
មានក្តីស្រឡាញ់ដើមឡើងវិញ
ដោយAlistair Begg
November 14, 2026
«តែអញប្រកាន់សេចក្ដីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមចេញ ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ ពុំនោះសោត អញនឹងមកឯឯង ហើយនឹងហូតយកជើងចង្កៀងឯងពីកន្លែងចេញ លើកតែឯងប្រែចិត្តឡើងវិញ»។ វិវរណៈ ២:៤-៥
យើងប្រហែលមានអារម្មណ៍សោកសៅណាស់ នៅពេលដែលយើងបានឃើញប្តីប្រពន្ធមានភាពសោះអង្គើយចំពោះគ្នាទៅវិញទៅមក ។ ពួកគេនៅតែរស់នៅជាមួយគ្នា តែភាពឯកោ និងភាពដាច់ដោយឡែកពីគ្នា នៅតែមាន ។ តាមរយៈទឹកមុខរបស់ពួកគេ យើងអាចដឹងថា ទំនាក់ទំនងរបស់ពួកគេមានលក្ខណៈឆ្គង ហើយសោះកក្រោះ ដោយគ្មានក្តីស្រឡាញ់ ។ ភាពរស់រវើក និងភាពស្រស់ស្រាយ ដែលជាសញ្ញាសំគាល់នៃស្នេហាដំបូងរបស់ពួកគេ កំពុងតែបាត់បង់ ពីមួយឆ្នាំទៅមួយឆ្នាំ ។
ពួកជំនុំនៅទីក្រុងអេភេសូរខិតខំធ្វើការបម្រើព្រះ មានគំនិតរឹងមាំ និងនិយាយតែសេចក្តីពិត ហេតុនេះហើយព្រះអម្ចាស់ក៏បានសរសើរពួកគេ (វិវរណៈ ២:២-៣)។ ប៉ុន្តែ ក្នុងការមានបន្ទូលទៅកាន់ពួកគេ ព្រះយេស៊ូវបានបើកបង្ហាញចំណុចខ្សោយរបស់ពួកគេ ត្រង់ចំណុចដែលថា ទោះពួកគេកំពុងព្យាយាមប្រកាន់ខ្ជាប់សេចក្តីពិតក៏ដោយ ក៏ពួកគេបានបោះបង់ចោលសេចក្តីស្រឡាញ់ហើយ ។ គេមានការកាត់ស្រាយ អំពីបញ្ហានេះថា «បើពួកជំនុំនៅទីក្រុងអេភេសូរ បានការពារគោលទ្ធិត្រឹមត្រូវ តែទន្ទឹមនឹងនោះ ពួកគេបានបាត់បង់សេចក្តីស្រឡាញ់ចំពោះព្រះ និងអ្នកដទៃ នោះការបាត់បង់នេះ មានភាពលើសលប់ពេកហើយ ។ ជំនឿលើព្រះគ្រីស្ទ ដែលមិនមានសេចក្តីស្រឡាញ់ ក្លាយជាជំនឿក្លែងក្លាយ»។87
តើពួកគេបានបាត់បង់សេចក្តីស្រឡាញ់ចំពោះព្រះគ្រីស្ទ ចំពោះគ្នាទៅវិញទៅមក ឬចំពោះសហគមន៍ដែលមិនជឿព្រះ នៅជុំវិញពួកគេឬទេ ? គេមិនចាំបាច់ត្រូវឆ្លើយថា ពួកគេបានបាត់បង់សេចក្តីស្រឡាញ់មួយណានោះទេ ។ ព្រោះពេលណាគេបាត់បង់សេចក្តីស្រឡាញ់ចំពោះព្រះគ្រីស្ទ សេចក្តីស្រឡាញ់ផ្សេងទៀតក៏ទទួលផលប៉ះពាល់ផងដែរ ។ សម្រាប់អ្នកដែលមានការប្ដេជ្ញាចិត្តចំពោះភាពស្មោះត្រង់នឹងគោលលទ្ធិ ចូរនឹកចាំថា តម្លៃធំបំផុតរបស់ពួកជំនុំមិនស្ថិតនៅលើកម្មវិធី សមិទ្ធផល កេរ្តិ៍ឈ្មោះ ឬគោលលទ្ធិដើមនោះទេ តែស្ថិតនៅលើសេចក្តីស្រឡាញ់ ។ លោក ថូម៉ាស ឆាលម័រ ជាគ្រីស្ទបរិស័ទព្យួរីធិន (Thomas Chalmers) បានបកស្រាយយ៉ាងក្បោះក្បាយថា ជំនឿលើព្រះគ្រីស្ទ «គឺជាការស្រឡាញ់ព្រះគ្រីស្ទយ៉ាងជ្រាលជ្រៅយ៉ាងខ្លាំង បានជាសេចក្តីស្រឡាញ់ថ្មីនេះរុញច្រានសេចក្តីប៉ងប្រាថ្នាខាងឯបាប ចេញពីចិត្តយើង ខណៈពេលដែលយើងយល់អំពីព្រះគុណដ៏ធំធេង សកម្ម និងពេញដោយក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះយើង»។ បើសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូវចាប់ផ្តើមមានភាពក្រៀមក្រោះ យើងនឹងចាប់ផ្តើមមានបញ្ហាដូចពួកជំនុំនៅទីក្រុងអេភេសូរយ៉ាងខ្លាំង ដែលមានលក្ខណៈគួរស្ងើចតែសម្បកក្រៅ តែគ្មានសេចក្តីស្រឡាញ់ នៅខាងក្នុង ។ ហើយព្រះយេស៊ូវបានដាស់តឿនថា រឿងនេះមិនមែនជាបញ្ហាតូចឡើយ ព្រោះការដកជើងចង្កៀងរបស់ពួកជំនុំនៅទីក្រុងអេភេសូរ គឺជាការដកការទទួលស្គាល់ពួកគេ ជាពួកជំនុំ និងរាស្រ្តរបស់ព្រះអង្គ ។ តាមពិត ពួកជំនុំដែលគ្មានក្តីស្រឡាញ់ មិនមែនជាពួកជំនុំសោះឡើយ ។
អ្នកប្រហែលជាដឹងថា អ្នកមិនស្រឡាញ់ព្រះ ដូចកាលពីមុនទេ ។ បញ្ហានេះអាចជ្រៀតចូលជីវិតយើងយ៉ាងងាយ ដោយធ្វើឲ្យចិត្តយើងបើកចំហ និងបន្ទាបចុះ ហើយការអធិស្ឋានរបស់យើងក៏សោះកក្រោះ ។ តើយើងត្រូវធ្វើដូចម្តេច ? ព្រះយេស៊ូវមានបន្ទូលថា ដើម្បីដោះស្រាយបញ្ហានេះ ទីមួយ ពួកគេត្រូវ «នឹកចាំ»។ យើងចាំបាច់ត្រូវនឹកចាំថា ព្រះយេស៊ូវមានលក្ខណៈដូចម្តេចខ្លះបានជាយើងស្រឡាញ់ព្រះអង្គពីដំបូង ហើយបន្ទាប់មក ចូរប្រើការនឹកចាំនេះជាការជំរុញចិត្តយើងបន្តស្រឡាញ់ព្រះអង្គទៀត ។ យើងចាំបាច់ត្រូវមានការប្ដេជ្ញាចិត្តឡើងវិញ ចំពោះអ្វីដែលយើងបានធ្វើពីដំបូង ដែលមានន័យថា យើងត្រូវវិលត្រលប់ទៅមូលដ្ឋានគ្រឹះវិញ ។ និយាយឲ្យខ្លី យើងចាំបាច់ត្រូវមើលទៅព្រះយេស៊ូវសារជាថ្មី ដោយបង្វែរភ្នែកយើងចេញពីអ្វីដែលយើងកំពុងធ្វើ ដូចជាកម្មវិធី ការប្រឹងប្រែង ឬការងារបម្រើព្រះ ហើយងាកទៅរកសេចក្តីល្អ និងសេចក្តីស្រឡាញ់របស់ព្រះដែលបានសុគតជំនួសយើង និងគង់នៅក្នុងយើង ។ សេចក្តីស្រឡាញ់មានភាពឆេះឆួលឡើងវិញ នៅពេលដែលយើងមើលទៅព្រះដែលគួរឲ្យស្រឡាញ់ ។ ដូចនេះ បើសិនជាសេចក្តីស្រឡាញ់របស់អ្នកប្រែជាសោះកក្រោះ ចូរមើលព្រះយេស៊ូវ ដូចដែលព្រះអង្គបានបង្ហាញអង្គទ្រង់ក្នុងព្រះបន្ទូល ហើយក្តីអំណរ និងភាពឆេះឆួលប្រាកដជាត្រឡប់មកវិញ ។
ខគម្ពីរជញ្ជឹងគិត៖ ហេព្រើរ ១:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ១០-១២ និង លូកា ១:៣៩-៥៦