
អំណាច និងអាថ៌កំបាំងនៃការស្តាប់បង្គាប់
ដោយAlistair Begg
October 30, 2026
«តើឯងនៅតែសោកស្ដាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្ដេចលើអ៊ីស្រាអែលហើយ ដូច្នេះចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្ដេចរបស់អញ ... ដូច្នេះ សាំយូអែលក៏ធ្វើ ដូចជាព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមក លោកបានទៅដល់បេថ្លេហិម» ។ ១សាំយ៉ូអែល ១៦:១,៤
ហោរាសាំយូអែលមានភាពលេចធ្លោ ក្នុងទំព័រប្រវត្តិសាស្រ្តព្រះគម្ពីរប៊ីប ប៉ុន្តែ មិនមែនដោយសារគាត់ពូកែផ្តួចផ្តើមគំនិតនោះទេ ។ ទេ គាត់មានលក្ខណៈពិសេសនៅត្រង់ថា គាត់ជាបុរសដែលគ្រាន់តែធ្វើអ្វីដែលព្រះអម្ចាស់បង្គាប់គាត់ ។ បន្ទាប់ពីស្តេចសូលបានបះបោរទាស់នឹងព្រះ ព្រះអម្ចាស់ក៏បានបដិសេធមិនឲ្យស្តេចសូលគ្រងរាជ្យទៀត ហើយហោរាសាំយូអែល គេជាអ្នកដែលត្រូវទៅប្រាប់ស្តេចអំពីបញ្ហានេះ ។ ដូចនេះ គាត់ក៏បានទៅ (១សាំយ៉ូអែល ១៥:១០,២៦-២៩) ។ បន្ទាប់មក ព្រះទ្រង់ក៏បានប្រាប់ហោរាសាំយូអែលថា រដូវកាលនៃការសោកសង្រេងបានកន្លងផុតទៅ ហើយឥឡូវនេះ គាត់ដល់ពេលដែលត្រូវចាប់ផ្តើមកិច្ចការថ្មី ដោយចាក់ប្រេងតាំងស្តេចបន្ទាប់ របស់នគរអ៊ីស្រាអែល ។ គាត់ក៏បានធ្វើតាមបង្គាប់ព្រះអង្គ ។
សេចក្តីបង្គាប់ដល់លោក ហោរាឲ្យត្រៀមប្រេងខ្លះ រួចចេញទៅភូមិបេថ្លេហិម ជាភូមិដ៏តូចទាបមួយ ហើយជួបបុរសម្នាក់ឈ្មោះអ៊ីសាយ ហាក់ដូចជាមិនមែនជាកិច្ចការដែលពិបាកខ្លាំង សម្រាប់គាត់ទេ ។ ប៉ុន្តែ គាត់មិនបានដឹងជាលម្អិតបន្ថែមទៀតថា ការស្តាប់បង្គាប់របស់គាត់មានតួនាទីសំខាន់ប៉ុណ្ណា ចំពោះចំណុចខ្ពស់បំផុត ក្នុងរឿងនៃសេចក្តីសង្គ្រោះដែលព្រះអង្គកំពុងធ្វើសម្រាប់រាស្រ្តទ្រង់ នៅពេលក្រោយទៀត ។ កាលប៉ុន្មានទសវត្សរ៍មុន នៅភូមិបេថ្លេហិម ព្រះទ្រង់បានប្រទានពរនាងរស់ជាស្រ្តីមេម៉ាយ ឲ្យមានស្វាមី ។ លោក អ៊ីសាយ ជាចៅរបស់នាង គឺជាបុរសដែលព្រះទ្រង់ចាត់ហោរាសាំយូអែល ឲ្យទៅជួប ហើយដាវីឌ ជាចៅទួតរបស់នាង គឺជាក្មេងប្រុសដែលព្រះទ្រង់បង្គាប់លោក សាំយូអែលឲ្យចាក់ប្រេងតាំងធ្វើជាស្តេច ។ មួយពាន់ឆ្នាំក្រោយមក នៅភូមិបេថ្លេហិម ព្រះទ្រង់ក៏បានចាត់ព្រះយេស៊ូវ ជាអ្នកដែលទ្រង់បានចាក់ប្រេងតាំង ជាកូនចៅជំនាន់ក្រោយរបស់ដាវីឌ (ម៉ាថាយ ១:១,៥-៦) ជាអ្នកដែលហោរាសាំយូអែលចាក់ប្រេងតាំងនៅថ្ងៃនោះ ឲ្យធ្វើជាអ្នកដឹកនាំ និងអ្នកគង្វាលរាស្រ្តរបស់ទ្រង់ទាំងអស់ (២:៦) ។ ការស្តាប់បង្គាប់របស់ហោរាសាំយូអែល ក្នុងកិច្ចការទាំងអស់ដែលព្រះទ្រង់បង្គាប់ឲ្យគាត់ធ្វើ នៅដំណាក់កាលនោះ ជាការបើកបង្ហាញបន្ទាប់ នូវផែនការរបស់ព្រះ ។ ប៉ុន្តែ ហោរាសាំយូអែលមិនបានដឹងអំពីរឿងទាំងនេះ ទាល់តែគាត់បានបំពេញស្នែងរបស់គាត់ ដោយប្រេង ហើយចាប់ផ្តើមធ្វើដំណើរទៅភូមិបេថ្លេហិម ។
ព្រះរាជបញ្ជារបស់ព្រះភាគច្រើន មិនរាប់បញ្ចូលកិច្ចការដែលគួរឲ្យស្ញប់ស្ញែង ឬរំភើបខ្លាំងនោះទេ ។ មនុស្សជាច្រើនមិនយល់អំពីសារៈសំខាន់នៃការស្តាប់បង្គាប់របស់យើងឡើយ ។ ជាញឹកញាប់ យើងនឹងស្តាប់បង្គាប់ មិនមែនដោយសារយើងអាចមើលឃើញការអ្វីដែលព្រះទ្រង់កំពុងធ្វើ តែដោយសារយើងបានប្ដេជ្ញាចិត្តស្តាប់បង្គាប់ទ្រង់ ។ យើងប្រហែលរស់នៅ ដោយមិនដឹងថា ការស្តាប់បង្គាប់មានសារៈសំខាន់យ៉ាងណា ក្នុងផែនការរបស់ព្រះអង្គ ។ ដូចនេះ យើងត្រូវប្រយ័ត្ន ចូរយើងស្តាប់បង្គាប់ដោយចិត្តស្មោះត្រង់ ទោះយើងមិនអាចដឹងជាមុនថា ការស្តាប់បង្គាប់នោះ មានអត្ថប្រយោជន៍អ្វីខ្លះក៏ដោយ ដ្បិតការស្តាប់បង្គាប់របស់ព្រះអង្គ តែងតែត្រឹមត្រូវ ហើយអ្នកក៏មិនអាចដឹងជាមុនថា ព្រះអង្គនឹងប្រើការស្តាប់បង្គាប់នោះយ៉ាងដូចម្តេចដែរ ។
ខគម្ពីរជញ្ជឹងគិត៖ ម៉ាកុស ១៤:៣-៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ១៤-១៥ និង ១យ៉ូហាណ ៤