នំម៉ាណាប្រចាំថ្ងៃ
ឈើ​ឆ្កាង​ដ៏​គួរ​ស្បើម

ឈើ​ឆ្កាង​ដ៏​គួរ​ស្បើម

ដោយAlistair Begg

October 22, 2026

«សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះគុណ​នឹង​សេចក្ដី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា នឹង​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា​ដើម្បី​នឹង​ប្រោស ឲ្យ​យើង​បាន​រួចពី​លោកីយ ដ៏​អាក្រក់​សព្វថ្ងៃ​នេះ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង សូម​ឲ្យ​ទ្រង់​បាន​សិរី​ល្អ ដល់​អស់​កល្ប​ជា​និច្ច​រៀង​ត​ទៅ អាម៉ែន» ។ កាឡាទី ១:៣-៥
យើង​រាល់​គ្នា​សុទ្ធតែ​ត្រូវ​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ជា​ការ​ពិត​ដែល​យើង​មិន​អាច​ជៀស​រួច​ ។ យើង​ត្រូវតែ​រស់នៅ ដោយ​ឆ្លង​កាត់​ការ​ស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​ទី​បំផុត​យើង​ក៏​ប្រឈម​មុខ​ដាក់​ការ​ស្លាប់​របស់​ខ្លួនឯង​ ។ បញ្ហា​នេះ​កើត​មាន​យ៉ាង​ដូច​នេះ​ជា​ធម្មតា តាំងពី​ពេល​ដែល​លោក ​អ័ដាម និង​នាង​អេវ៉ា​បាន​បរិភោគ​ផ្លែឈើ​ដឹង​ខុស​ត្រូវ​ ។ ដែល​មនុស្ស​ម្នាក់ៗ​ត្រូវ​ស្លាប់​ជា​យ៉ាងណា នោះ​សេចក្តី​ស្លាប់​ក៏​ជា​សញ្ញា​សំ​គាល់​អំពី​ចុង​បញ្ចប់​នៃ​សមត្ថភាព​របស់​មនុស្ស​ម្នាក់ ក្នុង​ការ​ផ្លាស់​ប្តូរ​របត់​នៃ​ប្រវត្តិ​សាស្រ្ត​យ៉ាង​នោះ​ដែរ​ ។
ប៉ុន្តែ មាន​ការ​ស្លាប់​របស់​បុគ្គល​ម្នាក់ ដែល​បាន​កែ​ប្រែ និង​ផ្តល់​អត្ថន័យ​ដល់​ប្រវត្តិ​សាស្រ្ត​នៃ​ពិភពលោក​ទាំងមូល​ ។ ការ​សុគត​របស់​ព្រះយេស៊ូវគ្រីស្ទ មាន​ភាព​ខុស​ប្លែក​ពី​ការ​ស្លាប់​របស់​មនុស្ស​ទាំង​អស់​ ។ ទីមួយ ព្រះអង្គ​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដោយ​ស្ម័គ្រ​ព្រះទ័យ ខុសពី​មនុស្ស​ភាគ​ច្រើន​ ។ ព្រះ​អង្គ​ប្រកាស​ថា «ពីព្រោះ​ខ្ញុំ​ដាក់​ជីវិត​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​បាន​យក​មកវិញ គ្មាន​អ្នកណា​ដក​យក​ជីវិត​ពី​ខ្ញុំ​បានទេ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ» (យ៉ូហាន ១០:១៧-១៨) ។ 
ព្រះអម្ចាស់យេស៊ូវ​មិនមែន​ជា​ជន​រង​គ្រោះ ដែល​អស់​សង្ឃឹម​នោះ​ទេ​ ។ ព្រះ​អង្គ​យាង​​ទៅ​ឈើ​ឆ្កាង មិនមែន​ដោយសារ​ជោគវាសនា​ដ៏​ព្រៃ​ផ្សៃ ឬ​ព្រះអង្គ​ខ្វះ​អំណាច​ក្នុង​ការ​ធ្វើ​អ្វីមួយ​នោះ​ទេ​ ។ ព្រះ​អង្គ​អាច​ហៅ​កងទ័ព​ទេវតា​ឲ្យ​ចុះ​មក​ការពារ​អង្គ​ទ្រង់ តែ​ផ្ទុយ​ទៅវិញ ព្រះអង្គ​បាន​ប្រឈម​មុខ​ដាក់​ការ​ប្រហារ​ជីវិត ហើយ «លះបង់​ព្រះ​ជន្ម​ទ្រង់» ដោយ​សេចក្តី​ក្លាហាន និង​ស្ម័គ្រ​ព្រះទ័យ​ ។
ទីពីរ ការ​សុគត​របស់​ព្រះអង្គ មាន​គោលបំណង​ច្បាស់​លាស់​ ។ ព្រះអង្គ​បាន​សុគត «ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា​ដើម្បី​នឹង​ប្រោស ឲ្យ​យើង​បាន​រួចពី​លោកីយ ដ៏​អាក្រក់​សព្វថ្ងៃ​នេះ» ។ ឈើ​ឆ្កាង​ជា​តំណាង​ឲ្យ​ការ​បំបាត់​សេចក្តី​ក្រោធ​របស់​ព្រះ​ចំពោះ​បាប​របស់​មនុស្ស ដោយ​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​មនុស្ស​មាន​បាប តាមរយៈ​ការ​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​ធ្វើ​ជា​អំណោយ​ ។ មានតែ​ព្រះអង្គ​ទេ ដែល​កំណត់​ថា មនុស្ស​មាន​បាប​អាច​ត្រឡប់​ជា​សុ​ចរិត ក្នុង​ព្រះ​វត្ត​មាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ ។ ព្រះ​អង្គ​ជ្រាប​ថា ពួក​គេ​បាន​សុចរិត​មិនមែន​ដោយ​ការ​ប្រឹង​ធ្វើ​អំពើ​ល្អ ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ ឬ​ដោយសារ​ជ័យ​ជម្នះ​ទាំង​អស់​ដែល​ពួកគេ​សម្រេច​បាន​នោះ​ទេ តែ​ដោយសារ​ព្រះអង្គ​បាន​កំណត់​ថា ពួក​គេ​បាន​សុចរិត​ដោយសារ​ព្រះគ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង​ ។ 
ទីបី ការ​សុគត​របស់​ព្រះ​អង្គ​ដើម្បី​ជួយ​សង្គ្រោះ ដែល​ជា​លក្ខណៈ​ពិសេស​ខុសគេ​ ។ គ្មាន​ផ្លូវ​ណា​ផ្សេង​ទៀត ដែល​ជួយ​ផ្សះផ្សា​មនុស្ស​មាន​បាប ឲ្យ​ជា​នឹង​ព្រះ​បានទេ​ ។ បើ​មាន​ផ្លូវ​ផ្សេង​ទៀត នោះ​ព្រះគ្រីស្ទ​មុខជា​បាន​សុគត ជា​អសារ​ឥត​ការ​មិនខាន​ ។ ទេ កាល​ព្រះគ្រីស្ទ​សុគត​នៅ​លើ​ឈើ​ឆ្កាង មិន​គ្រាន់តែ​បាន​ធ្វើ​ជា​គំរូ ដែល​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ប៉ុណ្ណោះ​ទេ​ ។ ដែល​សំខាន់​បំផុត​នោះ កាល​ព្រះគ្រីស្ទ​សុគត ព្រះអង្គ​សម្រេច​បាន​ការ​សង្គ្រោះ​សម្រាប់​មនុស្ស​មាន​បាប​ ។ 
ការ​សុគត​ដ៏​អាប់ឱន​របស់​ព្រះអង្គ ជា​អ្នក​ស្រុក​កាលីឡេ​នៅ​សតវត្សរ៍ទី១ បាន​សម្រេច​នូវ​ការ​លោះ​បាប គឺ​ពិតជា​រឿង​ដែល​អស្ចារ្យ​ណាស់! ប៉ុន្តែ នេះ​មិនមែន​ជា​រឿង​ដែល​អស្ចារ្យ​បំផុត​ទេ​ ។ អ្វី​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​បំផុត គឺ​មិនមែន​ដោយសារ​ព្រះអង្គ​បាន​ធ្វើ​ការ​នេះ តែ​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​អ្នក និង​ខ្ញុំ​ ។ យើង​មិន​អាច​យល់​អំពី​ជម្រៅ និង​ទំហំ​នៃ​សេចក្តី​ស្រឡាញ់ ដែល​បាន​នាំ​ព្រះ​អង្គ​ទៅ​ឈើ​ឆ្កាង ហេតុ​នេះ​ហើយ យើង​អាច​សារភាព​ដោយ​អំណរ​ជាមួយ​សាវ័ក​ប៉ុល ​នៅ​ទៀប​ឈើ​ឆ្កាង​ថា ព្រះរាជបុត្រា​នៃ​ព្រះ «ស្រឡាញ់​ខ្ញុំ ហើយ​បាន​លះបង់​ព្រះ​ជន្ម​ដើម្បី​ខ្ញុំ» (កាឡាទី ២:២០) ។ យើង​មិន​ត្រូវ​ព្រងើយ​កន្តើយ ចំពោះ​សេចក្តី​ពិត​ដ៏​អស់​កល្ប​ជា​ចំណុច​ស្នូល​នៃ​ជំនឿ​គ្រីស្ទាន ដែល​ថា ព្រះយេស៊ូវ​បាន «ប្រគល់​ព្រះអង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា​ដើម្បី​នឹង​ប្រោស ឲ្យ​យើង​បាន​រួចពី​លោកីយ ដ៏​អាក្រក់​សព្វថ្ងៃ​នេះ» ។ យើង​នឹង​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ដើម្បី​ទទួល​បាន​សេចក្តី​សង្រ្គោះ​នេះ​ជា​រៀង​រហូត ចូរ​ប្រាកដ​ថា អ្នក​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​នៅ​ថ្ងៃ​នេះ​ផង​ដែរ​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ទំនុក​ដំកើង ២២
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ១សាំយូអែល ២៥-២៦ និង ១ធីម៉ូថេ ២

ប្រភេទ