
គោលបំណងនៃឈើឆ្កាង
ដោយAlistair Begg
October 31, 2026
«កាលមកដល់កន្លែងដែលហៅថា ភ្នំរលាក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្ដាំ ម្នាក់ខាងឆ្វេងទ្រង់» ។ លូកា ២៣:៣៣
អ្នកនិពន្ធកណ្ឌគម្ពីរដំណឹងល្អទាំងអស់ មិនបាននិយាយផ្ដោតខ្លាំង ទៅលើរបៀបដែលគេឆ្កាងព្រះយេស៊ូវទេ ។ ជាការពិតណាស់ បើអ្នកពិនិត្យមើលកណ្ឌគម្ពីរដំណឹងល្អនីមួយៗ អ្នកនឹងរកឃើញថា មានការនិយាយលម្អិតមិនច្រើនទេ អំពីការរងទុក្ខខាងផ្លូវកាយរបស់ព្រះគ្រីស្ទ ។ ផ្អែកទៅលើភាពសាហាវព្រៃផ្សៃនៃការប្រហារជីវិតនៅលើឈើឆ្កាង និងការពិតដែលថា ព្រះគម្ពីរប៊ីបនាំយើងងាកទៅរកឈើឆ្កាង អវត្តមាននៃការនិយាយលម្អិតនេះ គួរតែជាហេតុផលដែលយើងឈប់បង្អង់សិន និងបណ្តាលឲ្យយើងឆ្ងល់ថា ហេតុអ្វីការសុគតរបស់ព្រះសង្គ្រោះ មានការពិពណ៌នា ដោយឃ្លាដ៏សាមញ្ញថា «គេឆ្កាងទ្រង់នៅទីនោះ» ។
ខ្ញុំសន្និដ្ឋានថា អ្នកនិពន្ធកណ្ឌគម្ពីរដំណឹងល្អយល់ឃើញថា បើពួកគេផ្ដោតទៅលើការរងទុក្ខផ្លូវកាយរបស់ព្រះយេស៊ូវ យើងងាយនឹងផ្ដោតទៅលើការរងទុក្ខនេះតែម្យ៉ាង ។ យើងប្រហែលច្រឡំថា ពេលណាការពិពណ៌នាដ៏រន្ធត់នោះ បានប៉ះពាល់ចិត្ត ឬធ្វើឲ្យយើងឈឺចាប់ហើយ យើងនឹងមិនផ្ដោតទៅលើការរងទុក្ខនោះតែម្យ៉ាងទេ ។ ប៉ុន្តែ តាមពិត ការផ្ដោតទៅលើផ្លូវកាយ ជាផ្នែកខាងក្រៅខ្លួនក្នុងហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ អាចធ្វើឲ្យយើងមើលរំលងគោលបំណងនៃការសុគតនៅលើឈើឆ្កាង ។
ហេតុនេះហើយ អ្នកនិពន្ធកណ្ឌគម្ពីរដំណឹងល្អ មិនបានពន្យល់ច្រើន អំពីលក្ខណៈនៃការរងទុក្ខផ្លូវកាយរបស់ព្រះយេស៊ូវទេ តែបានចង្អុលបង្ហាញទៅរករឿងខាងវិញ្ញាណដែលបានកើតឡើងមកលើព្រះអង្គវិញ ខណៈពេលដែលព្រះអង្គកំពុងជាប់នៅលើឈើឆ្កាង ។ ពួកគេបានផ្ដោតទៅលើគោលបំណងនៃឈើឆ្កាង ច្រើនជាងផ្ដោតទៅលើឈើឆ្កាង ។
ជាការពិតណាស់ ក្នុងព្រះគម្ពីរប៊ីបទាំងមូល ចាប់តាំងពីដើមដំបូង ក្នុងកណ្ឌគម្ពីរលោកុប្បត្តិ យើងឃើញថា អ្វីដែលមនុស្សជាតិត្រូវការធំបំផុត គឺការលោះបាប ។ គ្រាន់តែបុរស និងស្រ្តីដំបូងបានបែរខ្នងដាក់ព្រះ នៅសួនច្បារអេដែនភ្លាម ពួកគេក៏បានដាច់ចេញពីព្រះអង្គ ដោយសារតែការមិនស្តាប់បង្គាប់ ។ ចាប់តាំងពីពេលនោះមក មនុស្សជាតិ បានដើរតាមដានរបស់បុព្វបុរសដំបូងរបស់យើង ដោយយើងក៏បានបែរខ្នងដាក់ព្រះអង្គ ហើយរស់នៅ ក្នុងពិភពលោករបស់ព្រះអង្គ ដោយការបះបោរទាស់នឹងព្រះអង្គ ។ បាបនេះក៏ដូចជាការដាច់ចេញពីព្រះអង្គ ត្រូវតែមានការប្រោសលោះ ហើយទោះយើងបានព្យាយាមធ្វើល្អច្រើនប៉ុណ្ណា ក៏នៅតែមិនគ្រប់គ្រាន់ ល្មមនឹងអាចផ្សះផ្សាយើងឲ្យជានឹងព្រះ ។
ប៉ុន្តែ នៅក្នុងព្រះយេស៊ូវ «សេចក្ដីសុចរិតផងព្រះដែលមានទាំងក្រិត្យវិន័យ នឹងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ» (រ៉ូម ៣:២១) ហើយយើងបានជានឹងព្រះវរបិតា តាមរយៈព្រះរាជបុត្រា «ដែលព្រះបានតាំងទ្រង់ទុកជាទីសន្ដោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់» (រ៉ូម ៣:២៥) ។ នេះជាការលោះបាប ។ នេះជាកន្លែងដែលសេចក្តីក្រោធរបស់ព្រះវរបិតា មានមកលើបាប បានបង្វែរចេញពីមនុស្សមានបាប ហើយងាកមករកព្រះរាជបុត្រាទ្រង់វិញ ។ នេះគឺជាគោលបំណង និងជ័យជម្នះដ៏អស្ចារ្យរបស់ឈើឆ្កាង ។
ការមានអារម្មណ៍អាណិតព្រះយេស៊ូវ ដោយសារព្រះអង្គរងទុក្ខយ៉ាងឥតខ្ចោះ គឺមានភាពខុសគ្នាស្រឡះ ពីការទទួលជឿព្រះអង្គជាព្រះអង្គសង្គ្រោះ និងព្រះអម្ចាស់ ដែលបានរងទុក្ខ និងសុគតដើម្បីយើង ។ ចូរយើងឈប់បង្អង់សិន ហើយពិចារណា អំពីមូលហេតុដែលព្រះអង្គជាប់នៅលើឈើឆ្កាង ។ ចូរពិចារណា អំពីការរងទុក្ខខាងវិញ្ញាណរបស់ព្រះអង្គ និងការឈឺចុកចាប់ក្នុងព្រះទ័យ ដោយសារការទទួលរងការកាត់ទោសរបស់ព្រះវរបិតា ។ ចូរកុំមើលទៅព្រះអង្គ ដើម្បីឲ្យតែបានអាណិតព្រះអង្គនោះឡើយ តែត្រូវថ្វាយបង្គំព្រះអង្គផងដែរ ។
ខគម្ពីរជញ្ជឹងគិត៖ ម៉ាកុស ១៥:៣៣-៣៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ១៦-១៨ និង ១យ៉ូហាន ៥