
ទ្រង់លើកព្រះហស្តឡើងប្រទានពរ
ដោយAlistair Begg
November 5, 2026
«នោះទ្រង់នាំគេចេញទៅត្រឹមបេថានី រួចទ្រង់លើកព្រះហស្តឡើងប្រទានពរឲ្យ កំពុងដែលទ្រង់ប្រទានពរ នោះព្រះវរបិតាបានញែកទ្រង់ចេញពីគេ លើកឡើងទៅស្ថានសួគ៌ទៅ»។ លូកា ២៤:៥០-៥១
គេអាចគិតថា ដំណើរបេសកកម្មរបស់ព្រះយេស៊ូវ នៅលើផែនដី គឺជាការធ្វើដំណើរឆ្ពោះទៅរកការយាងចាកចេញពីផែនដី ។ បន្ទាប់ពីព្រះអង្គបានយាងចុះពីស្ថានសួគ៌ មកផែនដីប្រសូតជាទារក ទ្រង់បានមានព្រះជន្មជាមនុស្ស បង្រៀនព្រះបន្ទូល ធ្វើការអស្ចារ្យ ត្រាស់ហៅរាស្រ្តទ្រង់ឲ្យដើរតាមទ្រង់ សុគតក្នុងនាមព្រះអង្គសង្គ្រោះរបស់ពួកគេ មានព្រះជន្មរស់ឡើងវិញ ហើយបន្ទាប់មក ព្រះអង្គយាងត្រឡប់ទៅព្រះវរបិតា និងសិរីល្អនៅស្ថានសួគ៌វិញ តាមពេលកំណត់ ។ ក្នុងន័យនេះ ព្រឹត្តិការណ៍ផ្សេងទៀតនៃព្រះជន្មទ្រង់មានដំណើរឆ្ពោះទៅរកពេលដែលព្រះអង្គយាងឡើងស្ថានសួគ៌វិញ ។
ព្រះគម្ពីរប៊ីបបានបង្រៀនយ៉ាងច្បាស់ថា ពេលដែលព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ ត្រូវបានកំណត់ទុកជាមុនតាំងពីអស់កល្បជានិច្ច (១ពេត្រុស ១:១៩-២០)។ ឧទាហរណ៍ : កណ្ឌគម្ពីរលូកាបានចែងអំពីពេលដែលព្រះយេស៊ូវយាងឡើងភ្នំអធិស្ឋាន (លូកា ៩:២៨) មានបុរសពីរនាក់ គឺលោក ម៉ូសេ និងលោក អេលីយ៉ា «លេចមកក្នុងសេរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសំរេចនៅក្រុងយេរូសាឡិម» (ខ.៣១)។ ក្រោយមក ក្នុងជំពូកដដែលនោះ ក៏បានចែងផងដែរថា «កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់ដំរង់ព្រះភក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡិមតែម្ដង» (ខ.៥១)។ ពេលវេលា និងរបៀបដែលព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ ត្រូវបានព្រះទ្រង់កំណត់ទុកជាមុន ដើម្បីប្រយោជន៍យើង និងដើម្បីសិរីល្អទ្រង់ ។
យើងគួរតែមានការកម្សាន្តចិត្ត ដោយសារការពិតដែលថា ព្រះយេស៊ូវបានយាងឡើងស្ថានសួគ៌វិញ មានភាពច្បាស់លាស់ ហើយមិនធ្វើឲ្យយើងច្រឡំ ។ បើការបង្ហាញអង្គទ្រង់ បន្ទាប់ពីការមានព្រះជន្មឡើងវិញ កាន់តែតិចៗទៅ រហូតដល់ពេលដែលព្រះអង្គលែងបង្ហាញអង្គទ្រង់ គ្មាននរណាអាចយល់ច្បាស់ថា មានអ្វីកើតឡើងចំពោះព្រះអង្គទេ ។ ការភាន់ច្រឡំ ភាពច្របូកច្របល់ និងការមិនស្រុះស្រួលគ្នាមុខជានឹងកើតមាន ក្នុងចំណោមសិស្សទ្រង់មិនខាន ។ ប៉ុន្តែ ផ្ទុយទៅវិញ ព្រះគម្ពីរបានចែងថា មានមនុស្សជាច្រើនបានឃើញព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ នៅចំពោះមុខពួកសាវ័ក ដោយមិនបានទុកឲ្យនរណាម្នាក់មានការសង្ស័យថា ព្រះអង្គបានសម្រេចគោលបំណងទ្រង់ឬអត់នោះទេ ។
កាលព្រះយេស៊ូវយាងចេញពីពួកគេ ព្រះអង្គលើកព្រះហស្ត ប្រទានពរដល់គេ ។ អ្នកជឿសម័យដើមទាំងនេះ អាចយល់អំពីកាយវិការនេះ តាមរបៀបដែលមនុស្សភាគច្រើនមិនបានយល់ ក្នុងពេលសព្វថ្ងៃ ។ នៅសម័យនោះ មនុស្សដែលមានឋានៈ និងជាឥស្សរជនមានប្រពៃណី ដើរចេញតាមទ្វារ ដោយជូនពរដល់អ្នកដែលស្ថិតក្រោមការឃុំគ្រងរបស់ខ្លួន ។ ពួកសាវ័ករបស់ព្រះយេស៊ូវប្រាកដជាដឹងថា កាយវិការរបស់ព្រះអង្គដែលពួកគេបានឃើញជាចុងក្រោយ ពិតជាមានន័យណាស់ ហើយក៏ជាការធានាដ៏ជ្រាលជ្រៅផងដែរ ។ ព្រះកាយរបស់ព្រះអង្គមិននៅជាមួយពួកគេទៀត ប៉ុន្តែ ព្រះពររបស់ព្រះអង្គនៅជាប់ជាមួយពួកគេ ។ ពួកគេជាសាវ័ករបស់ព្រះអង្គ ស្ថិតក្រោយការថែរក្សារបស់ព្រះអង្គ ទោះព្រះអង្គបានយាងត្រឡប់ទៅគ្រងរាជពីស្ថានសួគ៌ក៏ដោយ ។
យើងមានព្រះអម្ចាស់ដ៏ធំប្រសើរ ដែលបានលើកព្រះហស្តឡើង ឲ្យគេដុំដែកគោលជាប់នឹងឈើឆ្កាង ហើយឥឡូវនេះ ព្រះអង្គលើកព្រះហស្តដដែលនោះ ដើម្បីប្រទានពរអ្នកដើរតាមទ្រង់ ។ ព្រះយេស៊ូវសព្វព្រះទ័យនឹងប្រទានពរយើង លើសពីលទ្ធភាពដែលយើងអាចចំណាយពេលទូលសូមព្រះពរពីព្រះអង្គទៅទៀត ។ ព្រះអង្គចូលចិត្តប្រទានព្រះពរ ។ តើអ្នកមានការយល់ឃើញអំពីព្រះគ្រីស្ទយ៉ាងដូចនេះទេ គឺយល់ឃើញថា ព្រះអង្គលើកព្រះហស្តឡើងប្រទានពរមកលើជីវិតអ្នក ? អ្នកអាច ហើយក៏គួរតែយល់ឃើញដូចនេះ!
ខគម្ពីរជញ្ជឹងគិត៖ ជនគណនា ៦:២៤-២៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ហាបាគុក និង កូល៉ុស ៣