
ការកុហកធំមួយ អំពីជីវិតគ្រីស្ទាន
ដោយAlistair Begg
November 4, 2026
«ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយនេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ»។ ១ធីម៉ូថេ ៦:១៧
មានការកុហកធំមួយ អំពីដំណឹងល្អ ដែលកើតឡើងជាធម្មតា ក្នុងវប្បធម៌របស់យើង ហើយជួនកាល យើងដែលជាពួកជំនុំ និងអ្នកជឿ ក៏ជួយលើកដំកើងការកុហកទាំងនោះផងដែរ ។ ការកុហកនោះ គឺជាការបង្រៀនថា ការចូលមករកព្រះយេស៊ូវ ហើយជឿដំណឹងល្អ គឺមានន័យថា យើងមិនអាចមានការសប្បាយទៀតទេ ។ ជីវិតជាគ្រីស្ទានគួរឲ្យធុញទ្រាន់ សោះកក្រោះ ឬថែមទាំងធ្វើឲ្យខកចិត្ត ។ យើងអរព្រះគុណព្រះអង្គ ដែលនេះមិនមែនជាការពិត ។
ព្រះគម្ពីរប៊ីបបានពិពណ៌នាថា ក្នុងនាមព្រះអង្គជាព្រះវរបិតា ដែលប្រទានអំណោយដ៏ល្អដល់កូនៗទ្រង់ (ម៉ាថាយ ៧:១១) និងក្នុងនាមព្រះអង្គជាអ្នកដែល «ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ» ហើយ «ទ្រង់នឹងមិនសំចៃទុករបស់ល្អអ្វី ដល់ពួកអ្នកដែលដើរដោយទៀងត្រង់ឡើយ» (ទំនុកដំកើង ៨៤:១១)។ យើងត្រូវដឹងច្បាស់ថា ទីបន្ទាល់នៃព្រះគម្ពីរប៊ីបមិនបានលើកឡើងថា យើងអាចធ្វើអ្វីៗតាមចិត្តយើង ឬលើកឡើងថា ព្រះទ្រង់នឹងប្រទានអ្វីៗទាំងអស់ដែលយើងចង់បាននោះឡើយ ។ តែព្រះគម្ពីរប៊ីបបានប្រាប់យើងម្តងហើយម្តងទៀតថា យើងមានព្រះវរបិតាដ៏សប្បុរស ដែលសព្វព្រះទ័យឲ្យកូនៗទ្រង់អរសប្បាយនឹងព្រះពរជាច្រើន ។ សំបុត្រទីមួយ ដែលសាវ័កប៉ុលបានសរសេរផ្ញើទៅកាន់លោក ធីម៉ូថេ ជាសិស្សរបស់គាត់ បានប្រកាសថា «សត្វទាំងអស់ដែលព្រះទ្រង់បង្កើតមក នោះសុទ្ធតែល្អ ហើយមិនត្រូវចោល១ឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ ដ្បិតបានញែកជាបរិសុទ្ធដោយសារព្រះបន្ទូល ហើយសេចក្ដីអធិស្ឋាន» (១ធីម៉ូថេ ៤:៤-៥)។ ដូចនេះ ស្តង់ដាររបស់គ្រីស្ទាន មិនមែនជាស្តង់ដារនៃជីវិតដែលជៀសវាងភាពសុខស្រួល ហើយក៏មិនមែនជាការចាយវាយមិនសំចៃនោះដែរ ។ ទេ ព្រះបន្ទូលទ្រង់ដឹកនាំយើង ឲ្យទុកដាក់ក្តីសង្ឃឹមលើព្រះ ហើយអរសប្បាយនឹងអ្វីៗដែលព្រះអង្គប្រទានមក ជាអំណោយដ៏ល្អ មកពីព្រះអង្គ ។ របៀបនៃការរស់នៅដូចនេះ នាំយើងទៅរកក្តីអំណរដ៏ស្ថិតស្ថេរ ។
ការបើកសម្ដែងអំពីចារិតលក្ខណៈរបស់ព្រះវរបិតា ជាអ្នកប្រទានដ៏អស្ចារ្យ និងកំណប់ទ្រព្យដ៏ធំរបស់យើង នឹងនាំយើងទៅរករបៀបនៃការរស់នៅខុសប្លែកពីលោកិយជាអ្នកជិតខាងយើង ដោយជៀសមិនរួច ។ ពេលណាយើងបានដឹងថា ការឲ្យនោះមានពរជាងការទទួល (កិច្ចការ ២០:៣៥) យើងនឹងមានចិត្តសប្បុរសជាងមុន ។ ពេលណាយើងដឹងថា «ការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃមួយយ៉ាងធំមែន» (១ធីម៉ូថេ ៦:៦) យើងនឹងមិនទាមទារឧបករណ៍ទាន់សម័យបំផុត ឬឡានដែលថ្មីបំផុត ដើម្បីគ្រាន់តែបង្កើនសុភមង្គលតែមួយរយៈពេលខ្លីនោះទេ ។
ជីវិតគ្រីស្ទានមិនគួរឲ្យធុញទ្រាន់ សោះកក្រោះ ខ្វះអំណរនោះទេ ។ ជំនឿរបស់យើងអាចនាំឲ្យយើងលះបង់ចោលភាពសុខស្រួលខ្លះក្នុងជីវិតមែន តែទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាននៅស្ថានសួគ៌ កំពុងរង់ចាំអស់អ្នកដែលថ្វាយជីវិតដល់ព្រះយេស៊ូវ ។ ហើយជាងនេះទៅទៀត ទ្រព្យសម្បត្តិនៅស្ថានសួគ៌ក៏បានធ្វើជាព្រះពរសម្រាប់យើងក្នុងពេលបច្ចុប្បន្ន ដោយផ្តល់ឲ្យយើងនូវសន្តិភាព និងអំណរដ៏ស្ថិតស្ថេរ ខណៈពេលដែលយើង អរសប្បាយនឹងអំណោយដ៏ល្អ ចេញពីព្រះហស្តព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ។ ចូរយើងកុំជឿលើការកុហកដែលថា ជីវិតដែលដើរតាមព្រះយេស៊ូវ ធ្វើឲ្យយើងមានអំណរតិចជាងជីវិតលោកិយនោះឡើយ ។ ចូរប្រាកដថា យើងមិនលើកដំកើងការបង្រៀនខុសឆ្គងនេះ ដល់មនុស្សនៅក្បែរយើងឡើយ ។
ខគម្ពីរជញ្ជឹងគិត៖ ១ថែស្សាឡូនិច ១:២-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ណាហ៊ុម និង កូល៉ុស ២