
អរសប្បាយនឹងបំណងព្រះទ័យព្រះអម្ចាស់
ដោយAlistair Begg
November 7, 2026
«មើល ព្រះអម្ចាស់មានបន្ទូលថា នឹងមានថ្ងៃមក ដែលអញនឹងតាំងសញ្ញាថ្មីដល់វង្សានុវង្សនៃពួកអ៊ីស្រាអែល នឹងពួកយូដា មិនមែនតាមសេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកឰយុកោគេនៅថ្ងៃដែលអញបានចាប់ដៃ នាំគេចេញពីស្រុកអេស៊ីព្ទនោះទេ»។ ហេព្រើរ ៨:៨-៩
ពេលណារាស្រ្តរបស់ព្រះមិនអាចឡើងទៅដល់ស្តង់ដាររបស់ព្រះអង្គ ព្រះអង្គមិនដែលបន្ទាបស្តង់ដារនោះឲ្យត្រូវនឹងសមត្ថភាពរបស់ពួកគេនោះទេ ។ ផ្ទុយទៅវិញ ព្រះអង្គប្ដេជ្ញាព្រះទ័យថា នឹងកែប្រែពួកគេ តាមរយៈអង្គព្រះយេស៊ូវ ជាព្រះរាជបុត្រាទ្រង់ និងតាមរយៈកិច្ចការរបស់ទ្រង់ ។
យោងតាមការអនុវត្តន៍នៅគ្រាសញ្ញាចាស់ សម្តេចសង្ឃនីមួយៗត្រូវបានគេតែងតាំង ឲ្យថ្វាយដង្វាយ និងយញ្ញបូជា ជំនួសពួកបណ្តាជន ។ ទោះជាយ៉ាងណាក៏ដោយ កាលព្រះយេស៊ូវយាងមក ដើម្បីសម្រេចតួនាទីរបស់សម្តេចសង្ឃដ៏ធំបំផុត ព្រះអង្គក៏បាននាំមកនូវសេចក្តីសញ្ញាថ្មី និងល្អឥតខ្ចោះ ដោយថ្វាយអង្គទ្រង់ ជាដង្វាយលោះបាបចុងក្រោយ ។ តាមរយៈការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ ព្រះអង្គបានតាំងសញ្ញាថ្មីដ៏ស្ថិតស្ថេរ គឺសេចក្តីសញ្ញាដែលហោរាយេរេមា បានទន្ទឹងរង់ចាំក្នុងការថ្លែងទំនាយ (យេរេមា ៣១:៣១-៣២) ជាសេចក្តីសញ្ញាដែលកែប្រែចិត្តរបស់មនុស្សដែលបានតាំងសញ្ញាជាមួយព្រះអង្គ ។ ប៉ុន្តែ ការផ្លាស់ប្រែនេះកើតឡើង ដោយរបៀបណា ?
បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានយាងឡើងស្ថានសួគ៌ ហើយគង់នៅ «ខាងស្ដាំបល្ល័ង្កនៃឫទ្ធានុភាពនៅស្ថានសួគ៌» (ហេព្រើរ ៨:១)។ ការនេះមិនគ្រាន់តែជាសញ្ញាបញ្ជាក់ថា ព្រះរាជកិច្ចរបស់ព្រះអង្គបានបញ្ចប់ តែក៏នាំមកនូវការយាងមកនៃព្រះវិញ្ញាណបរិសុទ្ធ ។ មុនពេលព្រះអង្គសុគត និងមានព្រះជន្មរស់ឡើងវិញ ព្រះអង្គមានបន្ទូលទៅកាន់ពួកសាវ័ក ក្នុងន័យថា ព្រះអង្គចាំបាច់ត្រូវយាងត្រឡប់ទៅវិញ ។ បើព្រះអង្គគង់នៅផែនដី ព្រះអង្គគ្រាន់តែបានគង់នៅផែនដី ក្នុងព្រះកាយ និងទីកន្លែងណាមួយ ។ ប៉ុន្តែ នៅពេលដែលព្រះអង្គយាងទៅ ព្រះអង្គចាត់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងភាពពេញលេញរបស់ទ្រង់ ព្រះអង្គមិនគ្រាន់តែគង់នៅជាមួយពួកគេ តែព្រះអង្គនឹងគង់នៅក្នុងពួកគេ ទោះពួកគេនៅទីណាក៏ដោយ ។ ហើយព្រះអង្គនឹងយកអ្វីដែលជាកម្មសិទ្ធិទ្រង់ ហើយធ្វើឲ្យមានតម្លៃចំពោះពួកគេ ។
ព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីកែប្រែចិត្តយើងជាថ្មី ដើម្បីឲ្យក្រឹត្យវិន័យរបស់ព្រះបានកត់ទុកក្នុងចិត្តយើង និងដើម្បីឲ្យយើងមានអំណរ ក្នុងការធ្វើតាមបំណងព្រះទ័យទ្រង់ (យេរេមា ៣១:៣៣)។ កាលពីមុន យើងមិនចូលចិត្តដើរតាមផ្លូវរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គគ្រាន់តែបើកបង្ហាញកំហុសយើង ។ តែសព្វថ្ងៃ យើងអរសប្បាយក្នុងបំណងព្រះទ័យទ្រង់ ហើយឱបក្រសោបក្រឹត្យវិន័យទ្រង់ ដោយអំណរ ។ យើងមានចិត្តរីករាយ ចំពោះការរស់នៅក្នុងសេចក្តីបរិសុទ្ធ ភាពពេញលេញ និងសេចក្តីស្មោះត្រង់ ។ សេចក្តីសញ្ញាថ្មីក៏បានជួយឲ្យយើងអាចស្គាល់ព្រះ តាមរយៈព្រះបន្ទូលទ្រង់ ។ ការយល់ដឹងរបស់យើងអំពីព្រះ មិនកើតចេញជាបឋម តាមរយៈការធ្វើពិធីបុណ្យ ឬពួកសង្ឃគ្រប់ជាន់ថ្នាក់ ឬក៏គ្រូបង្រៀន និងគ្រូគង្វាលនោះទេ ។ ផ្ទុយទៅវិញ យើងម្នាក់ៗ រាប់ចាប់តាំងពីអ្នកតូចបំផុតដល់អ្នកធំបំផុត សុទ្ធតែអាចស្គាល់ព្រះ (ហេព្រើរ ៨:១១)។ ពេលណាយើងស្គាល់ព្រះ ដោយផ្ទាល់ខ្លួន និងដោយភាពជិតស្និទ្ធ យើងមានការធានាថា ព្រះអង្គបានអត់ទោសឲ្យយើង ហើយពេលណាយើងបានឃើញព្រះគ្រីស្ទដោយផ្ទាល់ខ្លួន និងដោយភាពជិតស្និទ្ធក្នុងព្រះបន្ទូល យើងក៏បានផ្លាស់ប្រែ ដោយព្រះវិញ្ញាណ ឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គ (២កូរិនថូស ៣:១៨)។
នេះជាភាពអស្ចារ្យនៃការអ្វីដែលព្រះយេស៊ូវបានធ្វើ ក្នុងនាមជាសម្តេចសង្ឃដ៏ធំបំផុតរបស់យើង ។ ព្រះអង្គបានធានានូវការអត់ទោសបាប ហើយបានចាត់ព្រះវិញ្ញាណបរិសុទ្ធឲ្យយាងចុះមក ។ តើអ្នកមានការពិបាកក្នុងការស្តាប់បង្គាប់ព្រះយ៉ាងណាខ្លះ ឬអ្នកពិតជាចង់ស្តាប់បង្គាប់ព្រះអង្គឬទេ ? ចូរទូលសូមព្រះអង្គឲ្យធ្វើការតាមរយៈអ្នក ដោយព្រះវិញ្ញាណទ្រង់ ដើម្បីកែប្រែទស្សនៈដែលអ្នកមានចំពោះក្រឹត្យវិន័យទ្រង់ និងដើម្បីជួយអ្នកឲ្យអាចស្តាប់បង្គាប់តាមក្រឹត្យវិន័យទ្រង់ ។ ចំពោះការអ្វីដែលអ្នកមិនអាចធ្វើដោយខ្លួនឯងបាន អ្នកអាចធ្វើបាន ពេលណាអ្នកដើរតាមគន្លងទ្រង់ ។
ខគម្ពីរជញ្ជឹងគិត៖ យ៉ូហាន ១៦:៥-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អែសរ៉ា ១-២ និង ២ធីម៉ូថេ ១