
ព្រះគ្រីស្ទឃុំគ្រងយើងជាប់
ដោយAlistair Begg
November 15, 2026
«ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងស្មឺន៉ាថា ព្រះដ៏ជាដើម ហើយជាចុង ដែលបានសុគត រួចមានព្រះជន្មរស់ឡើងវិញ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា អញស្គាល់សេចក្ដីទុក្ខលំបាក នឹងសេចក្ដីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ ក៏ស្គាល់សេចក្ដីប្រមាថរបស់ពួកអ្នក ដែលហៅខ្លួនជាសាសន៍យូដាដែរ តែគេមិនមែនសាសន៍យូដាទេ គឺជាពួកជំនុំរបស់អារក្សសាតាំងវិញ កុំឲ្យឯងខ្លាចសេចក្ដីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង»។ វិវរណៈ ២:៨-១០
ព្រះយេស៊ូវជាដើម ហើយជាចុង ជាព្រះដែលមានតាំងពីអស់កល្បជានិច្ច ដល់អស់កល្បជានិច្ច ។ នគរនៅផែនដីលេចឡើង ហើយដួលរលំទៅវិញ ហើយរាជវង្សទាំងឡាយក៏រលំរលាយ តែព្រះអម្ចាស់យេស៊ូវ មិនមានដើមកំណើត ហើយក៏គ្មានទីបញ្ចប់ដែរ ដ្បិតសូម្បីតែសេចក្តីស្លាប់ក៏មិនអាចចាប់ព្រះអង្គជាប់ដែរ ។ ព្រះអង្គបានយាងពីមុខយើង ហើយនឹងបន្តយាងពីក្រោយយើងទៀត។
ពួកជំនុំនៅទីក្រុងស្មឺន៉ាដែលកំពុងជួបទុក្ខលំបាក ចាំបាច់ត្រូវស្តាប់ការពិពណ៌នាអំពីព្រះអម្ចាស់របស់ពួកគេ ដើម្បីឲ្យពួកគេអាចនឹកចាំ និងទទួលការលើកទឹកចិត្ត ពីការពិពណ៌នានោះ ។ នៅចំពោះមុខនៃទុក្ខវេទនា ហើយថែមទាំងសេចក្តីស្លាប់ផង ពួកគេមិនបានគិតថា ខ្លួនមានភាពជោគជ័យនោះទេ ។ ប៉ុន្តែ ពួកគេដឹងថា ព្រះអង្គគឺជាព្រះអង្គសង្គ្រោះ និងជាមិត្តសំឡាញ់ ដែលយាងទៅជាមួយពួកគេ បានជាពួកគេអាចប្រឈមមុខដាក់បញ្ហាប្រឈមទាំងនោះបាន ។
លោកគ្រូ ប៉ូលីខាប (Polycarp) មានទីលំនៅក្នុងទីក្រុងស្មឺន៉ា កាលគាត់បានក្លាយជាអ្នកស្លាប់ ដោយសារជំនឿដ៏ល្បីល្បាញបំផុត ក្នុងនាមគាត់ជាអ្នកដឹកនាំពួកជំនុំម្នាក់ ដែលត្រូវគេចាប់ចងដុតទាំងរស់នៅលើឆាក ក្នុងអំឡុងឆ្នាំ១៥៥នៃគ្រីស្ទសករាជ ។ លោកគ្រូ ប៉ូលីខាប ប្រហែលមិនទាន់មានមុខងារជាអ្នកដឹកនាំពួកជំនុំ កាលពួកគេទទួលសំបុត្រពីសាវ័កយ៉ូហាននោះទេ តែគាត់អាចស្តាប់គេអានសំបុត្រនោះ ក្នុងវ័យក្មេង ។ យ៉ាងហោចណាស់ គាត់ពិតជាបានស្តាប់ព្រះបន្ទូលដែលគេបានអាននោះ ហើយយល់ច្បាស់ ខណៈពេលដែលគាត់ចម្រើនឡើងក្នុងសេចក្តីជំនឿ ។ យើងឃើញថា ព្រះបន្ទូលមានឥទ្ធិពលយ៉ាងណាមកលើគាត់ កាលគាត់ត្រូវគេបង្ខំឲ្យបោះបង់ចោលជំនឿលើព្រះគ្រីស្ទ ដើម្បីរក្សាជីវិតខ្លួនឯង ។ ជាជាងប្រកាសឈប់ជឿព្រះអង្គ លោកគ្រូ ប៉ូលីខាបក៏បានឆ្លើយតបទៅគេវិញថា «ខ្ញុំបានបម្រើព្រះអង្គ៨៦ឆ្នាំហើយ ហើយព្រះអង្គមិនដែលធ្វើខុសមកលើខ្ញុំម្តងណាទេ ។ រឿងអីដែលខ្ញុំអាចពោលពាក្យប្រមាថព្រះ ដែលជាក្សត្រ និងព្រះអង្គសង្គ្រោះរបស់ខ្ញុំបាន ?» 88
យើងជួបការល្បួងឲ្យសម្របខ្លួននឹងវប្បធម៌នៅជុំវិញយើងបានល្អណាស់ បានជាយើងមិនដែលជួបការទាស់ប្រឆាំង និងការបៀតបៀន ព្រោះយើងមិនមានអ្វីខុសពីគេ ហើយមិនផ្តល់ឲ្យបញ្ហាប្រឈមដល់គេ ។ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវមិនបានប្រាប់យើង ឲ្យជៀសវាងទុក្ខលំបាក ក្នុងបុព្វហេតុរបស់ព្រះអង្គទេ តែព្រះអង្គប្រាប់យើងមិនឲ្យភ័យខ្លាចទុក្ខលំបាកទាំងនោះ ។ បើយើងត្រៀមខ្លួនដើម្បីប្រកាន់គោលជំហររឹងមាំ ក្នុងជំនឿលើព្រះគ្រីស្ទ និងប្រកាន់ខ្ជាប់នូវសេចក្តីបរិសុទ្ធ ធ្វើជាគំរូក្នុងការដើរតាមព្រះគ្រីស្ទ ព្រមទាំងប្រកាន់ខ្ជាប់តាមភាពគ្រប់គ្រាន់ និងអំណាចនៃព្រះបន្ទូលព្រះគ្រីស្ទ នោះយើងចាំបាច់ត្រូវនឹកចាំព្រះបន្ទូលព្រះគ្រីស្ទ ដែលបានបង្គាប់យើងថា «កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ» (ម៉ាថាយ ១០:២៨)។ ព្រះអង្គក៏ត្រាស់ហៅអ្នក ដូចពួកជំនុំនៅទីក្រុងស្មឺន៉ាផងដែរ គឺឲ្យមានចិត្តស្មោះត្រង់ដល់ទីបញ្ចប់ ទោះត្រូវលះបង់អ្វីក៏ដោយ ។ ព្រះគ្រីស្ទបានឃុំគ្រងអ្នក ហើយព្រះអង្គជាព្រះពិត មានព្រះជន្មរស់ តែងតែធ្វើការ និងប្តូរផ្តាច់ចំពោះនគរទ្រង់ និងរាស្រ្តទ្រង់ ដូចនៅសម័យលោកគ្រូ ប៉ូលីខាប ។ តើអ្នកនឹងប្រកាន់គោលជំហរដូចម្តេចខ្លះ ដើម្បីព្រះអង្គនៅថ្ងៃនេះ ?
ខគម្ពីរជញ្ជឹងគិត៖ វិវរណៈ ២:៨-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ១៣-១៥ និង លូកា ១:៥៧-៨០