នំម៉ាណាប្រចាំថ្ងៃ
អត្ថន័យ​ជីវិត​នៅ​ក្រោម​កម្តៅ​ថ្ងៃ

អត្ថន័យ​ជីវិត​នៅ​ក្រោម​កម្តៅ​ថ្ងៃ

ដោយAlistair Begg

October 20, 2026

«យើង​បាន​ឃើញ​បណ្ដា​ការ​ដែល​មាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល ការ​ទាំង​នោះ​សុទ្ធតែ​ឥត​ប្រយោជន៍​ទ​ទេ ក៏​ជា​អសារ​ឥត​ការ​ផង» ។ សា​ស្តា ១:‌១៤
កណ្ឌ​គម្ពីរ​សា​ស្តា​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ជីវិត​មាន​លក្ខណៈ​ដូច​ម្តេច «នៅ​ក្រោម​កម្តៅ​ថ្ងៃ» ហើយ​យើង​អាច​មាន​ការ​បាក់​ទឹក​ចិត្ត ពេល​ដែល​បាន​អាន​ការ​ពិពណ៌នា​នោះ​ ។ យើង​ម្នាក់​ៗ​ដេញ​តាម​ការ​ស្កប់​ចិត្ត ក្នុង​លោកិយ​នេះ ហើយ​ទោះ​យើង​ព្យាយាម​យ៉ាងណា ឬ​យើង​គិតថា យើង​បាន​ជិតទៅ​ដល់​ការ​ស្កប់​ចិត្ត​យ៉ាងណា​ក៏ដោយ ក៏​ការ​ស្កប់​ចិត្ត​នោះ​នៅតែ​គេច​ចេញពី​យើង​ជានិច្ច​ ។ យើង​មាន​ការ​ស្រេក​ឃ្លាន​ពី​កំណើត ចង់​បាន​អ្វី​ដែល​ថ្មី និង​ល្អ​ជាង ព្រោះ​យើង​គិតថា វា​នាំមក​នូវ​ការ​ស្កប់​ចិត្ត ដែល​យើង​កំពុង​ស្វែងរក ប៉ុន្តែ ការ​ប្រឹង​ប្រែង​ខ្លាំង​បំផុត​របស់​យើង តែងតែ​ទទួល​បាន​មកវិញ​នូវ​ភាព​ចន្លោះ​ប្រហោង​ ។ ការ​ដេញ​តាម​ភាព​ស្កប់​ស្កល់​របស់​អ្នក គឺ​មិន​ខុសពី​ការ​ដេញ​តាម​ខ្យល់​នោះ​ទេ​ ។ 
សូម​យើង​ពិចារណា​ថា យើង​បាន​ងាក​ទៅ​រក​កន្លែងណា​ខ្លះ ដើម្បី​ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់​ ។ តើ​អ្នក​បាន​ព្យាយាម​ស្វែងរក​អត្ថន័យ​ជីវិត ដោយ​បំពេញ​ជីវិត​អ្នក​ដោយ​ទំនាក់​ទំនង​ឬ? នោះ​អ្នក​ទំនង​ជា​រក​ឃើញថា គ្មាន​មនុស្ស​ណា​ម្នាក់​នៅ​លើ​ផែនដី​នេះ ដែល​អាច​ចម្អែត​ការ​ស្រេក​ឃ្លាន​ជ្រាល​ជ្រៅ​បំផុត​របស់​អ្នក​បានទេ​ ។ តើ​អ្នក​បាន​ព្យាយាម​ចម្អែត​ខ្លួនឯង ដោយ​ការ​ដេញ​តាម​ការ​រៀន​សូត្រ​ឬ​ទេ? បើ​ដូច្នោះ​មែន អ្នក​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា គ្មាន​ទ្រឹស្ដី​ណាមួយ​ដែល​អ្នក​អាច​យក​មក​ពិចារណា ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ឈប់​​ចង់​ដឹង​ចង់​យល់​នោះ​ឡើយ​ ។ តើ​អ្នក​កំពុង​ស្វែងរក​ការ​ស្កប់​ចិត្ត ក្នុង​ការ​ដក​ពិសោធន៍ និង​ការ​ធ្វើ​ដំណើរ​ឬ​ទេ? គ្មាន​ការ​ធ្វើ​ដំណើរ​ណា​ដែល​នឹង​អាច​ឆ្លើយតប ចំពោះ​ការ​ស្រេក​ឃ្លាន​របស់​អ្នក ក្នុង​ការ​រកមើល​ភាព​ស្រស់​ស្អាត និង​ភាព​គួរ​ស្បើម​នោះ​ឡើយ​ ។ ឬ​អ្នក​កំពុង​ស្វែងរក តាមរយៈ​អ្វី​ផ្សេង​ទៀត​ ។ ប៉ុន្តែ ទោះ​យើង​ងាក​ទៅ​រក​អ្វី​ក៏ដោយ ដើម្បី​ស្វែងរក​ការ​ស្កប់​ចិត្ត ក៏​នៅតែ​មិន​អាច​ផ្តល់​ក្តី​សង្ឃឹម​ដល់​យើង​ដែរ​ ។ មិន​យូរ​មិន​ឆាប់ យើង​តែងតែ​មាន​អារម្មណ៍​ថា យើង​នៅ​តែ​មាន​ចន្លោះ​ប្រហោង​ដដែល​ ។ តើ​នេះ​ជា​ការ​មាន​គំនិត​អវិជ្ជមាន​ឬ? ទេ! នេះ​គឺជា​អត្ថន័យ​របស់​ជីវិត​ពិត «នៅ​ក្រោម​កម្តៅ​ថ្ងៃ» ។ គឺ​មិន​ខុស​ពី​ដុំ​គូប​របស់​លោក ​រូប៊ីក (Rubik) ដែល​បាន​បាត់​ពណ៌​ពីរ​គ្រាប់​ ។ ទោះ​អ្នក​ព្យាយាម​បង្វិល​វា​ចុះ​ឡើង​ៗ​ប៉ុន្មាន​ដង ក៏​នៅតែ​មិន​អាច​តម្រៀប​ពណ៌​ទាំង​អស់​ឲ្យ​គ្រប់ ព្រោះ​វា​មាន​ភាព​ខ្វះ​ចន្លោះ​ស្រាប់​ហើយ​ ។ 
មានតែ​ដោយសារ​ព្រះគុណ​ព្រះ​ប៉ុណ្ណោះ ដែល​អ្នក​អាច​តម្រៀប​ពណ៌​នៅ​លើ​ដុំ​គូប​នៃ​ជីវិត​របស់​អ្នក បាន​ត្រឹម​ត្រូវ ដោយ​អាច​ដឹង​ថា ហេតុ​អ្វី​គ្មាន​របស់​អ្វី​នៅ​លើ​ផែនដី​អាច​ធ្វើ​ឲ្យ​អ្នក​ស្កប់​ចិត្ត​បាន​ ។ មានតែ​ទស្សនៈ​មួយ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​យល់​អំពី​ជីវិត​បាន គឺ​ទស្សនៈ​ដែល​ឆ្លើយតប ចំពោះ​សំណួរ​ដែល​អ្នក​មាន ក្នុង​គំនិត ពេល​ដែល​អ្នក​គេង​មិន​លក់​នៅ​ពេលយប់​ ។
មានតែ​ព្រះ​ទេ​ដែល​អាច​ប្រទាន​ការ​ស្កប់​ចិត្ត ដល់​ការ​ស្វែងរក​ការ​ស្កប់​ចិត្ត ការ​ស្រេក​ឃ្លាន និង​សំណួរ​ស៊ី​ជម្រៅ​បំផុត​របស់​អ្នក​បាន​ ។ លោក​គ្រូ​ អូគូស្ទីន (Augustine) ជា​ទេវ​វិទូ​សតវត្សរ៍ទី៥ ធ្លាប់​បាន​ប្រកាស អំពី​ព្រះ​ថា «ព្រះអង្គ​បាន​បង្កើត​យើង​ខ្ញុំ សម្រាប់​អង្គ​ទ្រង់ ហើយ​ចិត្ត​របស់​យើង​ខ្ញុំ មិន​មាន​ការ​សម្រាក​ឡើយ ទាល់តែ​បាន​សម្រាក​ក្នុង​ព្រះអង្គ» ។84 អ្នក​អាច​មាន​ការ​សម្រាក​ខាង​វិញ្ញាណ​ដ៏​ជ្រាល​ជ្រៅ​នេះ គ្រប់​ពេល​វេលា ពោល​គឺ​អាច​រក​ឃើញ​នៅ​ក្នុង​ព្រះ​ដែល​ប្រទាន​ការ​ស្កប់​ស្កល់​គ្រប់​យ៉ាង​ ។ ទោះ​អ្នក​មាន ឬ​មិន​មាន​អ្វី​ក៏ដោយ ទោះ​អ្នក​ប្រាថ្នា​ចង់​បាន​អ្វី ឬ​កំពុង​ខិតខំ​ធ្វើ​ការ​ដើម្បី​ឲ្យ​បាន​អ្វី​ក៏ដោយ «នៅ​ក្រោម​កម្តៅ​ថ្ងៃ» ចូរ​ប្រាកដ​ថា អ្នក​បាន​រក​ឃើញ​ការ​ស្កប់​ចិត្ត​ជ្រាល​ជ្រៅ​បំផុត នៅ​ក្នុង​ការ​ស្គាល់ និង​ការ​បម្រើ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ ។ ដោយសារ​ព្រះ​អង្គ​ ការ​ហត់​នឿយ​គ្រប់​យ៉ាង​បាន​ឈប់ ហើយ​ក្នុង​ព្រះអង្គ ការ​ស្រេក​ឃ្លាន​ទាំង​អស់​មាន​ភាព​ស្កប់​ស្កល់​ ។ 


ខគម្ពីរ​ជញ្ជឹង​គិត៖ ម៉ាថាយ ១១:២៥-៣០
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ១សាំយូអែល ១៩-២១ និង ២ពេត្រុស ៣
 

ប្រភេទ