
មិននឹកចាំបាបអ្នកទៀតទេ
ដោយAlistair Begg
October 17, 2026
«ដល់១ខួបក្រោយមក ក្នុងរដូវដែលល្មមឲ្យស្ដេចទាំងប៉ុន្មាន ចេញទៅច្បាំងបាន នោះយ៉ូអាប់លោកនាំពលទ័ពចេញទៅ បំផ្លាញស្រុករបស់ពួកកូនចៅអាំម៉ូន ក៏ឡោមព័ទ្ធច្បាំងនឹងក្រុងរ៉ាបាត តែដាវីឌ ទ្រង់គង់នៅឯក្រុងយេរូសាឡិមវិញ យ៉ូអាប់ក៏ច្បាំងឈ្នះក្រុងរ៉ាបាតនោះ» ។ ១របាក្សត្រ ២០:១
បើគេស្នើឲ្យអ្នកសរសេរជីវប្រវត្តិរបស់ស្តេចដាវីឌ តើអ្នកនឹងសរសេរប៉ុន្មានទំព័រ អំពីរឿងអាស្រូវរបស់ទ្រង់ជាមួយនាងបាតសេបា? តើអ្នកនឹងសរសេរមួយជំពូក ឬលើសនេះទៀត អំពីការផិតក្បត់ ការរៀបគម្រោង និងការធ្វើឃាតរបស់ទ្រង់ និងអំពីរបៀបដែលព្រះទ្រង់មានសេចក្តីក្រោធ ហើយបានចាត់ហោរាទ្រង់ឲ្យបើកបង្ហាញអំពើបាបរបស់ស្តេចដាវីឌ ហើយបង្គាប់ស្តេចដាវីឌឲ្យប្រែចិត្តឬទេ?
តាមធម្មតា យើងចង់ឆ្លើយថា យើងនឹងសរសេរដូចនោះ (ហើយអ្នកនិពន្ធកណ្ឌគម្ពីរ២សាំយូអែល ក៏នឹងឆ្លើយដូចនេះដែរ) ។ ដូចនេះ យើងប្រហែលមានការភ្ញាក់ផ្អើល នៅពេលដែលអ្នកនិពន្ធបទគម្ពីររបាក្សត្រ ទី១ និងទី២ មិនបានកត់ទុកអំពីបញ្ហានេះទាល់តែសោះ ក្នុងការនិយាយអំពីស្តេចដាវីឌ ។ គាត់មិនបានរាប់បញ្ចូលសូម្បីតែពាក្យមួយមាត់ អំពីបាបដែលស្តេចដាវីឌបានធ្វើមកលើនាងបាតសេបា និងលោក អ៊ូរី ។ មិត្តភក្តិខ្ញុំម្នាក់ធ្លាប់បានប្រាប់ខ្ញុំថា «ខ្ញុំយល់ឃើញថា អ្នកនិពន្ធកណ្ឌគម្ពីររបាក្សត្រ បានផ្ដោតយ៉ាងខ្លាំង ទៅលើការពិតដែលថា ព្រះអម្ចាស់បានអត់ទោសឲ្យបាបរបស់ស្តេចដាវីឌ បានជាគាត់អាចពិពណ៌នាអំពីរឿងរបស់ស្តេចដាវីឌ ដោយមិនបាននិយាយអំពីការផិតក្បត់របស់ទ្រង់» ។ គាត់បន្ថែមទៀតថា «ខ្ញុំក៏ចង់ឲ្យគាត់ធ្វើជាអ្នកនិពន្ធជីវប្រវត្តិរបស់ខ្ញុំផងដែរ!» ។
សូមយើងគិតអំពីបញ្ហានេះ ។ អ្នកនិពន្ធកណ្ឌគម្ពីររបាក្សត្របានធ្វើការពិពណ៌នា ដោយដឹងថា ស្តេចដាវីឌបានប្រែចិត្ត ហើយព្រះអម្ចាស់បានអត់ទោសឲ្យស្តេចដាវីឌហើយ ។ តើហេតុអ្វីគេចាំបាច់ត្រូវយករឿងនេះមកនិយាយ? ត្រង់ចំណុចនេះ យើងមានការក្រើនរំឭកដ៏អស្ចារ្យថា ព្រះអម្ចាស់បានគ្របបាំងបាបរបស់រាស្រ្តព្រះអង្គទាំងស្រុង ។
នៅពេលដែលអ្នកបានអានអំពីចំណុចផ្សេងទៀត ក្នុងរឿងរបស់ស្តេចដាវីឌទាំងមូល អ្នកនឹងបានដឹងថា ការផិតក្បត់របស់ទ្រង់ជាមួយនាងបាតសេបា បាននាំមកនូវកេរដំណែលដ៏ល្វីងជូរចត់ណាស់ ។ វាបាននាំមកនូវពពកខ្មៅគ្របដណ្តប់ ពីលើរាជ្យរបស់ទ្រង់ ។ ព្រះទ្រង់ពិតជាបានអត់ទោសឲ្យស្តេចដាវីឌ និងបានស្អាងទ្រង់ឡើងវិញ ដ្បិតការវះកាត់របស់ព្រះ ក្នុងវិញ្ញាណស្តេចដាវីឌបានបញ្ចប់ហើយ ប៉ុន្តែ ស្នាមកាំបិតមិនដែលរលុបទេ ។ ព្រះគុណព្រះអាចគ្របបាំងពីលើបាបធំបំផុតរបស់យើង ប៉ុន្តែ មិនបានដកផលវិបាករបស់បាបយើងចេញ ក្នុងជីវិតនេះឡើយ ។ ស្តេចដាវីឌបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ហើយបានទទួលផលដ៏ល្វីងជូរចត់ក្នុងព្រះជន្មទ្រង់ ប៉ុន្តែ អ្នកនិពន្ធជីវប្រវត្តិរបស់ស្តេចដាវីឌបានក្រើនរំឭកយើង អំពីព្រះគុណអស្ចារ្យរបស់ព្រះ ។ ព្រះទ្រង់ក៏បានដកបាបរបស់ស្តេចដាវីឌចេញ បានជាអ្នកនិពន្ធកណ្ឌគម្ពីររបាក្សត្រ អាចសរសេរអំពីស្តេចដាវីឌ ដោយមិនបាននិយាយអំពីរឿងផិតក្បត់របស់ទ្រង់ ។
មានតែអារក្សទេ ដែលលើកទឹកចិត្តអ្នក ឲ្យមុជចូលទៅក្នុងធុងសំរាមនៃបាបពីអតីតកាល ដែលអ្នកបានប្រែចិត្តចេញពីវា ហើយព្រះអង្គបានអត់ទោសឲ្យតាំងពីយូរមកហើយ ។ មានតែមេចោទប្រកាន់ទេ ដែលប្រាប់អ្នកថា អ្នកត្រូវលីសែងបន្ទុករបស់បាប និងលុបលាងបាប ដោយខ្លួនឯង ។ ចូរចំណាយពេលមួយភ្លែតដើម្បីអរព្រះគុណព្រះ សម្រាប់សេចក្តីមេត្តា និងសេចក្តីសប្បុរសដ៏អស្ចារ្យ ដែលទ្រង់មានចំពោះអ្នក ។ ក្នុងព្រះគ្រីស្ទ ព្រះអង្គបានអត់ទោសឲ្យបាបទាំងអស់របស់អ្នកហើយ ។ បើព្រះទ្រង់មិនរំឭកបាបរបស់អ្នកទៀតទេ នោះពិតណាស់ អ្នកក៏មិនចាំបាច់ត្រូវបន្តរស់នៅក្នុងកំហុសពីអតីតកាលដែរ ។ ព្រះគុណរបស់ព្រះអង្គបានគ្របបាំងបាបរបស់អ្នកហើយ ។ បាបរបស់អ្នកមិនត្រូវកំណត់ថា អ្នកជានរណា ហើយគ្រប់គ្រងអ្នក ទោះនៅថ្ងៃនេះ ឬអស់កល្បជានិច្ចក៏ដោយ ។
ខគម្ពីរជញ្ជឹងគិត៖ ហេព្រើរ ៩:១១-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយូអែល ១៣-១៤ និង អេភេសូរ ៦