នំម៉ាណាប្រចាំថ្ងៃ
ទំនុក​ចិត្ត​ក្នុង​ទុក្ខ​លំបាក

ទំនុក​ចិត្ត​ក្នុង​ទុក្ខ​លំបាក

ដោយAlistair Begg

October 15, 2026

«ចូរ​នឹក​ចាំ​ពី​ជាន់​មុន គឺ​ពី​កាលដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ​ឡើង នោះ​ក៏​ទ្រាំ​នឹង​ទុក្ខ​លំបាក ទាំង​តតាំង​ជា​ខ្លាំង​ដែរ ដោយសារ​គេ​យក​អ្នក​រាល់​គ្នា​ទុកជា​ល្បែង​មើល​លេង ទាំង​ត្មះ​តិះដៀល ហើយ​ធ្វើទុក្ខ​ដល់​អ្នក​រាល់​គ្នា​នោះ​ម្យ៉ាង ហើយ​មួយ​ទៀត ដោយ​អ្នក​រាល់​គ្នា​បាន​ភប់​ប្រសព្វ​នឹង​ពួក​អ្នក ដែល​ត្រូវ​ទុក្ខ​លំបាក​ដូច្នោះ​ម្យ៉ាង​ផង ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អាសូរ ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា ខ្លួន​មាន​ទ្រព្យ​សម្បត្តិ ដែល​ប្រសើរ​ជាង ហើយក៏​នៅ​ជាប់​លាប់​ផង នៅ​ឯ​ស្ថាន​សួគ៌ ដូច្នេះ កុំ​ឲ្យ​បោះបង់ចោល​សេចក្ដី​ក្លាហាន​របស់​អ្នក​រាល់​គ្នា ដែល​មាន​រង្វាន់​ជាធំ​នោះ​ឡើយ» ។ ហេព្រើរ ១០:៣២-៣៥
ខ​គម្ពីរ​ទាំង​នេះ​គឺជា​ពាក្យ​លើក​ទឹក​ចិត្ត​សម្រាប់​អ្នក​ដែល​សោក​សង្រេង និង​អ្នក​ដែល​ព្យាយាម​កម្សាន្ត​ចិត្ត​ពួកគេ​ ។
ប្រហែល​ជា​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ បាន​ជួប​រឿង​សោកសៅ​ផ្ទាល់​ខ្លួន កាលពី​ពេល​ថ្មីៗ​នេះ​ ។ អ្នក​ប្រហែល​ជា​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​ការ​ឈឺ​ចាប់​នៃ​ការ​បាត់បង់​នោះ​ធំធេង​ណាស់ បានជា​អ្នក​ចង់​បោះបង់​ការ​តស៊ូ​ ។ អ្នក​ប្រហែល​មាន​អារម្មណ៍​អស់​សង្ឃឹម និង​មាន​បន្ទុក នៅពេល​ដែល​អ្នក​ឃើញ​បង​ប្អូន​ប្រុស​ស្រី ក្នុង​ព្រះគ្រីស្ទ​កំពុងតែ​ដើរ​ក្នុង​ផ្លូវ​ដ៏​ឈឺ​ចាប់​នៃ​ទុក្ខ​វេទនា​ ។
ការ​ឈឺ​ចាប់​ដ៏​រ៉ាំរ៉ៃ និង​ធ្ងន់ធ្ងរ ច្រើនតែ​បណ្តាល​ឲ្យ​យើង​ចោទ​សួរ​អំពី​ជំនឿ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ ។ ប៉ុន្តែ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​នៅតែ​ខ្ជាប់ខ្ជួន ខណៈ​ពេល​ដែល​យើង​នឹក​ចាំ អំពី​ការ​ស៊ូ​ទ្រាំ​ចំពោះ​ទុក្ខ​លំបាក​ដែល​យើង​មាន​កាលពី​មុន​ ។ គាត់​បាន​ប្រើ​ពាក្យ «ចូរ​នឹក​ចាំ​ពី​ជាន់​មុន គឺ​ពី​កាលដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ​ឡើង នោះ​ក៏​ទ្រាំ​នឹង​ទុក្ខ​លំបាក ទាំង​តតាំង​ជា​ខ្លាំង​ដែរ» ។ នៅ​ក្នុង​ការ​នឹក​ចាំ​នេះ យើង​ត្រូវ​តែ​ជៀសវាង​ការ​ល្បួង ឲ្យ «បោះបង់​ចោល​សេចក្តី​ក្លាហាន» ដោយ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដោយសារ​ការ​ស៊ូ​ទ្រាំ​របស់​យើង​ ។ ពេលណា​យើង​រស់នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទបរិស័ទ​កាន់តែ​យូរ នោះ​យើង​ក៏​ឆ្លង​កាត់​ការ​លំបាក​កាន់តែ​ច្រើន ដោយសារ​ព្រះគុណ​ព្រះអង្គ ហើយ​យើង​ក៏​ក្រឡេកមក​ក្រោយ​មើលទៅ​ទុក្ខ​លំបាក​ទាំង​នោះ ហើយ​គិតថា «បើ​ខ្ញុំ​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​នោះ ខ្ញុំ​ក៏​អាច​ឆ្លង​កាត់​ទុក្ខ​លំបាក​មួយ​នេះ​ដែរ» ។ 
អ្នក​ប្រហែល​កំពុង​គិតថា «ទុក្ខ​លំបាក​នេះ ហាក់​ដូចជា​ពិបាក​ពេក ខ្ញុំ​មិន​អាច​ស៊ូ​ទ្រាំ​បានទេ នៅពេល​នេះ» ។ បើ​ដូច្នោះ​មែន ចូរ​យើង​ដឹង​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ​ចម្រើន​កម្លាំង​យើង និង​ជួយ​យើង ក្នុង​ពេល​ដែល​យើង​ខ្សោយ​យ៉ាង​ខ្លាំង (រ៉ូម ៨:២៦-២៨) ។ ទោះ​នៅពេល​ដែល​យើង​មិន​ដឹង​ថា ត្រូវ​អធិស្ឋាន​អំពី​អ្វី ឬ​ត្រូវ​ស៊ូ​ទ្រាំ​ដោយ​របៀបណា​ក៏ដោយ ក៏​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទូល​អង្វរ​ឲ្យ​យើង ហើយ​ជួយ​យើង​ឲ្យ​អាច​ធ្វើ​តាម​បំណង​ព្រះទ័យ​ព្រះ (ខ.២៦) ។ 
អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​យើង ក្នុង​នាម​យើង​ជា​សមាជិក​គ្រួសារ​ព្រះ រួបរួម​ក្នុង​ព្រះគ្រីស្ទ ឈរ​ជាមួយ​គ្នា ហើយ​ធ្វើ​ជា​ដៃគូ​ជាមួយ​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ ។ ជា​ការ​ពិត​ណាស់ ព្រះអង្គ​បាន​ត្រាស់ហៅ​យើង​ឲ្យ​បង្ហាញ​ចេញ​នូវ​ការ​អាណិត​ចំពោះ​បង​ប្អូន​ប្រុស​ស្រី​ដែល​កំពុង​ជួប​ការ​លំបាក​ដូច​យើង​ ។ ការ​ធ្វើ​ការ​ជា​ដៃគូ​ដូច​នេះ អាច​មាន​ការ​លះបង់​ច្រើន គឺ​ដូច​ដែល​អ្នកជឿ​សម័យ​ដើម បាន​ស៊ូ​ទ្រាំ​នឹង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ ដោយសារ​តែ​សេចក្តី​អាណិត​ដែល​ពួកគេ​មាន​ចំពោះ​អ្នក​ដែល​កំពុង​ជាប់គុក​ ។ តែ​យើង​មិន​ត្រូវ​រួញរា ដោយសារ​មិន​ចង់​មាន​ការ​លះបង់​នោះ​ទេ​ ។
ក្នុង​ការ​សោក​សង្រេង និង​ក្នុង​ការ​អាណិត យើង​មាន​ការ​ស៊ូ​ទ្រាំ ព្រោះ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​យើង ដើម្បី​ចម្រើន​កម្លាំង​យើង ហើយ​ទ្រទ្រង់​ហើយ ដោយ​ព្រះ​ហស្ត​ស្តាំ​ដ៏​សុចរិត (អេសាយ ៤១:១០) ។ ខណៈ​ពេល​ដែល​អ្នក​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក និង​បញ្ហា​ក្នុង​ជីវិត កុំ​បោះបង់ចោល​ជំនឿ ឬ​រាថយ​ទៅ​រក​កន្លែង​ងងឹត​នោះ​ឡើយ​ ។ ចូរ​ឲ្យ​ភ្នែក​របស់​អ្នក​ផ្ចង់​ទៅលើ «ទ្រព្យ​សម្បត្តិ ដែល​ប្រសើរ​ជាង ហើយក៏​នៅ​ជាប់​លាប់​ផង នៅ​ឯ​ស្ថាន​សួគ៌» ហើយក៏​លើក​ទឹក​ចិត្ត​មនុស្ស​នៅ​ជុំ​វិញ​អ្នក​ឲ្យ​ផ្ចង់​ចិត្ត​ទៅលើ​ទ្រព្យ​សម្បត្តិ​នោះ ដែល​ជា​សិរី​ល្អ​នៃ​ជីវិត​អស់​កល្ប ដែល​យើង​នឹង​រស់នៅ​ជាមួយ​ព្រះគ្រីស្ទ ដែល​បាន​ឆ្លង​កាត់​ផ្លូវ​នៃ​ទុក្ខ​វេទនា​មុន​យើង ហើយ​ឥឡូវ​នេះ ព្រះ​អង្គ​កំពុង​តែ​ហៅ​យើង​ឲ្យ​ទៅ​រស់នៅ​ជាមួយ​ព្រះអង្គ​ ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ ហេព្រើរ ១០:៣៦-១១:៣
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ១សាំយូអែល ៧-៩ និង អេភេសូរ ៥:១-១៦

ប្រភេទ