
ព្រះគ្រីស្ទស្គាល់ការដែលយើងធ្វើ
ដោយAlistair Begg
November 12, 2026
«ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងអេភេសូរថា ព្រះអង្គដែលកាន់ផ្កាយទាំង៧នៅព្រះហស្តស្ដាំ ហើយយាងនៅកណ្ដាលជើងចង្កៀងមាសទាំង៧នោះ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា អញស្គាល់អស់ទាំងការដែលឯងធ្វើ»។ វិវរណៈ ២:១-២
ព្រះយេស៊ូវស្គាល់អ្នក ។
សំបុត្រដែលសាវ័កប៉ុលសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងអេភេសូរ គឺជាសំបុត្រទីមួយ ក្នុងចំណោមសំបុត្រទាំង៧របស់ព្រះគ្រីស្ទ ទៅកាន់ពួកជំនុំនៅសតវត្សរ៍ទី១ ក្នុងបទគម្ពីរវិវរណៈ ២-៣ ហើយសំបុត្រនីមួយៗ ចាប់ផ្តើមដោយពាក្យ «អញស្គាល់» គឺមានន័យថា ព្រះយេស៊ូវជ្រាប និងយល់កាលៈទេសៈរបស់ពួកជំនុំដំបូងទាំងអស់នេះ ។ ព្រះអង្គជ្រាប និងយកព្រះទ័យទុកដាក់ ចំពោះភាពជោគជ័យ និងការតស៊ូ ព្រមទាំងទុក្ខលំបាក និងសេចក្តីវេទនារបស់ពួកគេ ហើយព្រះអង្គក៏បានសរសេរសំបុត្រផ្ញើទៅពួកជំនុំនីមួយៗយ៉ាងជាក់លាក់ អំពីបរិបទ ដែលពួកគេកំពុងស្ថិតនៅក្នុង (វិវរណៈ ២:៩,១៣,១៩; ៣:១,៨,១៥)។
ចូរយើងឈប់បង្អង់មួយភ្លែត ហើយគិតអំពីអត្ថន័យរបស់ឃ្លាដែលថា «អញស្គាល់អស់ទាំងការដែលឯងធ្វើ»។ តើនរណាស្គាល់អ្នក ? ប្រហែលជាអ្នកគិតថា ប្តីប្រពន្ធ កូនៗ ឬចៅហ្វាយនាយរបស់អ្នកស្គាល់អ្នកហើយ ។ ប៉ុន្តែ «ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះ» (១កូរិនថូស ២:១១)។ អ្នកដែលពិតជាស្គាល់នោះ គឺជាអ្នកដែលបានសរសេរសំបុត្រនេះ តាមរយៈសាវ័កយ៉ូហាន ។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានយល់អំពីរឿងនេះ បានជាគាត់ពោលដោយចិត្តស្ញប់ស្ញែងថា :
ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ។
ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ នឹងការដែលទូលបង្គំក្រោកឡើងផង
ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ ... ដ្បិត ឱព្រះយេហូវ៉ាអើយ
ពាក្យសំដីមិនទាន់មាននៅអណ្ដាតទូលបង្គំនៅឡើយ
នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ ... ដ្បិត ឱព្រះយេហូវ៉ាអើយ
ពាក្យសំដីមិនទាន់មាននៅអណ្ដាតទូលបង្គំនៅឡើយ
នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ ... ការដឹងច្បាស់យ៉ាងនេះ
ក៏អស្ចារ្យហួសល្បត់ទូលបង្គំ ហើយខ្ពស់ដល់ម្ល៉េះ
បានជាទូលបង្គំឈោងមិនដល់សោះ (ទំនុកដំកើង ១៣៩:១-២,៤,៦)។
សំបុត្រដំបូងរបស់ព្រះគ្រីស្ទ ទៅកាន់ពួកជំនុំនៅសតវត្សរ៍ទី១ មានលក្ខណៈប្រវត្តិសាស្រ្ត ដែលបានសរសេរសម្រាប់ពួកជំនុំពិត នៅកន្លែងពិត ដែលមានបុរសស្ត្រី និងគ្រួសារពិត ក្នុងពេលដ៏ជាក់លាក់ ។ ប៉ុន្តែ បញ្ហាដែលព្រះអម្ចាស់បានលើកឡើងយ៉ាងជាក់លាក់ ក្នុងសំបុត្រនោះ បានកើតឡើងគ្រប់សម័យកាល ដែលមានដូចជា បញ្ហាដែលអ្នកជឿអរសប្បាយនឹងភាពជោគជ័យរបស់ខ្លួន ឬប្រឈមមុខដាក់បរាជ័យ ក្នុងដំណើរជីវិតជាគ្រីស្ទបរិស័ទ ហើយអ្នកជឿមានការចាប់ផ្តើមល្អ តែបានរអិលជើងចូលទៅក្នុងភាពខ្ជិលច្រអូសខាងវិញ្ញាណ ដោយពួកជំនុំដែលធ្លាប់តែសកម្ម និងប្ដេជ្ញាចំពោះព្រះគ្រីស្ទ និងរាស្រ្តទ្រង់ បានក្លាយជាភ្លេចខ្លួន ដោយសារសុខស្រួលពេក គឺជាបញ្ហាគួរឲ្យខ្លាច ។ បញ្ហាជាក់លាក់ទាំងអស់នេះ មិនមានអ្វីចម្លែកចំពោះយើងទេ ហើយព្រះយេស៊ូវក៏បានជ្រាបដែរ ។
ឃ្លា «អញស្គាល់ការដែលឯងធ្វើ» គឺជាពាក្យពេចន៍ដ៏សាមញ្ញ តែមានភាពអស្ចារ្យនៅត្រង់ថា ឃ្លានេះក៏ជាប់ទាក់ទងនឹងពួកជំនុំរបស់ព្រះ ក្នុងពេលសព្វថ្ងៃ ។ ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ បានទតមើលយើង ហើយមានបន្ទូលថា អញស្គាល់ ។ ដូចនេះ ចូរយើងចូលមករកព្រះយេស៊ូវនៅថ្ងៃនេះ ដោយចិត្តស្មោះត្រង់ និងបើកចំហ ។ ព្រះអង្គបានជ្រាប ហើយតាមរយៈព្រះបន្ទូល ព្រះអង្គសព្វព្រះទ័យនឹងមានបន្ទូលដោយផ្ទាល់ មកកាន់អ្នក អំពីស្ថានភាពរបស់អ្នក ។
ខគម្ពីរជញ្ជឹងគិត៖ ទំនុកដំកើង ១៣៩:១-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ៤-៦ និង លូកា ១:១-២០