
អ្នកដែលស្មោះត្រង់
ដោយAlistair Begg
October 28, 2026
«ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ខ្ពស់ដល់ផ្ទៃមេឃ សេចក្ដីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង» ។ ទំនុកដំកើង ៣៦:៥
បើអ្នកធ្វើការជីកឲ្យជ្រៅបន្តិច អ្នកនឹងរកឃើញអត្ថបទជាច្រើន ដែលចោទជាសំណួរថា «តើនៅមានមនុស្សស្មោះត្រង់ទៀតទេ?» តាមធម្មតា សំណួរនេះសំដៅទៅលើទំនាក់ទំនងប្តីប្រពន្ធ ប៉ុន្តែ សំណួរនេះ អាចប្រើសម្រាប់ស្ទើរតែគ្រប់ផ្នែកទាំងអស់នៃជីវិត ។ កាលខ្ញុំនិយាយទៅកាន់សមាជិកពួកជំនុំ ដែលជាអ្នកជំនួញ ពួកគេច្រើនតែប្រាប់ខ្ញុំអំពីអ្នកធ្វើការដែលហាក់ដូចជាប្ដេជ្ញាចិត្តចំពោះក្រុម និងបេសកកម្មពីដំបូង តែបន្ទាប់មក មិនយូរប៉ុន្មាន ការប្ដេជ្ញាចិត្តនោះក៏បានរលាយបាត់អស់ ។ ភាពស្មោះស្ម័គ្រចំពោះក្រុមហ៊ុន ឬកិច្ចការនៅចំពោះមុខ ច្រើនតែរលាយបាត់ទៅវិញយ៉ាងឆាប់រហ័ស ។
គេកម្រនឹងរកបានមនុស្សដែលមានការប្ដេជ្ញាចិត្ត និងភាពទៀតទាត់បានយូរអង្វែង គឺអ្នកដែលចេញសំដីថា បាទប្រាកដជាបាទ ហើយទេប្រាកដជាទេ (ម៉ាថាយ ៥:៣៧) ។ ហើយយើងមានការសប្បាយចិត្តណាស់ ពេលណាយើងរកបានមនុស្សប្រភេទនេះ យើងធ្វើតាមពាក្យសន្យា ទោះពួកគេមានការពិបាកក៏ដោយ ។
មានតែព្រះទេ ដែលមានខ្នាតគំរូនៃភាពស្មោះត្រង់ឥតខ្ចោះ ដែលស្មោះត្រង់ទាំងស្រុង និងការប្ដេជ្ញាចិត្តដ៏ពេញលេញ ក្នុងការរក្សាការសន្យា ។ អ្នកនិពន្ធកណ្ឌគម្ពីរទំនុកដំកើងបានឆ្លុះបញ្ចាំងអំពីរឿងនេះជាប់ជានិច្ច ។ បទគម្ពីរទំនុកដំកើងជំពូក៣៦ បានប្រាប់យើងថា សេចក្តីស្មោះត្រង់របស់ព្រះបានលាតសន្ធឹង គ្មានដែនកំណត់ ។ ព្រះអង្គនៅតែស្មោះត្រង់ចំពោះរាស្រ្តទ្រង់ជានិច្ច ពោលគឺគ្មានអ្វីរារាំងព្រះអង្គមិនឲ្យធ្វើតាមព្រះបន្ទូលព្រះអង្គឡើយ ។ លោក ម៉ូសេតែងតែរំឭករាស្រ្តអ៊ីស្រាអែល អំពីសេចក្តីស្មោះត្រង់របស់ព្រះអង្គថា «ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្ដីសញ្ញា» (ចោទិយកថា ៧:៩) ។ លោក យ៉ាកុបក៏បានពិពណ៌នា អំពីសេចក្តីស្មោះត្រង់របស់ព្រះ ដោយមានប្រសាសន៍ថា ក្នុងព្រះអង្គ «សូម្បីតែស្រមោលនៃសេចក្ដីផ្លាស់ប្រែក៏គ្មានដែរ» (យ៉ាកុប ១:១៧) ។ សេចក្តីស្មោះត្រង់របស់ព្រះ ស្ថិតក្នុងចំណោមផ្នែកដែលល្អឥតខ្ចោះនៃចារិតលក្ខណៈរបស់ទ្រង់ ។ នេះជាដំណឹងដ៏ល្អ បានជាអ្នកជឿម្នាក់ៗបានផ្ញើអនាគតដ៏អស់កល្បនៅលើភាពស្មោះត្រង់ដែលព្រះអង្គមានចំពោះព្រះបន្ទូលសន្យា ។
អ្នកផ្សេងទៀត ក៏ដូចជារូបព្រះដែលបានអ្នកបានបង្កើតមក នឹងបោះបង់ចោលអ្នក ដោយជៀសមិនរួច ដោយសារភាពខ្វះចន្លោះ ឬភាពផុយស្រួយរបស់ពួកគេ ។ មានតែព្រះបន្ទូលរបស់ព្រះដ៏សុចរិត និងអស់កល្បទេ ដែលយើងអាចពឹងផ្អែកលើ ដែលព្រះអង្គបានបើកបង្ហាញអង្គទ្រង់ ក្នុងស្នាព្រះហស្ត និងបានបញ្ជាក់ភាពស្មោះត្រង់របស់ទ្រង់ ក្នុងអង្គព្រះរាជបុត្រា ។ យើងអាចពឹងផ្អែកលើព្រះអង្គ១០០ភាគរយ អស់កល្បជានិច្ច ក្នុងការប្រឈមមុខដាក់បញ្ហាទាំងអស់ នៅថ្ងៃនេះ ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ៣៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយូអែល ៩-១១ និង ១យ៉ូហាន ២