
ចិត្តដែលព្រះទ្រង់ទទួលយក
ដោយAlistair Begg
November 6, 2026
«នោះដាវីឌក៏តើនពីដីឡើង ទៅស្រង់ទឹក ព្រមទាំងប្រោះទឹកអប់ ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះយេហូវ៉ាក្រោយមក»។ ២សាំយ៉ូអែល ១២:២០
នៅពេលដែលបុត្រតូចរបស់ស្តេចដាវីឌ ដែលបានប្រសូតពីការផិតក្បត់ជាមួយនាងបាតសេបា មានជំងឺជាទម្ងន់ ភាពឆេះឆួលខាងវិញ្ញាណបានកើតមានឡើងវិញ នៅក្នុងព្រះទ័យទ្រង់ ។ ស្តេចដាវីឌក៏បានចាប់ផ្តើមស្វែងរកបំណងព្រះទ័យព្រះ ហើយទ្រង់អធិស្ឋានអស់ពីព្រះទ័យ ដោយការឈឺចាប់បំផុត សូមឲ្យព្រះទ្រង់ទុកជីវិតឲ្យបុត្រទ្រង់ ។ ទ្រង់មិនព្រមសោយអាហារ ហើយឈប់រស់នៅ តាមធម្មតា ខណៈពេលដែលព្រះជន្មរបស់បុត្រទ្រង់ហៀបនឹងអស់ព្រះជន្ម ។
មុននោះ ស្តេចដាវីឌបានព្យាយាមលាក់បាំងបាបរបស់ទ្រង់ ដោយព្យាយាមធ្វើឲ្យលោក អ៊ូរី ជាប្តីនាង ជឿថា កូននោះជាកូនរបស់គាត់ ខណៈពេលដែលគាត់មិនទាន់មានការសង្ស័យ ។ ប៉ុន្តែ នៅពេលដែលព្រះទ្រង់ប្រឈមមុខដាក់ស្តេចដាវីឌ ដោយសេចក្តីមេត្តា ឥរិយាបថរបស់ស្តេចដាវីឌក៏បានផ្លាស់ប្តូរទាំងស្រុង ។ ស្តេចដាវីឌបានស្វែងរកព្រះ ព្រោះព្រះទ្រង់បានស្វែងរកស្តេចដាវីឌ ហើយបន្ទន់ព្រះទ័យស្តេចដាវីឌ ។ ការផ្លាស់ប្តូរនេះអាចកើតមាន ដោយសារតែព្រះទ្រង់ធ្វើការក្នុងព្រះទ័យស្តេចដាវីឌប៉ុណ្ណោះ ។
បន្ទាប់មក ទ្រង់ក៏បានទទួលដំណឹងដ៏តក់ស្លុត ។ កូននោះក៏បានស្លាប់ ។ ទេវវិទូឈ្មោះ អេឡិច ម៉ូតយើរ (Alec Motyer) បានប្រៀបធៀបការប្រែចិត្តនោះ ទៅនឹងការប្រមូលថ្ម ដែលគេបានបោះចូលទៅក្នុងស្រះ ។ អ្នកអាចយកថ្មចេញពីស្រះ តែរលកនៅលើផ្ទៃទឹកនៅតែបន្តពង្រីកខ្លួន ។85 ស្តេចដាវីឌបានប្រែចិត្តចេញពីការរំលោភអំណាច និងការផិតក្បត់ ហើយព្រះទ្រង់ទទួលទទួលយកការប្រែចិត្តរបស់ស្តេចដាវីឌ ដោយសេចក្តីមេត្តា ។ ប៉ុន្តែ ព្រះទ្រង់មិនបញ្ឈប់រលកទឹកនោះទេ ។
ព្រះអង្គនៅតែអាចប្រើសោកនាដកម្មនេះ ដើម្បីកែប្រែស្តេចដាវីឌទៅជាបុរស ដែលព្រះអង្គសព្វព្រះទ័យ ។ ស្តេចដាវីឌបានឆ្លើយតប តាមរបៀបចម្លែក ដែលគេមិននឹកស្មានដល់ ដោយទ្រង់ក្រោកឡើង លាងសម្អាតព្រះកាយទ្រង់ ហើយយាងចូលក្នុងដំណាក់ព្រះអម្ចាស់ ។ អ្នកដែលបានគេចមុខពីព្រះអម្ចាស់ ឥឡូវនេះ បានយាងទៅជួបព្រះអង្គ ។ ការសុគតដ៏សោកសៅរបស់បុត្រស្តេចដាវីឌ មិនបានធ្វើឲ្យទ្រង់ដាច់ចេញពីព្រះអម្ចាស់ទេ ។ ទេ វាបាននាំទ្រង់ចូលទៅក្នុងទំនាក់ទំនងជាមួយព្រះអង្គ កាន់តែជ្រាលជ្រៅ ។
នៅពេលទ្រង់ចូលទៅក្នុងដំណាក់ព្រះអម្ចាស់ ទ្រង់ចាំបាច់ត្រូវនាំកូនចៀមដែលគ្រប់លក្ខណៈថ្វាយជាយញ្ញបូជា ។ ប៉ុន្តែ ទ្រង់មិនបាននាំយកតែប៉ុណ្ណេះទេ ។ ទ្រង់ក៏បានប្រទានដង្វាយតែមួយដែលប្រេះបែក ដែលព្រះទ្រង់ព្រមទទួលយក ក្នុងដំណាក់ទ្រង់ គឺដូចដែលក្រោយមក ទ្រង់បានសរសេរថា «ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអង្គអើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ» (ទំនុកដំកើង ៥១:១៧)។
ព្រះទ្រង់មិនបានទុកឲ្យស្តេចដាវីឌលាក់បាំងបាបខ្លួនឯង ហើយព្រះអង្គក៏មិនបានទុកឲ្យស្តេចអង្គនេះ ប្រឈមមុខដាក់ផលវិបាករបស់បាបទ្រង់ តែម្នាក់ឯងដែរ ។ ទ្រង់នឹងប្រើដំណោះស្រាយដ៏ធ្ងន់ធ្ងរ ដើម្បីនាំអ្នកវិលត្រឡប់មកវិញ ពេលណាអ្នកវង្វេងចេញពីព្រះអង្គ ។ ព្រះអង្គសព្វព្រះទ័យឲ្យអ្នកមានចិត្តដែលប្រេះបែក និងភ្ញាក់ខ្លួន ចូលមកនៅចំពោះទ្រង់ ។ ពេលណាព្រះអង្គឲ្យអ្នកប្រឈមមុខដាក់បាបរបស់អ្នក ឬឲ្យអ្នកជួបការឈឺចាប់ ឬមិនប្រទានអ្វីដែលអ្នកចង់បាន ចូរកុំសន្និដ្ឋានថា ព្រះអង្គមិនស្រឡាញ់អ្នកនោះឡើយ ។ មូលហេតុគឺដោយសារព្រះអង្គកំពុងនាំអ្នកចូលមកជិតព្រះអង្គ ដោយព្រះគុណទ្រង់ ។
ខគម្ពីរជញ្ជឹងគិត៖ ២សាំយ៉ូអែល ១២:១-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សេផានា និង កូល៉ុស ៤