
ក្រឹត្យវិន័យនៃសេចក្តីស្រឡាញ់
ដោយAlistair Begg
November 1, 2026
«បើអ្នករាល់គ្នាកាន់តាមក្រិត្យវិន័យដ៏ប្រសើរ ដូចមានបទគម្ពីរថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង» នោះឈ្មោះថាប្រព្រឹត្តល្អហើយ»។ យ៉ាកុប ២:៨
ពេលចុងក្រោយបំផុត ដែលអ្នកនិយាយថា អ្នកស្រឡាញ់នរណាម្នាក់ ឬអ្វីមួយ តើអ្នកចង់មានន័យដូចម្តេច ?
ក្នុងសម័យរបស់យើង យើងច្រើនតែយល់ឃើញថា សេចក្តីស្រឡាញ់មានតម្លៃស្មើបទពិសោធន៍ផ្លូវអារម្មណ៍ណាមួយ ។ មនុស្សប្រកាសអំពី «សេចក្តីស្រឡាញ់» ផ្អែកទៅលើអារម្មណ៍ខ្លួនឯង ។ ហេតុនេះហើយ យើងមានអារម្មណ៍ចម្លែក នៅពេលដែលគេនិយាយ អំពីការប្រព្រឹត្តដោយសេចក្តីស្រឡាញ់ តាមកាតព្វកិច្ច ។ ពិតណាស់ ការប្រព្រឹត្តណាមួយ គ្រាន់តែដើម្បីបំពេញកាតព្វកិច្ច គឺមិនមានក្តីស្រឡាញ់ពិតប្រាកដទេ ។
កណ្ឌគម្ពីរយ៉ាកុប បានផ្តល់ឲ្យនូវទស្សនៈផ្សេងពីនេះ អំពីទំនាក់ទំនងរវាងសេចក្តីស្រឡាញ់ និងកាតព្វកិច្ច ។ កាលលោក យ៉ាកុបសង្ខេបក្រឹត្យវិន័យរបស់ព្រះ គាត់បានបង្រួមមកនៅត្រឹមពាក្យថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង»។ អាចនិយាយម្យ៉ាងទៀតថា យើងបំពេញតាមក្រឹត្យវិន័យ ដោយស្រឡាញ់អ្នកជិតខាង។ ដូចនេះ អាទិភាពរបស់យើង គឺត្រូវយល់ថា ក្តីស្រឡាញ់ជាអ្វី ហើយមានអ្វីខ្លះដែលមិនមែនជាសេចក្តីស្រឡាញ់ ។
កណ្ឌគម្ពីរយ៉ាកុបមិនបានបកស្រាយអត្ថន័យថា យើងបានបំពេញតាមក្រឹត្យវិន័យ ពេលណាយើងមានអារម្មណ៍បែបណាមួយ ចំពោះអ្នកជិតខាងរបស់យើងនោះទេ ។ អ្នកដែលបានអានកណ្ឌគម្ពីរយ៉ាកុប និងកណ្ឌគម្ពីរជាច្រើនទៀត ក្នុងព្រះគម្ពីរប៊ីប ដឹងថា នេះមិនមែនជាការពិតឡើយ។ ខ្ញុំសូមលើកយកឧទាហរណ៍មួយ ។ ក្រឹត្យវិន័យ១០ប្រការ ដែលជាចំណុចស្នូលនៃក្រឹត្យវិន័យក្នុងព្រះគម្ពីរសញ្ញាចាស់ បាននិយាយតិចណាស់ អំពីអារម្មណ៍ដែលយើងគួរមាន ប៉ុន្តែ បាននិយាយច្រើន អំពីការអ្វីដែលយើងត្រូវធ្វើ ។ ក្រឹត្យវិន័យដែលទាស់ប្រឆាំងនឹងមនុស្សឃាត ការផិតក្បត់ ការកុហក និងការលួច សុទ្ធតែសំដៅទៅលើការប្រព្រឹត្តរបស់យើង ។ ហើយកណ្ឌគម្ពីរយ៉ាកុបបានចែងថា ក្រឹត្យវិន័យទាំងនេះអាចសង្ខេបមកនៅត្រឹមការបង្គាប់ដ៏ខ្លីថា «ចូរស្រឡាញ់អ្នកជិតខាងឲ្យដូចខ្លួនឯង»។ យើងត្រូវស្រឡាញ់អ្នកជិតខាងដូចម្តេចខ្លះ ? គឺដោយធ្វើអ្វីដែលត្រឹមត្រូវ ។
ចូរយើងពិចារណា អំពីសារៈសំខាន់របស់ពាក្យ «ដូចខ្លួនឯង» ដែលកណ្ឌគម្ពីរយ៉ាកុបបានប្រើ ។ តើមានពេលប៉ុន្មានដងហើយ ដែលយើងមានអារម្មណ៍ល្អ ចំពោះខ្លួនឯង ហើយគិតឃើញថា ខ្លួនឯងពិតជាគួរឲ្យស្រឡាញ់ ឥតទាស់ត្រង់ណា ? ខ្ញុំសូមទាយថា យើងពិតជាកម្រមានអារម្មណ៍ដូចនេះណាស់ ។ ប៉ុន្តែ ទោះយើងមានអារម្មណ៍យ៉ាងណាចំពោះខ្លួនឯងក៏ដោយ ក៏ភាគច្រើន យើងនៅតែខិតខំទំនុកបម្រុងខ្លួនឯងឲ្យគ្រប់គ្រាន់ ។ សេចក្តីស្រឡាញ់ចំពោះអ្នកដទៃ ក៏ត្រូវមានលក្ខណៈដូចនេះផងដែរ ។ ការនេះមិនមានន័យថា បើយើងមិនមានចិត្តឆេះឆួល យើងមិនចាំបាច់ត្រូវស្តាប់បង្គាប់នោះទេ ។
ការនេះក៏មិនមានន័យថា យើងត្រូវបង្ខំចិត្តធ្វើអ្វីដែលត្រឹមត្រូវតាមក្រឹត្យវិន័យនោះដែរ ។ យើងគួរតែមានចិត្តចំពោះអ្នកដទៃ ឲ្យសមស្របនឹងការប្រព្រឹត្តរបស់យើង ហើយយើងគួរតែអធិស្ឋានឲ្យខ្លួនឯងមានក្តីស្រឡាញ់ ក្នុងការប្រព្រឹត្ត ។ ប៉ុន្តែ យើងក៏ត្រូវដឹងអំពីតួនាទីនៃអារម្មណ៍របស់យើង ក្នុងការស្រឡាញ់អ្នកដទៃ ។ អារម្មណ៍គឺជាអ្នកបម្រើដ៏ល្អ តែជាម្ចាស់ដ៏អាក្រក់ ។ ពួកវាអាចបម្រើយើង ក្នុងការធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែ ពួកវាមិនត្រូវដឹកនាំយើង ក្នុងការអ្វីដែលយើងគួរធ្វើ ឬមិនគួរធ្វើនោះទេ ។ ជាការពិតណាស់ ជួនកាល ទាល់តែយើងបានសម្រេចចិត្តប្រព្រឹត្តដោយសេចក្តីស្រឡាញ់ ទើបអារម្មណ៍របស់យើងមានក្តីស្រឡាញ់ ។ ដូចនេះ ចូរអធិស្ឋាននៅថ្ងៃនេះ សូមឲ្យអារម្មណ៍របស់អ្នកមានក្តីស្រឡាញ់ដែលព្រះទ្រង់សព្វព្រះទ័យ ហើយសូមឲ្យអ្នកសម្រេចក្រឹត្យវិន័យរបស់ទ្រង់ ខណៈពេលដែលអ្នកប្រព្រឹត្តដោយក្តីស្រឡាញ់ ចំពោះអ្នកជិតខាង ដោយស្តាប់បង្គាប់ព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត៖ យ៉ាកុប ២:៨-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ១៩-២០ និង ២យ៉ូហាន