
សេចក្តីពិតធ្វើឲ្យផ្លាស់ប្រែ
ដោយAlistair Begg
October 25, 2026
«ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំ ហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ ។ ខ្ញុំឡើងសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធរបស់ទ្រង់ ។ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ» ។ ទំនុកដំកើង ៣:៣-៥
ការគិតឲ្យបានត្រឹមត្រូវ មានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងការប្រព្រឹត្តដោយប្រាជ្ញា ។ នេះជាការពិតមែន នៅក្នុងការរស់នៅជាគ្រីស្ទបរិស័ទ និងគ្រប់ផ្នែកទាំងអស់នៃជីវិត ។
ឧទាហរណ៍ សូមយើងមើលបទគម្ពីរទំនុកដំកើងជំពូក៣ ដែលស្តេចដាវីឌបាននិពន្ធ ។ ទីមួយ ទ្រង់ក្រើនរំឭកយើង អំពីសេចក្តីពិតអំពីព្រះ «ទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំ ហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ» ។ បន្ទាប់មក ផ្អែកលើសេចក្តីពិតនោះ ទ្រង់ស្រែករកព្រះអម្ចាស់ ។ អ្វីដែលយើងអាចរៀនបានពីលំដាប់លំដោយនៃខគម្ពីរនេះ គឺយើងត្រូវតែដឹង និងជឿសេចក្តីពិតអំពីព្រះ មុនពេលយើងអាចស្រែករកព្រះអង្គ និងរំពឹងដោយជំនឿថា ព្រះអង្គនឹងជួយយើង ។
ជួនកាល ពេលណាយើងបានឮគេអាន និងបង្រៀនព្រះបន្ទូលព្រះ យើងប្រហែលជានិយាយប្រាប់ខ្លួនឯងថា «ខ្ញុំមិនត្រូវការដឹងបន្ថែមអំពីព្រះទេ! គ្រាន់តែប្រាប់ខ្ញុំអំពីរបៀបធ្វើការនៅការិយាល័យរបស់ខ្ញុំទៅបានហើយ ។ គ្រាន់តែប្រាប់ខ្ញុំអំពីរបៀបធ្វើជាភរិយាល្អទៅបានហើយ ។ គ្រាន់តែប្រាប់ខ្ញុំអំពីរបៀបរៀនឲ្យចប់ទៅបានហើយ» ។ ប៉ុន្តែ តាមពិត អ្នកត្រូវដឹងអំពីសេចក្តីពិតអំពីព្រះជាមុនសិន ។ បន្ទាប់មក អ្វីដែលអ្នកបានដឹងអំពីព្រះនឹងជួយឲ្យអ្នកមានកម្លាំងបន្តទៅមុខទៀត ទោះស្ថិតក្នុងកាលៈទេសៈអ្វីក៏ដោយ ។
វាគឺជាសេចក្តីពិតដែលកែប្រែយើង ។
សេចក្តីពិតនេះក៏ផ្តល់ឲ្យយើងនូវការសម្រាក ។ តាមចំណងជើងរបស់បទគម្ពីរទំនុកដំកើងជំពូក៣ (ទំនុកដំកើងនៃស្ដេចដាវីឌ ដែលទ្រង់លើកឡើង កាលរត់ពីអាប់សាឡំម ជាព្រះរាជបុត្រា) និងខ.១ (ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមានគ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎) យើងអាចដឹងថា ស្តេចដាវីឌបាននិពន្ធបទគម្ពីរនេះ នៅពេលដែលទ្រង់ជួបរឿងធំ ។ បុត្រាទ្រង់បានបះបោរទាស់នឹងទ្រង់ ហើយកំពុងគំរាមកំហែងថា នឹងដណ្តើមនគរទ្រង់ ។ តែនៅពេលដែលអ្វីៗហាក់ដូចជាបាត់បង់អស់ ហើយការល្បួងដែលនាំឲ្យអស់សង្ឃឹមក៏ខ្លាំងក្លាណាស់ដែរ ស្តេចដាវីឌនៅតែអាចពោលថា «ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ» ។ ដំណេកគឺជាអំណោយ បានជា «ទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់ បានដេកលក់សប្បាយ» (ទំនុកដំកើង ១២៧:២) ។ ប៉ុន្តែ ការដែលអ្នកអាចគេងលក់ ក្នុងពេលដែលសមាជិកគ្រួសារអ្នកបះបោរទាស់នឹងអ្នក គឺជាបន្ទាល់ដ៏អស្ចារ្យ ចំពោះព្រះគុណដ៏កម្សាន្តចិត្តរបស់ព្រះ ។
ស្តេចដាវីឌមានអារម្មណ៍ថា ទ្រង់ត្រូវធ្វើរឿងរាប់លានមុខ ដើម្បីដោះស្រាយបញ្ហាទ្រង់ ។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់បានរកឃើញការសម្រាក ព្រោះទ្រង់ជ្រាបថា ព្រះអម្ចាស់នឹងថែរក្សាទ្រង់ ។ ទ្រង់ជ្រាបការពិតដែលថា នៅទីបំផុត ទោះកាលៈទេសៈទ្រង់ពិបាកយ៉ាងណាក៏ដោយ «សេចក្តីសង្គ្រោះស្រេចនៅលើព្រះយេហូវ៉ា» (ទំនុកដំកើង ៣:៨) ។ ដូចគ្នានេះដែរ ទោះអ្នកស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកក៏ត្រូវការសេចក្តីពិត ដែលបានកែប្រែស្តេចដាវីឌ និងប្រទានការសម្រាកដល់ទ្រង់ផងដែរ ។ តើអ្នកនឹងជឿសេចក្តីពិតនោះទេ? ដ្បិតការដឹងថា ព្រះអម្ចាស់ជួយសង្រ្គោះ និងទ្រទ្រង់អ្នក នឹងជួយឲ្យអ្នកអាចសម្រាក សូម្បីនៅក្នុងថ្ងៃដែលពិបាកបំផុតក៏ដោយ ។
យើងអាចគេងលក់ ព្រោះព្រះអម្ចាស់ដែលមិនផ្ទំលក់ឡើយ ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ១-២ និង ១ធីម៉ូថេ ៥