
ចែកចាយអំពីនគរព្រះ
ដោយAlistair Begg
October 16, 2026
«ប៉ុលក៏ចូលទៅអធិប្បាយ ក្នុងសាលាប្រជុំ ដោយក្លាហាន ហើយក្នុងរវាង៣ខែ គាត់ចេះតែជជែកពន្យល់ព្រមទាំងបញ្ចុះបញ្ចូលគេ ឲ្យជឿតាមអស់ទាំងសេចក្ដីពីនគរព្រះ» ។ កិច្ចការ ១៩:៨
បើសិនជាអ្នកបានដើរជាមួយសាវ័កប៉ុលអស់ពេលយូរ អ្នកមិនអាចនិយាយថា អ្នកមិនដែលបានឮគាត់ចែកចាយអំពីនគរព្រះឡើយ ។ កាលគាត់ទៅដល់ទីក្រុងមួយទៀត គាត់បានទៅរកសាលាប្រជុំតាមទំនៀមទម្លាប់របស់គាត់ ហើយក៏បានប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ក្រោមប្រធានបទនគរព្រះ ។ នៅពេលដែលគេឃុំខ្លួនគាត់ក្នុងផ្ទះ នៅទីក្រុងរ៉ូម គាត់បានស្វាគមន៍ភ្ញៀវដែលមកសួរសុខទុក្ខគាត់ ដោយឆក់ឱកាសផ្សាយដំណឹងល្អដល់ពួកគេ (កិច្ចការ ២៨:៣០-៣១) ។ ក្នុងពេលនោះ សាវ័កប៉ុលកំពុងយកតម្រាប់តាមព្រះអម្ចាស់របស់គាត់ ដែលបានចាប់ផ្តើមព្រះរាជកិច្ច ដោយប្រកាសថា «ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ» (ម៉ាកុស ១:១៥) ។
ប៉ុន្តែ តើ «នគរព្រះ» គឺជាអ្វី? ពេលណាជនជាតិយូដាគិតអំពីនគរព្រះ ពួកគេចង់ឲ្យមានការរំដោះខ្លួនចេញពីការកៀបសង្កត់របស់ចក្រភពរ៉ូម៉ាំង ការសាងសង់ព្រះវិហារនៅទីក្រុងយេរូសាឡិមឡើងវិញ និងការសម្រេចសេចក្តីយុត្តិធម៌ ។ ប៉ុន្តែ សាវ័កប៉ុលដឹងថា ការគិតឃើញដូចនេះមិនត្រឹមត្រូវទេ ។ គាត់ដឹងថា នគរព្រះបានសម្រេច នៅក្នុងការគ្រងរាជរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ អ្នកកៀបសង្កត់ដែលព្រះអង្គបានវាយបំបាក់ គឺអាក្រក់ជាងចក្រភពរ៉ូម៉ាំងទៅទៀត ។ ផ្លូវចូលទៅរកព្រះ ដែលព្រះអង្គបានបើក មានភាពអស្ចារ្យជាងអ្វីដែលគេបានអរសប្បាយនៅព្រះវិហារនៃគ្រាសញ្ញាចាស់ ។ សេចក្តីយុត្តិធម៌ដែលព្រះអង្គបានធានា មានភាពធំធេងជាងអ្វីៗ ដែលគេមិនទាន់បានឃើញ ក្នុងលោកិយនេះ ហើយក៏ជាប់នៅក្នុងពេលអនាគត ដោយរង់ចាំព្រះអង្គយាងមកវិញ ដើម្បីស្អាងអ្វីៗឲ្យល្អឡើងវិញ ។ ប៉ុន្តែ នគរព្រះនៅតែស្ថិតស្ថេរនៅពេលអនាគត និងក្នុងពេលបច្ចុប្បន្ន ក្នុងជីវិតរបស់អ្នកដែលក្រាបថ្វាយបង្គំព្រះរបស់ខ្លួន ។
សាវ័កប៉ុលបានចែកចាយជាប្រចាំអំពីនគរព្រះ ទៅដល់មនុស្ស ដែលខ្វល់អំពីការកៀបសង្កត់ និងយុត្តិធម៌ ។ បើយើងមិនប្រយ័ត្នទេ ក្នុងការចែកចាយរបស់យើង យើងអាចធ្វើឲ្យគេយល់ច្រឡំថា យើងមិនខ្វល់ ហើយព្រះអង្គក៏មិនខ្វល់អំពីបញ្ហារបស់យើង ក្នុងពេលសព្វថ្ងៃ ។ ប៉ុន្តែ គេតែងតែមានសំណួរពិបាកៗ អំពីបញ្ហាក្នុងពិភពលោក ហើយយើងក៏គួរតែមានចម្លើយសម្រាប់ពួកគេ ។
ពេលណាយើងប្រឈមមុខដាក់សំណួរដូចនេះ យើងមិនគួរឆ្លើយតប ដោយចម្លើយរាក់កំផែល ដែលគ្រីស្ទាននិយមនិយាយឲ្យតែរួចពីមាត់នោះទេ ។ ពាក្យសម្តីទាំងនោះមិនមានភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបចំពោះបញ្ហា ឲ្យបានស៊ីជម្រៅនោះទេ ។ ផ្ទុយទៅវិញ យើងគួរតែឆ្លើយតប ដោយស្មោះត្រង់ថា «បាទ ខ្ញុំខ្វល់អំពីការកៀបសង្កត់ ។ បាទ ខ្ញុំមិនមានការឈឺចាប់ នៅពេលដែលមនុស្សនៅទូទាំងពិភពលោក ត្រូវគេជិះជាន់ និងធ្វើទុក្ខបុកម្នេញ ។ បាទ ខ្ញុំយល់អំពីយុត្តិធម៌ខ្លាំងណាស់ ។ ព្រះគម្ពីរប៊ីបបានចែងយ៉ាងច្បាស់ និងក្បោះក្បាយ អំពីបញ្ហាទាំងអស់នេះ» ។
បន្ទាប់មក យើងគួរតែពន្យល់ថា ចម្លើយស៊ីជម្រៅបំផុត សម្រាប់ជម្លោះ ការបែកបាក់ និងភាពប្រេះបែករបស់ពិភពលោក គឺអាចរកបានក្នុងក្សត្រ ព្រះនាមព្រះយេស៊ូវ ។ ព្រះអង្គមានជ័យជម្នះមកលើការកៀបសង្កត់ បានរំដោះមនុស្សដែលជាប់ចំណង បំផ្លាញរនាំងដែលបានបំបែកមនុស្សចេញពីគ្នា ហើយបង្កើតជាតិសាសន៍ថ្មីមួយ ដែលដេញតាមយុត្តិធម៌ ក្នុងពិភពលោកនាពេលបច្ចុប្បន្ន ។ ទន្ទឹមនឹងនោះ ពួកគេចាំថា ពិភពលោកថ្មីកំពុងតែធ្វើដំណើរមកហើយ គឺពិភពលោកដែលមានយុត្តិធម៌ពេញលេញ និងល្អឥតខ្ចោះ ។ វិធីតែមួយ ដើម្បីចូលទៅក្នុងនគរដែលនឹងមកដល់នោះ គឺតាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកមានទស្សនៈធំទូលាយ និងស៊ីជម្រៅគ្រប់គ្រាន់ អំពីនគរព្រះទេ? តើអ្នកយល់ឃើញថា នគរព្រះគ្រាន់តែជាអ្វីដែលមានពិតមែននៅពេលអនាគត ឬមានវត្តមាននៅពេលបច្ចុប្បន្ន ដោយផ្លាស់ប្តូររបៀបដែលបុរស និងស្ត្រីទាំងឡាយជឿ និងរស់នៅ? តើអ្នកនឹងរស់នៅជាសមាជិករបស់នគរនោះ ហើយប្រកាសអំពីនគរព្រះ ដូចសាវ័កប៉ុលទេ?
ខគម្ពីរជញ្ជឹងគិត៖ លូកា ៦:២០-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយូអែល ១០-១២ និង អេភេសូរ ៥:១៧-៣៣