នំម៉ាណាប្រចាំថ្ងៃ
ដើម្បី​សម្រេច​គោលបំណង​ធំ

ដើម្បី​សម្រេច​គោលបំណង​ធំ

ដោយAlistair Begg

October 24, 2026

«តែ​យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំរិះ​ទ្រង់» ។ រ៉ូម ៨:២៨
របៀប​ដែល​យើង​ឆ្លើយតប ចំពោះ​កាលៈទេសៈ​នៃ​ជីវិត បើក​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​ជា​មនុស្ស​ប្រភេទ​ណា​ ។ អ្នក​ខ្លះ​មើលទៅ​ជីវិត ហើយ​គិតថា «ខ្ញុំ​បាន​ធ្វើ​ការងារ​នៅ​កន្លែង​ដដែល ដោយ​ងាប់​ក្រឡា មិន​អាច​រក​ការងារ​ថ្មី​ធ្វើ​ ។ ខ្ញុំ​ញាំ​អាហារ​ថ្ងៃ​ត្រង់​ដដែលៗ ស្ទើរ​រាល់​ថ្ងៃ​ ។ ទំនាក់​ទំនង​របស់​ខ្ញុំ​ច្រើន​តែ​ទាញ​ខ្ញុំ​ទម្លាក់ ជាជាង​ស្អាង​ខ្ញុំ​ឡើង​ ។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​ជឿ​ថា នេះ​ជា​រឿង​ល្អ ជា​អំណោយ​មកពី​ព្រះ? ខ្ញុំ​មើល​មិន​ឃើញ​អញ្ចឹង​សោះ» ។
ប៉ុន្តែ បើ​យើង​នៅ​ក្នុង​ព្រះគ្រីស្ទ នោះ​យើង​មាន​ការ​ធានា​ថា ផែនការ​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ កំពុង​តែ​បើក​បង្ហាញ តាម​បំណង​ព្រះទ័យ​ទ្រង់​ ។ ហើយ​យើង​បាន​ទទួល​ការ​បង្រៀន​ថា យើង​បាន​កើតមក ដើម្បី​គោលបំណង​ដែល​ធំជាង​ការ​រស់នៅ ដែល «គ្រាន់តែ» បើកឡាន​ក្រុង ធ្វើ​ការ​ជា​គ្រូ​បង្រៀន ឬ​ធ្វើ​ជា​ឪពុក​ម្តាយ​ល្អ​ ។ ការងារ​មិនមែន​សម្រាប់​តែ​ស្វែងរក​ប្រាក់បង់​ថ្លៃ​ចំណាយ​ប្រចាំ​ថ្ងៃ​នោះ​ទេ​ ។ សកម្មភាព​កម្សាន្ត​សប្បាយ​ក៏​មិនមែន​គ្រាន់​សម្រាប់​តែ​ឲ្យ​យើង​លំហែ​អារម្មណ៍ ឬ​ដើម្បី​កុំ​ឲ្យ​អផ្សុក​នោះ​ទេ​ ។ វីដេអូ​ដែល​ភ្នែក​យើង​មើល ហើយ​ត្រចៀក​យើង​ស្តាប់ មិនមែន​សម្រាប់​បង្វែរ​អារម្មណ៍​របស់​យើង​ចេញពី​ស្ត្រេស​ក្នុង​ជីវិត​នោះ​ទេ​ ។ អ្វីៗ​ដែល​យើង​ធ្វើ គឺជា​ឱកាស​ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ បាន​ផ្លាស់​ប្រែ​កាន់តែ​ដូច​ព្រះរាជបុត្រា​ទ្រង់ ហើយ​ចង្អុល​បង្ហាញ​អ្នក​ដទៃ​ទៅ​រក​ព្រះអង្គ​ ។ នៅ​ពេល​ណា​យើង​ភ្លេច​សេចក្តី​ពិត​នេះ យើង​នឹង​មាន​អារម្មណ៍​ចន្លោះ​ប្រហោង​ក្នុង​ចិត្ត​នៅ​ទី​បំផុត សូម្បី​ក្នុង​ពេល​ដែល​យើង​ពេញ​ចិត្ត​នឹង​ជីវិត​យើង​យ៉ាង​ខ្លាំង​ក៏ដោយ ហើយ​ពេល​ដែល​ពិបាក​បំផុត នឹង​បណ្តាល​ឲ្យ​យើង​ចោទ​សួរ​អំពី​ព្រះ​វត្ត​មាន ឬ​សេចក្តី​ល្អ​របស់​ព្រះអង្គ​ ។ ពេលណា​យើង​មើលទៅ​ជីវិត ដោយ​ទស្សនៈ​ស្រប​តាម​បទ​គម្ពីរ​រ៉ូម ៨:២៨ អ្វីៗ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ ។ ជា​ការ​ពិត​ណាស់ កាលៈទេសៈ​ជា​ច្រើន​នៃ​ជីវិត​យើង​នឹង​នៅតែ​ដដែល​ ។ យើង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ជា​ច្រើន តែ​យើង​ប្រឈម​មុខ​ដាក់​ពួកវា ដោយ​ចិត្ត​កែ​ប្រែ​ជា​ថ្មី និង​ដោយ​ក្តី​សង្ឃឹម​ដ៏​ធំ​ថា យើង​នឹង​មាន​ជីវិត​អស់​កល្ប​ ។ ព្រះ​ទ្រង់​ប្រហែល​ទត​ឃើញ​ហេតុផល​ល្អ​បំផុត ដែល​អ្នក​ត្រូវ​បន្ត​ជាប់​នៅ​ក្នុង​ស្ថានភាព​ដដែល​នោះ​ជា​ច្រើន​ឆ្នាំ តែ​ព្រះអង្គ​មិន​ដែល​ទុក​អ្នក​ចោល​ម្នាក់ឯង​ឡើយ​ ។ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ (យ៉ូហាន ១៤:១៦-១៧) ហើយ​ព្រះអង្គ​មិន​ដែល​បោះបង់ចោល​ផែនការ​របស់​ទ្រង់​ឡើយ​ ។ ព្រះអង្គ​មិន​ដែល​បោះបង់ចោល​កូន​ណា​ម្នាក់​ឡើយ​ ។ អ្នក​កំពុង​រស់នៅ​ក្នុង​ការ​ថែរក្សា តាម​ផែនការ​របស់​ព្រះអង្គ ដែល​មិន​ចេះ​អាក់ខាន​ ។
ពេលណា​ព្រះបន្ទូល​ព្រះ​ក្រើន​រំឭក​អ្នក​ថា «គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សំរាប់​សេចក្ដី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ» គឺ​ព្រះបន្ទូល​ព្រះ​អង្គ​កំពុង​ចង្អុល​បង្ហាញ​អ្នក ឲ្យ​ងាក​ចេញពី​ទស្សនៈ​ផ្ទាល់​ខ្លួន ចេញពី​ទស្សនៈ​របស់​លោកិយ ហើយ​បែរ​ទៅ​រក​ព្រះ​ហស្ត​ព្រះ​ដែល​យើង​មើល​មិន​ឃើញ ដែល​កំពុង​ផ្សំ​ហេតុការណ៍​ទាំង​អស់​នៃ​ជីវិត​អ្នក ដើម្បី​ប្រយោជន៍​អ្នក ពោល​គឺ​រាប់​បញ្ចូល​ទាំង​រឿង​ដែល​អ្នក​មិន​បាន​ជ្រើសរើស​ផង​ដែរ​ ។ តើ​ប្រយោជន៍​អ្វី? គឺ​ដើម្បី «ឲ្យ​បាន​ត្រឡប់​ដូចជា​រូប​អង្គ​នៃ​ព្រះរាជបុត្រា​ទ្រង់» (រ៉ូម ៨:២៩) ។ ក្នុង​គ្រប់​ការ​ទាំង​អស់ ព្រះ​ទ្រង់​កំពុង​កែ​ប្រែ​អ្នក ឲ្យ​មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះយេស៊ូវ ដោយ​ត្រៀម​ជា​ស្រេច សម្រាប់​ថ្ងៃ​ដែល​អ្នក​នឹង​មាន​អំណរ ពេល​ដែល​បាន​ឃើញ​ព្រះយេស៊ូវ​ ។
ចូរ​ចាំ​ថា កាលៈទេសៈ​ទាំង​អស់​នៃ​ជីវិត​អ្នក រាប់​ចាប់​តាំងពី​កាលៈទេសៈ​ខ្ពស់​បំផុត ទៅ​កាលៈទេសៈ​ទាប​បំផុត គឺជា​ឧបករណ៍​នៃ​សេចក្តី​មេត្តា ដែល​ព្រះ​ទ្រង់​ប្រើ ដើម្បី​សម្រេច​គោលបំណង​ដ៏​អស់​កល្ប​របស់​ព្រះអង្គ​ ។ នេះ​ជា​ការ​កម្សាន្ត​ចិត្ត​ដ៏​ប្រសើរ ដើម្បី​ឲ្យ​យើង​ទុកចិត្ត​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ! នេះ​ជា​ហេតុផល​ដ៏​ល្អ​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​បម្រើ​ព្រះអង្គ​នៅ​ថ្ងៃ​នេះ!


ខគម្ពីរ​ជញ្ជឹង​គិត៖ យ៉ូហាន ១៤:១៥-២៧
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ១សាំយ៉ូអែល ៣០-៣១ និង ១ធីម៉ូថេ ៤

ប្រភេទ