
ដោយសារតែសេចក្តីមេត្តារបស់ព្រះអង្គប៉ុណ្ណោះ
ដោយAlistair Begg
October 26, 2026
«ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង» ។ លូកា ១៨:១៣
ការបង្រៀនខុសឆ្គងអំពីព្រះ ដែលពួកជំនុំបានប្រព្រឹត្ត នៅពេលខ្លះ ក៏ស្ថិតក្នុងចំណោមសោកនាដកម្មដ៏ធំរបស់ពិភពលោក ។ រឿងនេះកើតឡើង ពេលណាមនុស្សម្នាក់ ឬស្ថាប័នណាមួយយល់ច្រឡំថា ដំណឹងល្អនៃព្រះគុណ គឺជាទំនៀមទំលាប់សាសនា ។
អ្នកប្រហែលធ្លាប់បានឮគេនិយាយអំពីបញ្ហានេះកាលពីមុន ឬបានជួបផ្ទាល់ បានជាអ្វីដែលអ្នកចាំបាច់ត្រូវធ្វើ គឺត្រូវធ្វើឲ្យខ្លួនឯងមានភាពសក្ដិសមបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីចូលទៅជិតព្រះ ក្នុងន័យថា ព្រះទ្រង់នឹងមិនទទួលអ្នកឡើយ បើសិនជាអ្នកមិនចូលមកដោយមានលក្ខណៈដែលព្រះអង្គទទួលយកបាន ឬអ្នកមិនមានអ្វីល្អ សម្រាប់បង្ហាញទេនោះ ។ តែការពិតមិនដូច្នោះទេ ។ ភាពសក្ដិសមដែលព្រះអង្គតម្រូវនោះ គឺអ្នកត្រូវដឹង និងសារភាពថា អ្នកត្រូវការព្រះអង្គជាមុនសិន ។
តាមនិស្ស័យសាច់ឈាមរបស់យើង យើងមិនគិតថា ខ្លួនយើងត្រូវការព្រះទេ ។ ផ្ទុយទៅវិញ យើងប្រឆាំងព្រះអង្គ គឺដូចមានសេចក្តីចែងថា «គ្មានអ្នកណាដែលស្វែងរកព្រះ ... គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសប្បុរសសោះ តែម្នាក់ក៏គ្មានផង» (រ៉ូម ៣:១១-១២) ។ ហេតុនេះហើយ យើងមានការដកពិសោធន៍ដ៏អស្ចារ្យ និងប្រហែលមានការភ្ញាក់ផ្អើលផង ពេលដែលយើងនិយាយថា «អ្នកដឹងទេ ការប្រទានសេចក្តីសង្គ្រោះក្នុងព្រះយេស៊ូវ គឺជាអ្វីដែលខ្ញុំកំពុងត្រូវការ» ។ ការមើលឃើញ ការស្គាល់ ការដឹង និងការដកពិសោធន៍នឹងជម្រៅនៃភាពខ្វះចន្លោះរបស់យើង ហើយបន្ទាប់មក ចាប់ផ្តើមមើលឃើញពន្លឺនៃសេចក្តីមេត្តារបស់ព្រះ គឺជាការអស្ចារ្យហើយ ។
កាលព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីពួកផារិស៊ី និងអ្នកយកពន្ធ ដែលបានមកព្រះវិហារ រឿងនេះក៏បានឆ្លុះបញ្ចាំងអំពីការទទួលស្គាល់បាបរបស់ខ្លួនឯង ដោយការបន្ទាបខ្លួន ។ ពួកផារិស៊ីគិតថាខ្លួនឯងមានសេចក្តីសុចរិត ហើយបានអួតថា គាត់ «មិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ» (លូកា ១៨:១១) ។ ទោះជាយ៉ាងណាក៏ដោយ អ្នកយកពន្ធបានចូលទៅរកព្រះអម្ចាស់ តាមរបៀបផ្ទុយស្រឡះពីគាត់ ។ គាត់មិនមានទំនុកចិត្តចំពោះខ្លួនឯង ក៏គិតថា ខ្លួនមិនសក្តិសមនឹងចូលចំពោះព្រះដ៏បរិសុទ្ធ ។ គាត់គ្រាន់តែអាចនិយាយចេញពាក្យដ៏មានតម្លៃថា «ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង» (ខ.១៤) ។ តែព្រះយេស៊ូវមានបន្ទូលថា គឺអ្នកយកពន្ធទេ ដែល «បានរាប់ជាសុចរិត ជាជាងអ្នក១នោះ» ពេលគាត់ត្រឡប់ទៅផ្ទះវិញ (ខ.១៤) ។
រឿងប្រៀបប្រដូចនេះ គឺជាការអញ្ជើញដ៏ប្រសើរ ដល់អ្នកដែលដឹងថា ខ្លួនបានប្រព្រឹត្តខុសក្នុងជីវិត ។ ហើយក៏ជាការជំរុញចិត្តដ៏ធំមួយ ដល់អ្នកដែលបានក្លាយជាគ្រីស្ទបរិស័ទអស់ជាច្រើនឆ្នាំហើយ ព្រោះអារក្សចូលចិត្តចង្អុលបង្ហាញយើងឲ្យងាកទៅរកការប្រព្រឹត្តល្អ ហើយនាំឲ្យយើងជឿថា ឥឡូវនេះ យើងសក្តិសមនឹងឲ្យព្រះទ្រង់ទទួលយកយើងហើយ ។ ក្នុងនាមពួកផារិស៊ីម្នាក់នោះ ជាអ្នកជំនាញផ្នែកសាសនា គាត់គួរតែមានការយល់ដឹងល្អជាងនេះ ប៉ុន្តែ អំនួតខាងសាសនារបស់គាត់ធ្វើឲ្យគាត់ខ្វាក់មើលមិនឃើញព្រះគុណព្រះ ។ ចូរយើងកុំល្ងង់ខ្លៅដូចគាត់ ។ នៅចុងបញ្ចប់ អ្នកគ្មានអ្វីអាចថ្វាយដល់ព្រះ ក្រៅពីពែងទទេមួយ សម្រាប់ឲ្យព្រះអង្គចាក់បំពេញ ។ អ្នកមិនអាចក្លាយជាអ្វីផ្សេងលើសពីមនុស្សមានបាប ដែលត្រូវការសេចក្តីមេត្តា ប៉ុន្តែ តម្រូវការរបស់អ្នកក៏មិនលើសពីនេះដែរ ដ្បិតព្រះទ្រង់សព្វព្រះទ័យនឹងមានសេចក្តីមេត្តាចំពោះមនុស្សមានបាប ។ ចូរយើងចូលមករកព្រះអង្គ ដោយស្ម័គ្រពីចិត្ត ។ ចូរយើងចូលមកដោយដៃទទេ ដោយគ្មានការព្រួយបារម្ភ ។ ព្រះអង្គមានសេចក្តីមេត្តាចំពោះយើងរាល់គ្នា ។
ខគម្ពីរជញ្ជឹងគិត៖ លូកា ១៨:៩-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយូអែល ៣-៥ និង ១ធីម៉ូថេ ៦