​ជួយ​យើង​ ។
អ្នក​នោះ​ក៏​បាន​ចូល​មក​ជួយ​យើង​មែន​ ។ គឺ​ដូច​ដែល​ដាវីឌ​បាន​ឈរ​នៅ​ចន្លោះ​កងទ័ព​អ៊ីស្រាអែល និង​បរាជ័យ​របស់​ពួកគេ​ជា​យ៉ាងណា នោះ​ព្រះយេស៊ូវ​ក៏​បាន​ឈរ​នៅ​ចន្លោះ​យើង និង​សេចក្តី​ស្លាប់​របស់​យើង​យ៉ាង​នោះ​ដែរ ។ ជ័យ​ជម្នះ​របស់​ព្រះអង្គ​គឺជា​ដំណឹង​ល្អ​បំផុត ដែល​លោកិយ​បានឮ​ ។ ការ​តម្រូវ​របស់​ក្រឹត្យ​វិន័យ ត្រូវ​បាន​បំពេញ​ដោយ​ព្រះ​ជន្ម​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះអង្គ​ ។ទោស​របស់​ក្រឹត្យ​វិន័យ បាន​ធ្លាក់​​មក​លើ​ព្រះអង្គ ក្នុង​ការ​សុគត​របស់​ទ្រង់ ​ជំនួស​យើង​ដែល​សមនឹង​ស្លាប់​ ។ ហើយ​អំណាច​របស់​សេចក្តី​ស្លាប់​បាន​បរាជ័យ ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ឈ្នះ​វា​ហើយ​ ។ ដែល​ដាវីឌ​បាន​ប្រយុទ្ធ​ឈ្នះ​ក្នុង​ជ្រលង​អេឡា មិនមែន​សម្រាប់​ខ្លួនឯង តែ​សម្រាប់​ជាតិ​សាសន៍​អ៊ីស្រាអែល​ទាំងមូល​ជា​យ៉ាងណា នោះ​ព្រះយេស៊ូវ​ក៏​បាន​ឈ្នះ​សេចក្តី​ស្លាប់ នៅ​ភ្នំ​កាល់វ៉ារី និង​ក្នុង​ផ្នូរ​ទទេ ដើម្បី​អស់អ្នក​ដែល​រួបរួម​ជាមួយ​ព្រះអង្គ ដោយ​ជំនឿ​យ៉ាង​នោះ​ដែរ ។ ហេតុ​នេះ​ហើយ បានជា​សាវ័ក​ប៉ុល​បាន​ប្រកាស​ថា «អរ​ព្រះគុណ​ដល់​ព្រះអង្គ ពីព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យជំនះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង» (១កូរិនថូស ១៥:៥៧) ។ 
នៅពេល​ដែល​អ្នក​មើល​ទៅ​ឈើ​ឆ្កាង​របស់​ព្រះគ្រីស្ទ និង​ជ័យ​ជម្នះ​នៃ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះអង្គ នៅ​ថ្ងៃ​នេះ គឺ​អ្នក​កំពុងតែ​មើល​ទៅ​ជ័យ​ជម្នះ ដែល​ព្រះអង្គ​សម្រេច​បាន​ដើម្បី​អ្នក​ ។ ចូរ​ឈប់​បង្អង់​សិន ដើម្បី​អរ​សប្បាយ ច្រៀង​សរសើរ​ព្រះ និង​អរ​ព្រះគុណ​ព្រះអង្គ ព្រោះ​អ្នក​មាន​ជ័យ​ជម្នះ​តាមរយៈ​ព្រះអង្គ​ ។ បន្ទាប់មក ចូរ​យើង​ចេញទៅ​ក្នុង​លោកិយ ដែល​កំពុង​ប្រេះ​បែក និង​ខ្លាច​សេចក្តី​ស្លាប់ ហើយ​ប្រកាស​ថា គេ​មិន​ត្រូវ​ភ័យ​ខ្លាច​ទេ ព្រោះ​ពួកគេ​ក៏​អាច​មាន​ព្រះយេស៊ូវ​ជា​ជើងឯក​ដ៏​មាន​ជ័យ​ជម្នះ​ក្នុង​ជីវិត ដោយ​សេចក្តី​ជំនឿ​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ២ធីម៉ូថេ ១:៨-១៣
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ១សាំយូអែល ៤-៦ និង អេភេសូរ ៤

ប្រភេទ