នំម៉ាណាប្រចាំថ្ងៃ
អ្នក​ទទួល​ព្រះគុណ​ព្រះ

អ្នក​ទទួល​ព្រះគុណ​ព្រះ

ដោយAlistair Begg

October 19, 2026

«សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកបដោយ​ព្រះគុណ​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ហើយ​នឹង​សេចក្ដី​រួបរួម​គ្នា​នឹង​ព្រះវិញ្ញាណបរិសុទ្ធ» ។ ២កូរិនថូស ១៣:១៤
លោក​គ្រូ​ ចន ញូតុន (John Newton) គឺជា​អ្នក​និពន្ធ​បទ​ទំនុក​សកល​មាន​ចំណង​ជើង​ថា «ព្រះគុណ​អស្ចារ្យ» ។ គាត់​មិន​ដែល​ភ្លេច​ព្រះគុណ​ព្រះ​មាន​ភាព​អស្ចារ្យ​យ៉ាងណា​ឡើយ​ ។ គាត់​ជា​អតីត​អ្នក​ជួញ​ដូរ​ទាសករ ដូច​នេះ គាត់​មិន​ដែល​ភ្លេច​អំពើ​បាប​គ្រងរាជ​លើ​ជីវិត​គាត់ មុន​ពេល​គាត់​ទទួល​ជឿ​ព្រះគ្រីស្ទ ហើយ​គាត់​ក៏បាន​ដឹង​អំពី​បាប ដែល​នៅ​មាន​ក្នុង​ជីវិត​គាត់ បន្ទាប់ពី​គាត់​បាន​ប្រែ​ចិត្តជឿ​ព្រះ​ហើយ​ ។ ហេតុ​នេះ​ហើយ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​គាត់ គាត់​និយាយ​ថា «ខ្ញុំ​ចាំ​រឿង​ពីរ​យ៉ាង ទីមួយ ខ្ញុំ​ជា​មនុស្ស​មាន​បាប​ធ្ងន់​ណាស់ ហើយ​ទីពីរ ព្រះគ្រីស្ទ​គឺជា​ព្រះ​អង្គ​សង្គ្រោះ​ដ៏​អស្ចារ្យ» ។82 យើង​ក៏​ចាំបាច់​ត្រូវ​ចាំ​សណ្ឋាន​ដែល​ពេញ​ដោយ​បាប កាល​យើង​ដាច់​ចេញពី​ព្រះគ្រីស្ទ ដ្បិត​បើសិន​ជា​យើង​មិន​ដឹង​អំពី​ជម្រៅ​នៃ​បាប​របស់​យើង​ទេ នោះ​យើង​មិន​អាច​យល់​ច្បាស់ អំពី​រឿង និង​ការ​អស្ចារ្យ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់យេស៊ូវ​ដែរ​ ។ 
បញ្ហា​ប្រឈម​នៃ​ជីវិត​ជា​គ្រីស្ទបរិស័ទ​ស្ថិត​នៅ​ត្រង់ថា ភាព​ល្ងង់​ខ្លៅ​របស់​យើង​អាច​នាំ​ឲ្យ​យើង​ជឿ​ថា យើង​មិន​ត្រូវ​ការ​ព្រះគុណ​ព្រះ​នោះ​ទេ ប៉ុន្តែ យើង​មិន​ដែល​អាច​ជៀស​ផុស​ពី​ព្រះគុណ​ព្រះ​បាន​ឡើយ​ ។ ហេតុ​នេះ​ហើយ បានជា​សាវ័ក​ប៉ុល​បាន​បញ្ចប់​សំបុត្រ​ទីពីរ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ដោយ​ជូនពរ​ពួក​គេ​ថា «សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកបដោយ​ព្រះគុណ​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ» ។ តើ​សាវ័ក​ប៉ុល​កំពុង​និយាយ​សំដៅ​ទៅលើ​ព្រះ​គុណ​មួយ​ណា? យើង​អាច​រក​ឃើញ​ការ​បក​ស្រាយ​អំពី​ព្រះគុណ​នេះ ក្នុង​សំបុត្រ​ដដែល​នោះ នៅ​ត្រង់​ចំណុច​ដែល​សាវ័ក​ប៉ុល​ប្រាប់​អ្នកអាន​សំបុត្រ​គាត់​ថា «ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏ដោយ គង់តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយសារ​សេចក្ដី​កម្រ​របស់​ទ្រង់» (២កូរិនថូស ៨:៩) ។ 
ពេលណា​ព្រះ​គម្ពីរ​ធ្វើ​ឲ្យ​យើង​បន្ទាប​ខ្លួន ដោយ​លើក​ឡើង​អំពី​ការ​ពិត​នៃ​បាប​របស់​យើង ទន្ទឹម​នឹង​នោះ ព្រះ​គម្ពីរ​ក៏​មិន​ដែល​ខាន​នឹង​កម្សាន្ត​ចិត្ត​យើង ដោយ​ការ​ពិត​នៃ​ព្រះគុណ​ព្រះ​ផង​ដែរ​ ។ យើង​ចាំបាច់​ត្រូវ​ចងចាំ​សេចក្តី​ពិត​នៃ​សេចក្តី​សង្គ្រោះ​ក្នុង​ព្រះគ្រីស្ទ​ ។ ព្រះអង្គ​បាន​យាង​ចុះពី​ស្ថាន​ពេញ​ដោយ​សិរី​ល្អ ដោយ​យក​កំណើត​ជា​មនុស្ស ហើយ​ដើរ​ក្នុង​ចំណោម​យើង​ ។ ព្រះ​អង្គ​បាន​យាង​មក​រស់នៅ​ជា​មនុស្ស ដោយ​មិន​មាន​បាប​ ។ ព្រះអង្គ​រស់នៅ ដោយ​ភាព​ល្អ​ឥត​ខ្ចោះ ហើយ​ស្តាប់​បង្គាប់​ទាំង​ស្រុង​ចំពោះ​ក្រឹត្យ​វិន័យ​ដ៏​បរិសុទ្ធ​របស់​ព្រះ​ ។ តែ​ព្រះអង្គ​មិន​បាន​ទទួល​ការ​គោរព​ពី​មនុស្ស​តាម​ដែល​សក្ដិសម​នោះ​ទេ ផ្ទុយ​ទៅវិញ ព្រះអង្គ «ទទួល​រង​ភាព​អា​ម៉ាស និង​ការ​ប្រមាថ​មើលងាយ ក្នុង​ការ​ទទួល​ទោស​ជំនួស​ខ្ញុំ» ។83 
យើង​នឹង​យល់​ឃើញថា ព្រះ​ដែល​បាន​លះបង់​ព្រះ​ជន្ម​នៅ​លើ​ឈើ​ឆ្កាង ហាក់​ដូចជា​មិន​សក្តិ​សមនឹង​ឲ្យ​យើង​ថ្វាយបង្គំ​ឡើយ បើសិន​ជា​យើង​មិន​ទទួល​ស្គាល់​ថា ព្រះអង្គ​សុគត​ដោយសារ​បាប​របស់​យើង និង​ដោយសារ​ព្រះអង្គ​ស្រឡាញ់​យើង​ទេ​នោះ​ ។ ព្រះគ្រីស្ទ​មិន​មាន​បំណុល​ដែល​ត្រូវ​សង ហើយក៏​មិន​មាន​ទោស​ដែល​ត្រូវ​ទទួល​ដែរ​ ។ ព្រះ​អង្គ​ទទួលរង​អ្វី​ដែល​យើង​សមនឹង​ទទួល ហើយ​ព្រះអង្គ​ទទួល​ជំនួស​យើង​ ។ ទាល់តែ​យើង​បាន​ដឹង​ច្បាស់ អំពី​ទម្ងន់​របស់​បាប​យើង ទើប​យើង​មាន​ចិត្ត​ស្ញប់​ស្ញែង​ចំពោះ​សេចក្តី​សង្គ្រោះ​ដែល​ព្រះអង្គ​ប្រទាន​យើង​ ។
ចូរ​ចំណាយ​ពេល​បន្តិច ដើម្បី​ពិចារណា​ជា​ថ្មី អំពី​បាប​ដែល​អ្នក​បាន​ប្រព្រឹត្ត ដែល​ព្រះ​អង្គ​បាន​បង់​ថ្លៃលោះ​ហើយ មិនមែន​បន្ត​រស់នៅ​ក្នុង​បាប​នោះ​ទេ ឬ​ស្អប់​ខ្ពើម​ខ្លួនឯង​នោះ​ទេ តែ​រំឭក​ខ្លួន​ឯង​ថា អ្នក​មិន​ដែល​សក្តិ​សមនឹង​ទទួល​ព្រះគុណ​ព្រះ ក្នុង​ព្រះគ្រីស្ទ​ទេ តែ​ព្រះអង្គ​នៅតែ​ប្រទាន​មក​អ្នក​ ។ អ្នក​គឺជា​មនុស្ស​មាន​បាប​ធ្ងន់​ណាស់ ហើយ​ព្រះគ្រីស្ទ​ជា​ព្រះ​សង្គ្រោះ​ដ៏​គួរ​ស្បើម​ ។ ព្រះគុណ​របស់​ព្រះអង្គ​ពិតជា​អស្ចារ្យ!


ខគម្ពីរ​ជញ្ជឹង​គិត៖ អេសាយ ១:‌១២-១៨
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ១សាំយូអែល ១៧-១៨ និង ២ពេត្រុស ២

ប្រភេទ