
តើគ្រីស្ទានគួរដាក់ដង្វាយ១ភាគ១០ទេ?
ដោយAlistair Begg
November 3, 2026
«ផែនដី នឹងសារពើនៅផែនដី ជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ នឹងបណ្ដាអ្នកដែលនៅលោកីយផង»។ ទំនុកដំកើង ២៤:១
លោក នៅពេលដែលប្រធានបទ អំពីការទទួលបញ្ញើពីព្រះ និងហិរញ្ញវត្ថុ តាមព្រះគម្ពីរប៊ីប បានលេចឡើង តើយើងនឹកឃើញគោលការណ៍ណែនាំអ្វី ? ភាគច្រើនយើងនឹកឃើញ «ការដាក់ដង្វាយ១ភាគ១០»។ ប៉ុន្តែ ទោះនេះជាពាក្យដែលគេបានប្រើប្រាស់ញឹកញាប់យ៉ាងខ្លាំង ក្នុងភាសានៃជីវិតពួកជំនុំក៏ដោយ ក៏គេច្រើនតែមានការយល់ច្រឡំអត្ថន័យរបស់ការដាក់ដង្វាយ១ភាគ១០ ។
ដូចនេះ តើព្រះគម្ពីរប៊ីបបានបង្រៀនដូចម្តេចខ្លះ អំពីការដាក់ដង្វាយ១ភាគ១០ ហើយគ្រីស្ទបរិស័ទមានទំនាក់ទំនងដូចម្តេចខ្លះ ចំពោះការដាក់ដង្វាយនេះ ? ទីមួយ ការដាក់ដង្វាយ១ភាគ១០ គឺជាគោលការណ៍ជាមូលដ្ឋាន នៃការដាក់ដង្វាយ ក្នុងគ្រាសញ្ញាចាស់ ។ ចាប់តាំងពីដើមមក ជនអ៊ីស្រាអែលត្រូវនាំដង្វាយ១ភាគ១០ ពីផលដំណាំ និងសត្វចិញ្ចឹមរបស់ខ្លួន យកទៅថ្វាយព្រះអម្ចាស់ (លេវីវិន័យ ២៧:៣០)។ គេត្រូវនាំដង្វាយ១ភាគ១០ទាំងនោះ ទៅប្រគល់ឲ្យពួកលេវី (អ្នកធ្វើការនៅព្រះវិហារ) ដែលត្រូវដក១ភាគ១០ ពីដង្វាយ១ភាគ១០ទាំងនោះ ប្រគល់ឲ្យពួកសង្ឃ ។ គំរូនេះបានចាក់គ្រឹះយ៉ាងរឹងមាំ និងត្រឹមត្រូវ ក្នុងក្រឹត្យវិន័យរបស់លោក ម៉ូសេ ប៉ុន្តែ នៅពេលដែលភាពសោះអង្គើយខាងវិញ្ញាណកើតមានក្នុងចំណោមពួកបណ្តាជន ការដាក់ដង្វាយនេះក៏ត្រូវគេប្រើក្នុងផ្លូវខុស ។ ឧទាហរណ៍ កណ្ឌគម្ពីរនេហេមាបានចែងអំពីការបាក់ទឹកចិត្តរបស់លោក នេហេមា នៅពេលដែលគាត់បាន «យល់ឃើញថា គេមិនបានចែកចំណែកឲ្យដល់ពួកលេវីទេ បានជាពួកលេវី និងពួកចំរៀង ដែលធ្វើការងារ គេបានរត់ទៅឯស្រែចំការរបស់ខ្លួនវិញ ដូច្នេះ ខ្ញុំបានតវ៉ាដល់ពួកមេថា ហេតុអ្វីបានជាបោះបង់ចោលព្រះវិហារនៃព្រះដូច្នេះ ?» (១៣:១០-១១)។
ទីពីរ ការដាក់ដង្វាយ១ភាគក្នុង១០ គឺជាគំរូនៃការដាក់ដង្វាយក្នុងគ្រាសញ្ញាចាស់ តែព្រះគម្ពីរប៊ីបមិនបានចែងថា ការដាក់ដង្វាយនេះគឺជាកាតព្វកិច្ចក្នុងគ្រាសញ្ញាថ្មីនោះទេ ។ យើងចាំបាច់ត្រូវដឹងអំពីមូលហេតុ ដែលព្រះគម្ពីរសញ្ញាថ្មីមិនបានចែងអំពីរឿងនេះ ។ យើងប្រហែលរំពឹងថា អ្នកចេះដឹងក្រឹត្យវិន័យសញ្ញាចាស់ ដូចសាវ័កប៉ុល គួរតែបានបញ្ជាក់អំពីគំរូនៃការដាក់ដង្វាយនៃគ្រាសញ្ញាចាស់ ឬយ៉ាងហោចណាស់និយាយត្រង់ៗថា វាជាគោលការណ៍ដែលគេត្រូវយកមកអនុវត្តក្នុងពួកជំនុំ ។ ប៉ុន្តែ គាត់មិនបាននិយាយទេ ។ ដូចនេះ តើគ្រីស្ទបរិស័ទត្រូវមានការឆ្លើយតបដូចម្តេច ចំពោះការសង្កេតទាំងពីរនេះ ? តើយើងគួរតែដាក់ដង្វាយ១ភាគក្នុង១០ ដូចដែលពួកអ៊ីស្រាអែលបានទទួលបង្គាប់ឲ្យដាក់ឬទេ ឬយើងគួរមើលរំលងគោលការណ៍នេះ តាមរបៀបដែលព្រះគម្ពីរសញ្ញាថ្មីហាក់ដូចជាមើលរំលង ? ជាការពិតណាស់ ព្រះគម្ពីរសញ្ញាថ្មីមិនមានការបង្គាប់ច្បាស់លាស់ អំពីការដាក់ដង្វាយ១ភាគក្នុង១០ទេ តែក៏មិនមានការបដិសេធន៍ច្បាស់លាស់ដែរ ។ ដូចនេះ យើងថ្វាយដង្វាយ១ភាគក្នុង១០ មិនមែនដើម្បីស្តាប់បង្គាប់តាមក្រឹត្យវិន័យសញ្ញាចាស់ឡើយ តែយើងក៏មិនគួរមើលរំលងគោលការណ៍នៃការដាក់ដង្វាយ១ភាគក្នុង១០ដែរ ។ ការបង្គាប់ឲ្យថ្វាយដង្វាយ១ភាគ១០ អាចធ្វើជាគំរូសម្រាប់គ្រីស្ទបរិស័ទចាប់ផ្តើមរៀនដាក់ដង្វាយ ប៉ុន្តែ វាគ្រាន់តែជាចំណុចចាប់ផ្តើម គឺមិនមែនជាគោលដៅនោះទេ ។ ព្រោះបើយើងមិនប្រយ័ត្នទេ គោលការណ៍នៃការដាក់ដង្វាយ អាចធ្វើឲ្យយើងប្រើជាលេស ដើម្បីដាក់ដង្វាយឲ្យបានតិចបំផុត តាមដែលអាចធ្វើទៅបាន ហើយចាត់ទុកប្រាក់ដែលនៅសល់៩០ភាគរយ ជាកម្មសិទ្ធិផ្តាច់មុខរបស់យើង ដែលព្រះទ្រង់គ្មានសិទ្ធិប៉ះពាល់ ។ បញ្ហាស្ថិតនៅត្រង់ថា ព្រះអម្ចាស់គឺជាម្ចាស់នៃអ្វីៗទាំងអស់ រាប់បញ្ចូលទាំងលុយគ្រប់កាក់គ្រប់សេន ដែលយើងប្រកាសជាកម្មសិទ្ធិរបស់យើង ។ គឺដូចដែលអ្នកនិពន្ធកណ្ឌគម្ពីរទំនុកដំកើងបានប្រកាសហើយ ។ យើងគិតស្មានថា យើងកំពុងតែ «ថ្វាយ» ដល់ព្រះ តែតាមពិត ព្រះអង្គជាម្ចាស់នៃប្រាក់ទាំងអស់ដែលយើងមាន ។
ទំនាក់ទំនងដែលគ្រីស្ទានមាន ជាមួយគោលការណ៍នៃការដាក់ដង្វាយ១ភាគ១០ មិនមែនជាគោលការណ៍ដែលតឹងរឹង និងជាក់លាក់នោះទេ ។ ១០ភាគរយអាចជាចំនួនច្រើនពេក សម្រាប់អ្នកនៅពេលខ្លះ ឬអាចងាយស្រួលពេក នៅពេលផ្សេងទៀត ។ ប្រហែលវិធីល្អបំផុត ក្នុងការចាប់ផ្តើមដាក់ដង្វាយ គឺជាការប្រើដង្វាយ១ភាគក្នុង១០ ជាចំណុចចាប់ផ្តើម ហើយបន្ទាប់មក ចូរទូលសូមព្រះអង្គប្រទានប្រាជ្ញា និងភាពទៀងត្រង់ ខណៈពេលដែលអ្នកមើលទៅហិរញ្ញវត្ថុ និងចិត្តរបស់អ្នក ។ ចូរទូលសូមព្រះអង្គបើកបង្ហាញរបៀបដែលអ្នកអាចប្រើហិរញ្ញវត្ថុរបស់អ្នក ដែលជាកម្មសិទ្ធិរបស់ព្រះអង្គ ដោយស្មោះត្រង់បំផុត ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត៖ ២កូរិនថូស ៨:៨-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ២៣-២៤ និង កូល៉ុស ១