នំម៉ាណាប្រចាំថ្ងៃ
ពួក​ជំនុំ​ដំណឹង​ល្អ

ពួក​ជំនុំ​ដំណឹង​ល្អ

ដោយAlistair Begg

October 21, 2026

«កាល​ទ្រង់​បាន​យាងចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពីដើម គាត់​ក៏​សូម​ទៅជា​មួយ​នឹង​ទ្រង់ តែ​ទ្រង់​មិន​អនុញ្ញាត​ទេ ដោយ​បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម្ល៉េះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ» ។ ម៉ាកុស ៥:១៨-១៩
តើ «ព្រះវិហារ​ដំណឹង​ល្អ» មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ? តើ​ព្រះគ្រីស្ទ​បាន​ត្រាស់ហៅ​ពួក​ជំនុំ​ឲ្យ​ក្លាយ​ទៅជា​អ្វី? តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​ប្រាកដ​ថា ពួក​ជំនុំ​របស់​យើង​បាន​ធ្វើ​តាម ហើយ​មិន​វង្វេង​ចេញពី​ការ​ត្រាស់ហៅ​នោះ? 
នៅពេល​ដែល​ពួក​ជំនុំ​រសាត់​អណ្ដែត តាម​ធម្មតា គឺ​នៅពេល​ដែល​ពួក​គេ​ក្រឡេកមក​ក្រោយ ហើយក៏​បាន​ដឹង​ខ្លួន​ថា ពួក​គេ​បាន​ឈប់​ផ្ដោត​ទៅលើ​ដំណឹង​ល្អ ដោយ​មិន​ដឹង​ខ្លួន​ ។ បន្ទាប់ពី​មួយ​រយៈ​ពេល​ក្រោយ​មក ពួក​ជំនុំ​នោះ​បាន​ផ្ដោត​ទៅលើ​ខ្លួនឯង​ប្រហែល​ភ្លាមៗ ឬ​ប្រហែល​បន្តិច​ម្តង​​ៗ​​ដោយ​មិន​ដឹង​ខ្លួន​ ។ ពួក​ជំនុំ​មាន​ភាព​សុខ​ស្រួល និង​ពេញ​ចិត្ត​ចំពោះ​កៅអី​មួយ​ចំនួន​ដែល​នៅ​ទទេ ឬ​កៅអី​ដែល​មាន​មនុស្ស​អង្គុយ​ពេញ​អស់ ដោយ​ហេតុផល​មិន​ត្រឹម​ត្រូវ​ ។ ពួក​ជំនុំ​នោះ​អាច​រសាត់​អណ្ដែត​យឺតៗ មាន​ការ​ពេញ​ចិត្ត​នឹង​ខ្លួនឯង ហើយ​ទី​បំផុត​ក៏បាន​វង្វេង​ផ្លូវ​ ។
ពួក​ជំនុំ​នីមួយៗ​នៅ​បន្ត​ប្ដេជ្ញា​ចិត្ត​ចំពោះ​បេសកកម្ម​របស់​ខ្លួន នៅពេល​ដែល​សមាជិក​របស់​ខ្លួន នៅ​តែ​ផ្ដោត​ទៅ​ខាង​ក្រៅ​ ។ ព្រះយេស៊ូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ផ្នត់​គំនិត​ដូច​នេះ បន្ទាប់​ពី​ព្រះអង្គ​បាន​ប្រោស​បុរស​អ្នក ដែល​ត្រូវ​អារក្ស​ចូល ក្នុង​បទ​គម្ពីរ​ម៉ាកុស ៥​ ។ នៅពេល​ដែល​បុរស​នោះ​បាន​សួរ​ព្រះ​យេស៊ូវ​ថា គាត់​អាច​ដើរតាម​ព្រះអង្គ​បាន​ឬ​អត់ ព្រះអង្គ​ក៏​បាន​បដិសេធ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​ការ​ភ្ញាក់​ផ្អើល ព្រោះ​ព្រះបន្ទូល​ដំបូង​របស់​ព្រះយេស៊ូវ ដែល​បាន​កត់ទុក​ក្នុង​បទ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស​គឺ ពាក្យ «ចូរ​មក​តាម​ខ្ញុំ» (ម៉ាកុស ១:‌១៧) ។ ប៉ុន្តែ ព្រះអង្គ​កំពុងតែ​ប្រាប់​បុរស​នោះ​ថា ការ​ដើរ​តាម​ព្រះអង្គ ក៏​រាប់​បញ្ចូល​ការ​ចេញទៅ គឺ​ទៅ​ផ្ទះ​ប្រាប់​ញាតិ​មិត្ត​អំពី «ការ​ធំ​ទាំង​ម្ល៉េះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់»គាត់​ ។ ព្រះយេស៊ូវ​មិន​សព្វ​ព្រះទ័យ​ឲ្យ​គាត់​គ្រាន់តែ​ស្កប់​ចិត្ត​នឹង​ការ​យល់​ដឹង​អំពី​ព្រះគ្រីស្ទ ដែល​គាត់​បាន​ទទួល​ប៉ុណ្ណោះ​ទេ​ ។ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​គាត់ ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រីស្ទ ទៅដល់​អ្នក​ដទៃ​ ។ 
ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​យើង​ឲ្យ​ទៅ​រក​ព្រះរាជបុត្រា​ព្រះអង្គ ដូច​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​បុរស​នោះ​ជា​យ៉ាងណា នោះ​ព្រះអង្គ​ក៏​ត្រាស់ហៅ​យើង​ឲ្យ​ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះ​រាជ​បុត្រា​ព្រះអង្គ ដែល​រាប់​បញ្ចូល​ការ​ចេញ​ទៅ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះរាជបុត្រា​ទ្រង់​ ។ ព្រោះ​ព្រះយេស៊ូវ​មិន​ដែល​ត្រាស់ហៅ​នរណា​ម្នាក់​ឲ្យ​ដើរ​តាម​ព្រះអង្គ ដោយ​មិន​បាន​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា «អ្នក​នេសាទ​មនុស្ស»នោះ​ទេ (ម៉ាកុស ១:‌១៧) ។ បើ​យើង​ពិត​ជា​ចូល​មក​រក​ព្រះអង្គ នោះ​យើង​ត្រូវតែ​ចេញទៅ​ផ្សាយ​អំពី​ព្រះអង្គ​ ។
កាល​ព្រះយេស៊ូវ​ជាប់​នៅ​លើ​ឈើ​ឆ្កាង ព្រះអង្គ​បាន​ប្រកាស​ថា «ការ​ស្រេច​ហើយ» (យ៉ូហាន ១៩:៣០) ។ ព្រះ​រាជ​កិច្ច​នៃ​ការ​ប្រោស​លោះ​បាប គឺជា​កិច្ចការ​ដែល​បាន​បញ្ចប់ និង​នៅតែ​សម្រេច​ដោយ​ព្រះគ្រីស្ទ​តែ​ប៉ុណ្ណោះ​ ។ ប៉ុន្តែ ព្រះគ្រីស្ទ​ក៏បាន​រាប់​បញ្ចូល​អ្នក​ដើរ​តាម​ទ្រង់ ក្នុង​ព្រះ​រាជ​កិច្ច​ដែល​មិន​ទាន់​ចប់ គឺជា​ការ​នាំ​ដំណឹង អំពី​រឿង​ដ៏​អស្ចារ្យ​នេះ ទៅ​កាន់​លោកិយ​ ។ ជីវិត​ពួក​ជំនុំ​មាន​ធាតុ​ផ្សំ​ជា​ច្រើន ដែលគេ​មិន​គួរ​មើល​រំលង​ឡើយ ប៉ុន្តែ ពេលណា​យើង​មិន​អើពើ​ចំពោះ​ការ​ផ្សាយ​ដំណឹង​ល្អ ដោយ​ដេញ​តាម​រឿង​ផ្សេង ដែល​ប្រៀប​ដូចជា​ការ​រៀបចំ​គ្រឿង​សង្ហារិម ក្នុង​ផ្ទះ​ដែល​កំពុង​ឆេះ​ ។
តើ​អ្នក​បាន​ទទួល​សេចក្តី​មេត្តា ដែល​អាច​រកបាន ក្នុង​ព្រះគ្រីស្ទ​ឬ? តើ​អ្នក​ស្គាល់​អ្នក​ផ្សេង​ទៀត ដែល​មិន​ទាន់​ជឿ​ដំណឹង​ល្អ​ឬ​ទេ? ព្រះគ្រីស្ទ​បាន​ត្រាស់ហៅ​អ្នកផង​ដែរ ឲ្យ​ប្រាប់ «ការ​ធំ​ទាំង​ម្ល៉េះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់»អ្នក​ ។ ព្រះ​អង្គ​ត្រាស់ហៅ​ពួក​ជំនុំ​របស់​អ្នក ឲ្យ​ធ្វើ​ជា​កន្លែង​​ស្វាគមន៍​មនុស្ស​ទាំង​អស់ ដែល​ចង់​ជួប​ព្រះ​ដែល​បាន​នាំមក​នូវ​ការ​ផ្លាស់​ប្រែ​ក្នុង​ជីវិត​អ្នក និង​ជីវិត​អ្នក​ដទៃ​ក្នុង​ពួក​ជំនុំ​របស់​អ្នក​ ។ តើ​អ្នក​នឹង​ទទួលយក​ការ​ត្រាស់ហៅ​របស់​ទ្រង់​ទេ? 
នៅ​សប្តាហ៍​នេះ តើ​អ្នក​នឹង​ចែក​ចាយ​ដល់​នរណា​ខ្លះ អំពី​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​ច្រើន​យ៉ាង​នេះ សម្រាប់​អ្នក? 


ខគម្ពីរ​ជញ្ជឹង​គិត៖ កិច្ចការ ១១:‌១៩-២៦
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ១សាំយូអែល ២២-២៤ និង ១ធីម៉ូថេ ១

ប្រភេទ