នំម៉ាណាប្រចាំថ្ងៃ
ផ្លូវ​ចូល​ទៅ​រក​ព្រះ

ផ្លូវ​ចូល​ទៅ​រក​ព្រះ

ដោយAlistair Begg

October 27, 2026

«គឺ​ធ្វើ​ដោយសារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង ដែល​មិន​បាន​ធ្វើ​ដោយដៃ គឺថា មិនមែន​ជា​របស់​ផង​លោកីយ​នេះ​ទេ នោះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត១ដង​ជា​សំរេច ទាំង​បាន​សេចក្ដី​ប្រោស​លោះ នៅ​អស់​កល្ប​ជានិច្ច មិនមែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូនគោ​ទេ គឺ​ដោយ​យក​ព្រះ​លោហិត​នៃ​អង្គ​ទ្រង់​វិញ» ។ ហេព្រើរ ៩:១១-១២
រឿង​ក្នុង​ព្រះ​គម្ពីរ​មាន​ភាព​អស្ចារ្យ​នៅ​ត្រង់ថា ព្រះ​ទ្រង់​បាន​ជ្រាប​ថា យើង​មិន​អាច​ស្គាល់ ស្រឡាញ់ យល់ និង​បម្រើ​ព្រះអង្គ​បាន​ទេ ហើយ​ទ្រង់​​ក៏​បាន​យាង​មក​ប្រោស​លោះ និង​ស្អាង​យើង​ឡើង​ ។ ព្រះ​ទ្រង់​សម្រេច​បាន​ការ​ប្រោស​លោះ​យើង តាមរយៈ​ព្រះ​រាជ​កិច្ច​ដ៏​មាន​ចេស្តា​ជា​បន្ត​បន្ទាប់ ដែល​ឈាន​ដល់​កំរិត​ខ្ពស់​បំផុត ក្នុង​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​មក ដើម្បី​នាំ​យើង​ត្រឡប់​ទៅ​រក​ទំនាក់​ទំនងជា​មួយ​ព្រះអង្គ​វិញ​ ។ នៅ​ក្នុង​ការ​ដក​រនាំង នៅ​ចន្លោះ​ព្រះ និង​យើង ព្រះយេស៊ូវ​បាន​សម្រេច​តួនាទី​របស់​ទ្រង់​ជា​ស​ម្តេច​សង្ឃ​ធំ​បំផុត​របស់​យើង​ ។ អ្នកអាន​កណ្ឌ​គម្ពីរ​ហេព្រើរ​ដំបូង​បំផុត គឺជា​គ្រីស្ទបរិស័ទ​ជនជាតិ​យូដា ដែល​បាន​ឆ្លង​កាត់​ការ​ផ្លាស់​ប្រែ​យ៉ាង​ខ្លាំង ដោយសារ​ការ​ដើរ​តាម​ព្រះយេស៊ូវ ជា​ពិសេស​ក្នុង​ការ​ថ្វាយបង្គំ​ ។ ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​សេចក្តី​ជំនឿ មិន​មាន​ការ​បញ្ជាក់​ដោយ​ភាព​ស្ញប់​ស្ញែង​នៃ​ទំហំ និង​សម្រស់​នៃ​សំណង់​ព្រះវិហារ សម្លេង និង​ក្លិន​គ្រឿង​ក្រអូប​ដែល​គេ​បាន​ដុត​ថ្វាយ​ព្រះ​ទៀត ហើយ​ពួកគេ​ក៏​មិន​ចូល​រួម​នៅ​ក្នុង​ការ​មើល​ស​ម្តេច​សង្ឃ​ចេញ​មក​ក្រៅ នៅ​ថ្ងៃ​ធួន​នឹង​បាប​ដែរ​ ។ 
ការ​ទាំង​អស់​នេះ​បាន​ផ្លាស់​ប្តូរ ដោយសារ​ការ​សុគត​របស់​ព្រះយេស៊ូវ នៅពេល​ដែល​ព្រះ​អង្គ​បាន​យាង​មក ធ្វើ​ជា​ដង្វាយ​លោះ​បាប​យើង​ ។ ដែល​ស​ម្តេច​សង្ឃ​នោះ បាន​ចេញពី​ក្រោយ​វាំងនន កាលពី​មុន ជា​ការ​បង្ហាញថា ដែល​ព្រះ​ទ្រង់​បាន​ទទួល​យក​ដង្វាយ​លោះ​បាប​របស់​ពួក​បណ្តា​ជន​ជា​យ៉ាងណា នោះ​ព្រះអម្ចាស់យេស៊ូវ ក៏​បាន​យាង​ចេញពី​ផ្នូរ ដើម្បី​ប្រកាស​អំពី​ដង្វាយ​របស់​ទ្រង់​ដែល​ព្រះវរបិតា​បាន​ទទួល​យ៉ាង​នោះ​ដែរ​ ។ វាំងនន​នោះ​បាន​រហែក​ហើយ (ម៉ាថាយ ២៧:៥១ ម៉ាកុស ១៥:៣៨ លូកា ២៣:៤៥) ។ ទ្វារ​ឆ្ពោះ​ទៅ​រក​ស្ថាន​សួគ៌​បាន​បើកចំហ​រហើយ​ ។
តាមរយៈ​ការ​បំពេញ​តួនាទី​ស​ម្តេច​សង្ឃ ព្រះ​យេស៊ូវ​បាន​បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ មួយដង​ជា​សម្រេច​ ។ យើង​មិន​ត្រូវ​ការ​ឲ្យ​ស​ម្តេច​សង្ឃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្តង​ហើយ​ម្តង​ទៀត ពោល​គឺ​មិន​ត្រូវ​ការ​ដង្វាយ​លោះ​បាប​មួយ​ទៀត​ទេ​ ។ ផ្ទុយ​នឹង​ពួក​សង្ឃ​នៅ​គ្រា​សញ្ញា​ចាស់ ដែល «ឈរ​ធ្វើ​ការងារ​រាល់តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ​បូជា​ដដែល​ជា​ញឹកញយ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ​ ។ តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញ​បូជាតែ១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្ដាំ​ព្រះ នៅ​ជា​រៀងរាប​ដរាប​ទៅ» (ហេព្រើរ ១០:១១-១២) ។
ជា​ការ​ពិត​ណាស់ អ្វី​ដែល​អស្ចារ្យ​នោះ​គឺ ព្រះយេស៊ូវ​បាន​ធ្វើ​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​បាន​ ។ ព្រះ​អង្គ​ជា​ស​ម្តេច​សង្ឃ​ដែល​ថ្វាយ​ដង្វាយ​លោះ​បាប ហើយ​ទន្ទឹម​នឹង​នោះ ព្រះអង្គ​ផ្ទាល់​គឺជា​ដង្វាយ​លោះ​បាប​ ។ ព្រះអង្គ​ស្ម័គ្រ​ព្រះទ័យ​ទទួល​ទោស ដែល​យើង​សមនឹង​ទទួល ដោយសារ​បាប​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​អរ​សប្បាយ​នឹង​ការ​អត់​ទោស និង​ការ​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ​ទាំងស្រុង​ ។ 
តើ​ការ​នេះ​បាន​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ​សម្រាប់​យើង? ទីមួយ ការ​នេះ​បណ្តាល​ចិត្ត​យើង​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ​ ។ អ្នកអាន​ដំបូង​បំផុត របស់​កណ្ឌ​គម្ពីរ​សំបុត្រ​ហេព្រើរ ហាក់​ដូច​ជា​ចង់​បែរ​ខ្នង​ដាក់​ប្រពៃណី​នៃ​ជំនឿ​គ្រា​សញ្ញា​ចាស់​ ។ ប៉ុន្តែ ព្រះ​យេស៊ូវ​គឺជា​ស​ម្តេច​សង្ឃ និង​ជា​ដង្វាយ​លោះ​បាប​ចុង​ក្រោយ និង​ខ្ពស់​បំផុត​ ។ យើង​មិន​ចាំបាច់​ត្រូវ​ទៅ​កន្លែង​ផ្សេង​ទេ ហើយ​យើង​ក៏​គ្មាន​កន្លែង​ផ្សេង​ដែល​ត្រូវ​ទៅ​ដែរ​ ។ ទីពីរ ការ​នេះ​នាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​អធិស្ឋាន​ ។ ខណៈ​ពេល​ដែល​យើង​ចូល តាមរយៈ​ព្រះគ្រីស្ទ ទៅ​ជិត​ព្រះ​ដែល​គង់​នៅ​លើ​បល្ល័ង្ក យើង​ចូល​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច ដោយ​ដឹង​ថា ព្រះ​អង្គ​បាន​អត់​ទោស​បាប​ឲ្យ​យើង ហើយ​យើង​កំពុង​និយាយ​ទៅ​កាន់​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌​ ។ តើ​អ្នក​កំពុង​ពិបាក​ស៊ូ​ទ្រាំ​ក្នុង​ជំនឿ ឬ​ពិបាក​ចូល​ទៅ​រក​ព្រះ ដោយ​ទំនុក​ចិត្ត? ចូរ​មើលទៅ​ព្រះយេស៊ូវ ជា​ស​ម្តេច​សង្ឃ​របស់​អ្នក ដែល​បាន​ចូល​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ក្នុង​រោង​ឧបោសថ​នៃ​ស្ថាន​សួគ៌ ហើយ​ចូរ​ដឹង​ថា អ្នក​មាន​អ្វីៗ​គ្រប់​យ៉ាង ដែល​អ្នក​ត្រូវ​ការ ក្នុង​ព្រះអង្គ​ ។


ខគម្ពីរ​ជញ្ជឹង​គិត៖ ហេព្រើរ ៣:១-៦
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ២សាំយូអែល ៦-៨ និង ១យ៉ូហាន ១

ប្រភេទ