
បញ្ហានៅខាងក្នុង
ដោយAlistair Begg
November 17, 2026
«អញប្រកាន់សេចក្ដីខ្លះនេះនឹងឯង ពីព្រោះនៅទីនោះ ឯងមានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខពួកជនជាតិអ៊ីស្រាអែល ដើម្បីនឹងនាំឲ្យគេបរិភោគដង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសេចក្ដីកំផិតផង»។ វិវរណៈ ២:១៤
សម្ពាធពីខាងក្រៅ ដែលបង្ខំឲ្យយើងសម្របខ្លួននឹងលោកិយ មិនគ្រាន់តែមានគ្រោះថ្នាក់ចំពោះសេចក្តីជំនឿរបស់យើងប៉ុណ្ណោះទេ ។
ពួកជំនុំនៅទីក្រុងពើកាម៉ុសបានប្រឆាំងនឹងការល្បួងរបស់សាតាំង និងលទ្ធិពហុនិយមយ៉ាងជោគជ័យ (វិវរណៈ ២:១៣)។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបរាជ័យ ក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុង ។ ទោះអ្នកខ្លះមានចិត្តស្មោះស្ម័គ្រចំពោះព្រះ ក៏មានអ្នកជឿខ្លះបានប្រព្រឹត្តបាប ដោយទ្រាំទ្រការបង្រៀនខុសឆ្គង ដែលរាប់បញ្ចូលការថ្វាយបង្គំរូបព្រះ ជាមួយអំពើអសីលធម៌ផ្លូវភេទ ។ ការលើកឡើងអំពី «សេចក្ដីបង្រៀនរបស់បាឡាម» ក្នុងបទគម្ពីរនេះ មិនបានសំដៅទៅលើសៀវភៅ ឬគោលលទ្ធិណាមួយទេ ។ តែនេះជាការក្រើនរំឭក អំពីសកម្មភាពរបស់បាឡាម ជាហោរាក្លែងក្លាយ ក្នុងគ្រាសញ្ញាចាស់ ។ គាត់បានបង្រៀនស្ត្រីសាសន៍ម៉ាឌាន ឲ្យទៅល្បួងពួកអ៊ីស្រាអែល ហើយក៏បានចូលទៅក្នុងចំណោមពួកគេ ព្រមទាំងនាំសេចក្តីហិនវិនាសមកលើរាស្រ្តរបស់ព្រះ (ជនគណនា ៣១:១៦)។ គេបានកត់សំគាល់ថា គំនិតដ៏ពិសពុលរបស់បាឡាម បានបំផ្លាញអំណាចរបស់ពួកអ៊ីស្រាអែល ដោយវាយប្រហារដោយផ្ទាល់មកលើក្រមសីលធម៌របស់ពួកគេ ដោយ «ប្រើអាហារ និងស្ត្រីសាសន៍ដទៃ ជាឧបករណ៍ដ៏មានអំណាច ទាស់ប្រឆាំងនឹងភាពតឹងរឹងនៃក្រឹត្យវិន័យរបស់លោក ម៉ូសេ»។89
ដូចនេះ លោក បាឡាម បានធ្វើជាគំរូដំបូងនៃគ្រូបង្រៀនខុសឆ្គង ដែលយកគំរូតាមគាត់ ដោយលើកដំកើងការរស់នៅដែល «ទាស់ប្រឆាំងនឹងក្រឹត្យវិន័យ» ដែលពាក្យនេះជាភាសាក្រិកត្រូវនឹងពាក្យ «Antinomian» ដែលគេប្រើ ដើម្បីពិពណ៌នា អំពីការគិតដោយសេរី គ្មានសីលធម៌ ដោយមិនខ្វល់ថា ព្រះគម្ពីរប៊ីបបាននិយាយអ្វីខ្លះ អំពីសេចក្តីបរិសុទ្ធ ការកោតខ្លាចព្រះអម្ចាស់ ដែលជាដើមចមនៃប្រាជ្ញា (ទំនុកដំកើង ១១១:១០ និង សុភាសិត ១:៧ ៩:១០)។
អ្នកជឿខ្លះនៅក្នុងទីក្រុងពើកាម៉ុស បានទទួលយកការបង្រៀនដូចនោះទាំងស្រុង ខណៈពេលដែលអ្នកដទៃទៀត ក្នុងពួកជំនុំគ្រាន់តែទ្រាំទ្រនឹងការបង្រៀននោះ តែក្នុងការបណ្តែតបណ្តោយនោះ ពួកគេក៏ត្រូវទទួលខុសត្រូវដូចអ្នកផ្សេងផងដែរ ។ លោក ចន ស្តត់ (John Stott) បានសរសេរថា «ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ជាអ្នកគង្វាលធំបំផុតរបស់ហ្វូងចៀមទ្រង់ មានការសោកសង្រេង ដោយសារការវង្វេងរបស់មនុស្សភាគតិចក្នុងពួកជំនុំ ក៏ដូចជាដោយសារការបណ្តែតបណ្តោយរបស់មនុស្សភាគច្រើន»។90 ដោយសារពួកគេមិនបានប្រឆាំងការបង្រៀនខុសឆ្គង ពួកគេក៏បានបណ្តោយឲ្យការបង្រៀននោះរីករាលដាល នាំឲ្យរាស្រ្តរបស់ព្រះរងគ្រោះធ្ងន់ធ្ងរ ។ ហេតុនេះហើយ ទោះពួកគេភាគច្រើនត្រូវព្រះយេស៊ូវសរសើរ ដោយសារបានប្រកាន់ខ្ជាប់សេចក្តីជំនឿដ៏ត្រឹមត្រូវក៏ដោយ ក៏ព្រះអង្គបានស្តីបន្ទោសពួកគេ ដោយសារពួកគេមិនបានប្រឈមមុខដាក់អ្នកដែលកំពុងប្រព្រឹត្តខុស ។
បើសាតាំងមិនអាចបង្កភាពចលាចលក្នុងពួកជំនុំ ដោយសារបញ្ហាប្រឈមពីខាងក្រៅទេ វានៅតែព្យាយាមធ្វើឲ្យជ្រួលច្របល់ ដោយបញ្ហាផ្ទៃក្នុងដែលមានការបន្ថែមបន្ថយ ។ ដូចនេះ ចូរយើងប្រុងប្រយ័ត្ន ។ យើងតែងតែងាយនឹងស្វែងរក «អ្នកដឹកនាំខាងវិញ្ញាណ» ដែលប្រាប់យើងឲ្យធ្វើតាមបំណងចិត្តរបស់យើង ។ នេះមិនមែនជាជំនឿគ្រីស្ទានពិតប្រាកដ ដែលមិនគ្រាន់តែជឿយ៉ាងត្រឹមត្រូវ តែក៏ប្រព្រឹត្តយ៉ាងសមរម្យ ដោយលើកដំកើងព្រះគ្រីស្ទ និងសេចក្តីបរិសុទ្ធ ។ ហើយការនៅស្ងៀម តែងតែងាយស្រួលជាងការប្រឈមមុខដោយបន្ទាបខ្លួន ដាក់មនុស្សក្នុងពួកជំនុំរបស់អ្នក ដែលចាត់ទុកបំណងចិត្តខ្លួនឯង ជាសំខាន់ជាងសេចក្តីបរិសុទ្ធ ។ ដូចនេះ ចូរសួរខ្លួនឯងថា តើមានដុំថ្មអ្វី ដែលអាចធ្វើឲ្យខ្ញុំជំពប់ដួល នៅតាមផ្លូវនៃការស្តាប់បង្គាប់ព្រះ ? តើមានថ្មជំពប់ដួលណាខ្លះ ដែលព្រះអម្ចាស់អាចកំពុងត្រាស់ហៅខ្ញុំឲ្យជួយប្រាប់អ្នកដទៃ ឲ្យបានដឹង ? សេចក្តីបរិសុទ្ធរបស់ពួកជំនុំ ក៏ដូចជាសេចក្តីបរិសុទ្ធរបស់យើង គឺជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ ។
ខគម្ពីរជញ្ជឹងគិត៖ យូដាស ១៧-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ១៩-២១ និង លូកា ២:២២-៥២